ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី បកស្រាយ​ប្រាប់​លោក ហ៊ុន សែន ថា ឃ្លី​ប​វី​ឌី​អូ​ចាស់ គ្មាន​អត្ថន័យ​ទេ
06, May 2015 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បកស្រាយ​ចំពោះ​វី​ឌី​អូ​ឃ្លី​ប​របស់ខ្លួន ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា វី​ឌី​អូ​ឃ្លី​ប​នោះ​ជា​រឿង​ចាស់ គ្មាន​អត្ថន័យ​អ្វី​ទេ​សម្រាប់​បច្ចុប្បន្នកាល និង​អនាគត។ ហើយ​លោក ក៏​ស្នើ​ឲ្យ​លោក ហ៊ុន សែន កុំ​ចាប់អារម្មណ៍ និង​កុំ​ផ្ដល់​តម្លៃ​ចំពោះ​វី​ឌី​អូ​ឃ្លី​ប​នេះ។ ការបកស្រាយ​របស់លោក សម រង្ស៊ី នាពេលនេះ គឺធ្វើឡើង​ក្រោយពី​លោក ហ៊ុន សែន ចោទសួរ​លោក សម រង្ស៊ី ជុំវិញ​បញ្ហា​ដែល​រូបលោក បាន​បកស្រាយ​រិះគន់​រដ្ឋា​ភិ​បា​នៅក្នុង​វី​ឌី​អូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​បង្ហោះ​ក្នុង​បណ្ដាញ​ហ្វេ​ស​បុក កាលពី​ថ្ងៃទី ៤ ឧសភា ឆ្នាំ២០១៥ ។ លោក ហ៊ុន សែន សួរ​លោក សម រង្ស៊ី ឲ្យ​ពន្យល់​ចំពោះ​វី​ឌី​ឃ្លី​ប​រិះគន់​រដ្ឋាភិបាល​បង្ហោះ​ឡើងជា​ថ្មី ខណៈដែល​រូបលោក និង​លោក សម រង្ស៊ី ប្រកាសអនុវត្ត​វប្បធម៌​សន្ទនា​ជាមួយគ្នា។



យោងតាម​សារព័ត៌មាន​Fresh Newsលោក សម រង្ស៊ី មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «សូម​សម្តេច​កុំ​ផ្តល់​តម្លៃ​អ្វី​ចំពោះ​វី​ឌី​អូ​នេះ ដែល​បាន​ថត នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ នៅ​ប្រទេស​បារាំង ពីព្រោះ​វា​ជា​រឿង​ចាស់ ដែល​គ្មាន​អត្ថន័យ​អ្វី​ទេ​សម្រាប់​បច្ចុប្បន្នកាល និង​អនាគតកាល។ ពេលនោះ​បរិបទ​នយោបាយ ពិសេស​ណាស់ គឺមាន​បញ្ហា​ផ្ទៃក្នុង ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ខ្ញុំ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ថា​ចង់​ត្រូវ​រូ​វ​គ្នា តែ​ពីរ​នាក់​ជាមួយ​សម្តេច»។

លោក សម រង្ស៊ី បន្ដថា៖«ទើប​បន្ទាប់មក សម្តេច និង​រូបខ្ញុំ​បាន​បើក​ទំព័រ​ថ្មី​មួយ នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ នៅ​មន្ទីរ​ព្រឹទ្ធសភា។ នៅថ្ងៃនោះ សម្តេច និង រូបខ្ញុំ ដែល​ពី​អតីតកាល​ធ្លាប់ជា​គូប​ដិ​បក្ស យើង​បាន​ចាប់ដៃគ្នា ហើយ​បានក្លាយ​ទៅជា​សហ​ស្ថាបនិក​នៃ​វប្ប​ធ៌​ម​សន្ទនា។ តាំងពី​ថ្ងៃ​នោះមក ខ្ញុំ​បាន​គោរព​ជានិច្ច នូវ​ស្មារតី នៃ​វប្ប​ធ៌​ម​សន្ទនា​នេះ យ៉ាង​ស្មោះត្រង់​ឥតខ្ចោះ ហើយ​មានបំណង​គោរព​ស្មារតី នៃ​វប្ប​ធ៌​ម​សន្ទនា​នេះ ជា​រៀងរហូត»។
ចំពោះ​ការបកស្រាយ​នេះ​លោក សម រង្ស៊ី យល់ព្រម​ឲ្យ​មានការ​ចុះផ្សាយ​ជា​សាធារណៈ​ផងដែរ។

ការបកស្រាយ​របស់លោក សម រង្ស៊ី នេះ បាន​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​សរសេរ​សារ​ជា​ភាសា​ខ្មែរ ផ្ញើ​ទៅកាន់​លោក​សមរង្ស៊ី បន្ទាប់ពី​មាន​វិ​ឌី​អូ​ឃ្លី​ប​មួយ​របស់លោក​សមរង្ស៊ី បាន​ថ្លែង​រិះគន់​នាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពី​ឆ្នាំ២០១៤ត្រូវបាន​គេ​បង្ហោះ​ឡើងវិញ​តាម​គេហទំព័រ​ហ្វេ​ស​បុក កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥។

ចំពោះ​បញ្ហា​ដែល​នាំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរ​លោក សម រង្ស៊ី​នេះ គឺ​ដោយសារតែ​វី​ឌី​អូ​ឃ្លី​ប​ដែល​លោក សម រង្ស៊ី បាន​រិះគន់​លោក ហ៊ុន សែន កាលពី​ឆ្នាំ២០១៤កន្លងទៅ ត្រូវបាន​បង្ហោះ​ឡើង​ស្រប​ពេលដែល​លោក​សមរង្ស៊ី បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី៤ឧសភា ទៅកាន់​ប្រទេស​កាណាដា​និង​អាមេរិក​ដើម្បី​ជួប​ជាមួយ​សកម្មជន​អ្នកគាំទ្រ​របស់ខ្លួន រយៈពេល​មួយខែ ៕


© រក្សាសិទ្ធិដោយ thmeythmey.com