ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ឹម សួស្តី ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី
06, May 2015 , 5:24 pm        
រូបភាព
ដោយ:

 
ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន ៥ រូប ឲ្យ​មាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ។


បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៥ មន្ត្រីជាន់ខ្ពស់​គ.ជ.ប ទាំង ៥ រូបនោះ មានដូចជា លោក អ៊ឹម សួស្តី អតីត​ប្រធាន​គ.ជ.ប ត្រូវ​តែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី លោកស្រី ស៊ីន ជុំ​បូ អតីត​អនុប្រធាន​គ.ជ.ប តែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី លោក ហាវ៉ាណ ស៊ី​វិ​ល័យ លោក ស៊ិន ឌឹ​ម លោក សោ សុភ​រី អតីត​សមាជិក​គ.ជ.ប តែងតាំង​ទីប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា ពី​ឆ្នាំ១៩៩៨ ដល់ ឆ្នាំ ២០០២ លោក អ៊ឹម សួស្តី កាន់តំណែង​ជា​អគ្គលេខាធិការ​គ.ជ.ប ហើយ​ចាប់តាំងពី​ឆ្នាំ ២០០២ ដល់​ដើមខែ​មេសា ឆ្នាំ ២០១៥ លោក​កាន់តំណែង​ជា​ប្រធាន​គ.ជ.ប ។ រីឯ​អ្នកស្រី ស៊ិន ជុំ​បូ កាន់តំណែង​ជា​សមាជិក​គ.ជ.ប ពី​ឆ្នាំ ២០០២ ដល់ ២០០៦ ហើយ​ចាប់ពី​ឆ្នាំ ២០០៦ ដល់​ដើមខែ​មេសា ឆ្នាំ ២០១៥ ធ្វើជា​អនុប្រធាន​គ.ជ.ប ។

ចំណែក លោក ហាវ៉ាណ ស៊ី​វិ​ល័យ ធ្វើជា​សមាជិក​គ.ជ.ប ពី​ឆ្នាំ ២០០៦ ដល់​ដើមខែ​មេសា ឆ្នាំ ២០១៥ លោក ស៊ិន ឌឹ​ម ធ្វើជា​សមាជិក​គ.ជ.ប ពី​ឆ្នាំ ២០១២ ដល់​ដើមខែ​មេសា ឆ្នាំ ២០១៥ និង​លោក សោ សុភ​រី ធ្វើជា​សមាជិក​គ.ជ.ប ពី​ឆ្នាំ ២០០៨ ដល់​ដើមខែ​មេសា ឆ្នាំ ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com