ជាតិ
របួស​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវការ​ពេល​ព្យាបាល​យ៉ាងតិច​មួយឆ្នាំ
05, May 2015 , 11:35 am        
រូបភាព
ក្រោយពី​ទទួលបាន​ការវះកាត់​ជា​លើក​ទី២ ត្រង់​បញ្ហា​ឆ្អឹង​កញ្ចឹងក​ដោយ​ជោគជ័យ​រួចមក អ្នក​ម្នាង អ៊ុក ផល្លា ត្រូវការ​រយៈពេល​យ៉ាងតិច​មួយឆ្នាំ ដើម្បី​សម្រាក​ព្យាបាល​បញ្ហា​ផ្នែក​របួស​ឲ្យ​បានជា​សះស្បើយ។ នេះ​បើតាម​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​អង្គារ​នេះ លោក ញ៉េប ប៊ុនជិន មានប្រសាសន៍ថា បញ្ហា​របួស​ត្រង់​ផ្នែក​កញ្ចឹងក​របស់​អ្នក​ម្នាង ផល្លា​នាពេលនេះ មិនទាន់​ងាក​កម្រើក​បាន​នោះទេ។ «សុខភាព​អ្នក​ម្នាង​បាន​ស្រួលបួល​ហើយ។ តែ​របួស​ត្រង់​កញ្ចឹងក ផ្នែក​ឆ្អឹង​បាន​វះកាត់​ជោគជ័យ ប៉ុន្ដែ​មិនទាន់​អាច​ងាក​បានទេ។ បើតាម​គ្រូពេទ្យ​របួស​អ្នក​ម្នាង ត្រូវការ​ពេល​យ៉ាងតិច​មួយឆ្នាំ ដើម្បី​បន្ដ​ព្យាបាល​របួស និង​ទាំង​បញ្ហា​ផ្លូវចិត្ត »។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ញ៉េប ប៊ុនជិន។

អ្នកនាំពាក្យ​រូបនេះ ក៏​មិនទាន់​អាច​បញ្ជាក់បាន​ថា ព្រះអង្គម្ចាស់ រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា នឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅពេលណា​ឡើយ។

គួរ​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី ២៥ មេសា​កន្លងទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com