ពីនេះ ពីនោះ
វី​ធី​សាស្ត្រ​ទាំង១០ ដែល​ជួយ​កាត់បន្ថយ​បញ្ហា​តានតឹង«Stress»!
30, Apr 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 
សញ្ញា​ដែល​បង្ហាញថា អ្នកជា​មនុស្ស​មាន​អារម្មណ៍មិនល្អ​ឬ​មាន​ភាព​តានតឹង«Stress»ក្នុង​ចិត្ត គឺ​បង្ហាញ​តាមរយៈ​ការប្រើ​ពាក្យសម្តីខ្លាំងៗ ឬ​មិន​ចង់​និយាយ​ជាមួយ​នរណាម្នាក់ ហើយ​តែងតែ​ស្តីបន្ទោស​ខ្លួនឯង និង​គិតពី​រឿងនេះ រឿង​នោះ​ច្រើនពេក ឬក៏​បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់​ជាដើម។ មាន​វិធីសាស្ត្រ​មួយចំនួន​អាចជួយ​កាត់បន្ថយ​បញ្ហា​តានតឹង​ទាំងនេះ​បាន ដោយ​អ្នក​គ្រាន់តែ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ណាមួយ​ដែល​អ្នក​ចូលចិត្ត៖


១. លើកទឹកចិត្ត​ខ្លួនឯង៖ នៅពេល​មាន​បញ្ហា​ផ្លូវចិត្ត​នឹងធ្វើ​ឲ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ដូច្នេះ​អ្នក​ត្រូវតែ​ព្យាយាម​តស៊ូ តាំងចិត្ត​ឲ្យ​រឹងមាំ និង​ត្រូវ​គិត​បែប​វិជ្ជមាន​ដោយ​គិតថា អ្វីដែល​គេ​ធ្វើបាន អ្នក​ក៏​អាចធ្វើ​បានដែរ។ អ្នក​ត្រូវ​ចៀសវាង​នូវ​ការស្តីបន្ទោស​ឲ្យ​ខ្លួនឯង ការគិត​ឃើញតែ​បញ្ហា។ ល។

២. សមាធិ៖ នៅពេលដែល​អ្នកមាន​អារម្មណ៍មិនល្អ​ឬ​តានតឹង​ក្នុង​ចិត្ត អ្នក​គួរតែ​ធ្វើ​សមាធិ​ឲ្យ​បាន១០ទៅ១៥នាទី។ ការធ្វើ​សមា​ធី គឺ​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​ច្រើន ព្រោះ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និង​ធូរស្បើយ​ទៅតាម​ការដក​ដង្ហើមចេញ​ដកដង្ហើម​ចូល​នៅពេល​ធ្វើ​សមាធិ។

៣. ដើរ​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ៖ ដើរ​កម្សាន្ត​តាម​តំបន់​ធម្មជាតិ​ដែលមាន​ព្រៃព្រឹក្សា​ខៀវស្រងាត់ និង ពោរពេញ​ទៅដោយ​ខ្យល់​បរិសុទ្ធ និង​បរិយាកាស​ត្រជាក់​ល្អ។ វិធីសាស្ត្រ​មួយ​នេះ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ស្ងាត់​ល្អ និង​រសាត់​ទៅតាម​ខ្យល់​ទាំងនោះ។

៤.
លេង​កីឡា៖ ការលេង​កីឡា​ជា​វិធីសាស្ត្រ​មួយ​ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​នូវ​ទុក្ខ​កង្វល់​នៅក្នុង​ចិត្ត​ព្រោះ​អ្នក​គិតតែ​ពី​ការសប្បាយ និង​គិតតែ​ខំ​ប្រកួត។ ម្យ៉ាងទៀត អ្នក​អាច​បញ្ចេញ​ញើស និង​កំហឹង​នៅក្នុង​ចិត្តបាន​ទៀតផង។ បន្ទាប់ពី​លេង​កីឡា​ហើយ​ងូតទឹក​សម្អាត​ប្រាណ​រួច នោះ​អ្នក​នឹងមាន​អារម្មណ៍ល្អ និង​ធូរស្បើយ​នៅក្នុង​ចិត្ត។

