ជាតិ
Brian Ford ដើរ​ចម្ងាយ២៥០០គីឡូម៉ែត្រ​ដើម្បី​ជួយ​ដល់​យុវជន​​នៅ​កម្ពុជា នេ​ប៉ាល់ និង​តង់​ហ្សា​នី
30, Apr 2015 , 8:00 pm        
រូបភាព
ដោយ: រួបរួម
លោក Brian Ford អាយុ២២ឆ្នាំ​ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​សាលា Boston College បាន​ឈានដល់​គោលដៅ​របស់ខ្លួន​ក្នុង​យុទ្ធនាការ «Trek For Education» តាមរយៈ​ការដើរ​ដោយ​ថ្មើ​ជើង​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ២៥០០គីឡូម៉ែត្រ (១៥០០ម៉ា​យ) ដើម្បី​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា នេ​ប៉ាល់ និង​តង់​ហ្សា​នី។



ក្នុង​យុទ្ធនាការ​រយៈពេល៧៥ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ Brian Ford ដែលមាន​លំនៅដ្ឋាន​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ បានចាប់ផ្តើម​ដើរ​ថ្មើ​ជើង​ចេញពី​ភាគខាងត្បូង​ប្រទេស​វៀតណាម ឆ្លងកាត់​កម្ពុជា​និង​ឆ្ពោះទៅកាន់​ប្រទេស​ថៃ។ យុទ្ធនាការ​នេះ ទទួលបាន​ថវិកា​សប្បុរស២២ ២០០ដុល្លារ​អាមេរិក ពី​ម្ចាស់ជំនួយ​ចំនួន៨៨ សម្រាប់​ជួយ​ដល់​អង្គការ​អូស្ត្រាលី​The International Brothers and Sisters Houses ដើម្បី​ឧបត្ថម្ភ​បន្ត​ដល់​ការរៀនសូត្រ​របស់​កុមារ១៥នាក់​នៅ​កម្ពុជា នេ​ប៉ាល់ និង​តង់​ហ្សា​នី។

នៅ​កម្ពុជា Brian Ford នឹង​ជួយ​ដល់​សិស្ស​បីនាក់​ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ។ «សកម្មភាព​សប្បុរសធម៌​គឺជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​បំផុត​ក្នុង​ជីវិត» នេះ​ជាការ​បញ្ជាក់​របស់ Ford នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។

បច្ចុប្បន្ន Ford និង​មិត្តស្រី កំពុង​បំពេញការងារ​ស្ម័គ្រចិត្ត​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​រញ្ជួយ​ដី​នៅក្នុង​ប្រទេស​នេ​ប៉ាល់​ផងដែរ៕

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់ www.trekforeducation.com


© រក្សាសិទ្ធិដោយ thmeythmey.com