ជាតិ
មនុស្ស​ប្រមាណ១១.៧លាន​នាក់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក មាន​ជនរងគ្រោះ​ដោយសារ​ការជួញដូរ
01, May 2015 , 4:41 pm        
រូបភាព
 
ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ រួមមាន​កម្ពុជា ឡាវ ថៃ វៀតណាម ភូមា និង​ប្រទេស​ចិន បាន​អះអាង​ជាថ្មី ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុង​ដើម្បី​លុបបំបាត់​ការជួញដូរ​មនុស្ស​នៅក្នុង​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ។ ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៤ នៃ​ការសម្រួល​សម្រួល​គំនិត​ផ្តួចផ្តើម​ថ្នាក់​រដ្ឋមន្ត្រី​ប្រឆាំង​ការជួញដូរ​មនុស្ស ហៅ​កាត់​ថា ខម​មី​ត កាលពី​ថ្ងៃទី ៣០ខែមេសា។


តាមរយៈ​សេចក្តីប្រកាស​រួម​របស់​កិច្ចប្រជុំ​នេះ ក្រោម​ចំណងជើង​ថា«ការលុបបំបាត់​រាល់​ទ​ម្រ​ង់​ធ្វើ​អាជីវកម្ម ទិញ លក់ ចាប់ពង្រត់ បង្ខំ​ឲ្យ​រៀបការ និង​កេង​ប្រ​វ័​ញ្ញ​ធ្ងន់ធ្ងរ ដែល​ប្រាសចាក​ពី ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស» លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចកា​នារី បាន​មានប្រសាសន៍ថា៖«ការជួញដូរ​មនុស្ស​ជា​ឧក្រិដ្ឋកម្ម​ដ៏​យង់ឃ្នង ដូច្នេះ​យើង​ត្រូវ​ធានាថា​កិច្ច​អន្តរាគមន៍​ទាំងអស់​ត្រូវធ្វើឡើង​ដោយ​យកចិត្តទុកដាក់ និង​ផ្តល់​អាទិភាព​លើ​បញ្ហា​ជនរងគ្រោះ ព្រមទាំង​ការពារ​សិទ្ធិ​របស់​ពួកគេ»។

លោកស្រី​បន្តថា៖«ប្រទេស​ដែលជា​គោលដៅ​ទេសន្តរប្រវេសន៍​ត្រូវ​ធានា​នូវ​កិច្ច​គាំពារ និង​លក្ខខណ្ឌ​ការងារ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ទាំងនោះ ដើម្បី​ទប់ស្កាត់​ពី​ការ​កេង​ប្រ​វ័​ញ្ញ​ពលកម្ម ហើយ​ដើម្បី​ឲ្យ​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ប្រកបដោយ​ជោគជ័យ ក៏​ទាមទារ​ផងដែរ​ឲ្យ​មានការ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការវិនិយោគ​ក្នុងប្រទេស និង​តំបន់​ដែលជា​លំហូរ​ចេញ​នៅ​អំពើ​ជួញដូរ​មនុស្ស និង​ប្រសិទ្ធិភាព​នៃ​ការដាក់ទោស​ឧក្រិដ្ឋជន»។

អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​ប៉ាន់​ស្មានថា​មាន​មនុស្ស​ប្រហែល២០.៩លាន​នាក់​នៅ​ទូទាំង​ពិភពលោក គឺជា​ជនរងគ្រោះ​នៃ​ពលកម្ម​ដោយ​បង្ខំ និង​ការ​កេង​ប្រ​វ័​ញ្ញ​ផ្លូវភេទ ក្នុងនោះ​មាន​ស្ត្រី និង​ក្មេងស្រី៥៥ភាគរយ (១១.៤លាន​នាក់)  និង​កុមារ​ប្រមាណ២៥ភាគរយ (៥.៥លាន​នាក់) គឺជា​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស។

សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា អាស៊ី​ប៉ាស៊ីហ្វិក​មាន​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ច្រើនជាង​ពាក់កណ្តាល​នៃ​ជនរងគ្រោះ​នៅក្នុង​ពិភពលោក ដោយ​បច្ចុប្បន្ន​មាន​រហូតដល់​ទៅ១១.៧លាន​នាក់។ ក្នុងចំណោម​ជនរងគ្រោះ​រាប់លាន​នោះ មាន​ជនរងគ្រោះ​ដោយ​ការជួញដូរ​ធ្ងន់ធ្ងរ​បំផុត​គឺ​មកពី​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ។

ពលកម្ម​ដោយ​បង្ខំ​លើ​ទូក​នេសាទ និង​ឧស្សាហកម្ម​សមុទ្រ រោងចក្រ កសិកម្ម និង​ផ្នែក​សំណង់ ស្ត្រី និង​ក្មេងស្រី​មួយចំនួនធំ​ត្រូវគេ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ទាសភាព​ការងារ​តាម​ផ្ទះ ឬ​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការបង្ខំ​កុមារ​ឲ្យ​សុំទាន ការដកហូត និង​ការបាត់​ឱកាស​រស់នៅ​ដែ​គ្មាន​អំពើហិង្សា ព្រមទាំង​ការទទួលបាន​ប្រាក់កំរៃ​សមរម្យ សុទ្ធតែ ជា​រូបភាព​ជីវភាព​របស់​ជនរងគ្រោះ​ទាំងនោះ នៅ​ពីក្រោយ​ការជួញដូរ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល៕





© រក្សាសិទ្ធិដោយ thmeythmey.com