៥.
ច្រៀង​ចម្រៀង៖ ការបញ្ចេញ​ភាព​តានតឹង​ឬ​អារម្មណ៍មិនល្អ​តាមរយៈ​ការ​ច្រៀង​ចម្រៀង ក៏​ជា​វិធី​ល្អ​ម្យ៉ាងដែរ។ អ្នក​ត្រូវ​ច្រៀង​ចម្រៀង​ណា​ដែល​អាចធ្វើ​ឲ្យ​អ្នក​បំបាត់​នូវ​ទុក្ខ​កង្វល់​ក្នុង​ចិត្ត​អ្នក​បាន ដូចជា​បទ​លើកទឹកចិត្ត​ខ្លួនឯង និង​បទ​ណា​ដែល​អាច​ស្រែក​បានខ្លាំងៗតាម​ចង្វាក់ភ្លេង។ វិធី​នេះ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្បើយ ព្រោះ​អ្នក​បាន​បញ្ចេញ​អារម្មណ៍មិនល្អ​និង​ទុក្ខ​កង្វល់​ទៅតាម​ចង្វាក់ភ្លេង។

៦. ជជែក​លេង​ជាមួយ​មិត្តភក្តិ៖ ការនិយាយ​រឿងរ៉ាវ និង​រៀបរាប់​ទុក្ខ​កង្វល់​ក្នុង​ចិត្ត​ប្រាប់​មិត្តភក្តិ នឹងធ្វើ​ឲ្យ​អស់​កង្វល់​នៅក្នុង​ចិត្ត។ វិធីសាស្ត្រ​មួយ​នេះ ពិតជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ព្រោះ​អ្នក​បាន​បញ្ចេញ​ភាព​តានតឹង​ទាំងនោះ​អស់ពី​ក្នុង​ចិត្ត​របស់​អ្នក។

៧. បញ្ចេញ​អារម្មណ៍​តាម​ហ្វេ​ស​ប៊ុ​ក៖ ហ្វេ​ស​ប៊ុ​ក​ជា​ឧបករណ៍​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បញ្ចេញ អារម្មណ៍​សប្បាយចិត្ត ឬ​មិន​សប្បាយចិត្ត​នៅលើ​បណ្តាញ​មួយ​នេះ។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​មិត្តភក្តិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នក​បានដឹង​ពីអ្វី​ដែល​អ្នក​បានបង្ហាញ។ ជាពិសេស មិត្ត​របស់​អ្នក​អាចរួមចំណែក​ជួយ​រំលែក​ទុក្ខ ផ្តល់​ជាគំនិតល្អៗ និង​ជួយ​លើកទឹកចិត្ត​អ្នកផង​ដែរ។

៨. តុបតែង​ខ្លួន​ឲ្យ​ប្លែក​ពី​ធម្មតា៖ ការតុបតែង​ខ្លួន​ឲ្យ​ប្លែក​ពី​ធម្មតា តាមរយៈ​ការ​ស្លៀកពាក់​ខោអាវថ្មីៗ ពណ៌ស្រស់ៗ និង​តុបតែង​ម៉ូដ​សក់ប្លែកៗ ក៏​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ផងដែរ។ វិធី​នេះ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និងប្លែកៗទៅតាម​ការតុបតែង​ខ្លួន​ប្រាណ​របស់​អ្នក។

៩. រក​ជំនួយ​ជា​គំនិត​មកជួយ​ដោះស្រាយ​បញ្ហា៖ នៅពេលដែល​អ្នកមាន​ប​ញ្ហា​តានតឹង​នៅក្នុង​ចិត្តខ្លាំង មិនអាច​ដោះស្រាយបាន​ដោយ​ខ្លួនឯង អ្នក​ត្រូវ​រក​ជំនួយ​ជា​គំនិត​ពី​បងប្អូន លោកគ្រូ​អ្នកគ្រូ និង​មិត្តភក្តិ​របស់​អ្នក ដើម្បី​ឲ្យ​ពួកគេ​ជួយ​ដោះស្រាយ​បញ្ហា​និង​ទុក្ខ​កង្វល់​នៅក្នុង​ចិត្ត។ វិធី​នេះ​កាន់​តែមាន​ប្រសិទ្ធភាព ព្រោះ​អ្នកទទួលបាន​នូវគំនិតល្អៗ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំងចិត្ត និង​ជំនឿ​លើ​ខ្លួនឯង​កាន់តែខ្លាំង។ 

១០. ធ្វើ​អ្វីដែល​អ្នក​ចូលចិត្ត​ធ្វើ៖ អ្នក​ត្រូវ​គិតថា​អ្វីដែល​ខ្លួនឯង​ចូលចិត្ត និង​ចង់​ធ្វើ ហើយ​គិតថា​វា​មាន​ប្រយោជន៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​ចិត្តបាន អ្នក​ត្រូវតែ​ធ្វើ​វា៕


© រក្សាសិទ្ធិដោយ thmeythmey.com