ជាតិ
ស្ថានភាព​ជំងឺ៖ លោក ប៉ែន សុវណ្ណ នៅតែ​មិនទាន់​អាច​និយាយ និង​កម្រើកខ្លួន​បាន
07, May 2015 , 3:59 pm        
រូបភាព
រូបថតលោក ប៉ែន សុវណ្ណ ក្នុងពេលព្យាបាលនៅប្រទេសសិង្ហបុរី កាលពី​ពេល​កន្លង​ទៅ
រូបថតលោក ប៉ែន សុវណ្ណ ក្នុងពេលព្យាបាលនៅប្រទេសសិង្ហបុរី កាលពី​ពេល​កន្លង​ទៅ
ដោយ:
 
ស្ថានភាព​ជំងឺស្លាប់​មួយចំ​ហៀង​ខ្លួន​​របស់លោក លោក ប៉ែន សុវណ្ណ​ ក្រោយ​ព្យាបាល​អស់​រយៈពេល​​ជិត ៤ ខែ​មកនេះ នៅ​តែ​មិន​ទាន់​​ធូរស្រាល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ បច្ចុប្បន្ន​អ​តី​តនាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​រយៈពេល ៦ ខែ​រូបនេះ​នៅតែ​មិនទាន់​អាច​​និយាយ និង​កម្រើកខ្លួន​បាន​ដដែល ។ លោក បែន សុវណ្ណ កំពុងស្ថិត​នៅក្រោម​ការ​ថែទាំ​ពី​សំណាក់​កូនធម៌​របស់ខ្លួន ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តាកែវ ។ 



ជិត ៤ ខែ​មកហើយ ដែល​លោក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​ឆ្នាំ ១៩៨១ មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ចាប់តាំងពី​ថ្ងៃទី ១៩ មករា ឆ្នាំ ២០១៥ មក ។ ថ្វី​ដ្បិត​លោក ត្រូវគេ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ហើយ​សាច់ញាតិ​យកទៅ​មើលថែ​នៅ​ខេត្ត​កំណើត​របស់ខ្លួន​ពិតមែន តែ​មកដល់ពេលនេះ អាកា​រៈ​ជំងឺ​របស់​អ្នកនយោបាយ​មាន​វ័យ ៧៩ ឆ្នាំ រូបនេះ ហាក់​នៅ​មិនទាន់​ធូរស្បើយ​គួរ​ឲ្យ​ចាប់​អា​ម្មណ៍​នោះទេ ។

អ្នកថែរក្សា និង​ជា​កូនស្រី​ធម៌​លោក ប៉ែន សុវណ្ណ ផង​នោះ​ កញ្ញា ប៉ែន សុទ្ធា បាន​និយាយថា ស្ថានភាព​ជំងឺ​ឪពុកធម៌​របស់​នាង​មកដល់ពេលនេះ គ្រាន់តែ​អាច​ស្តាប់​យល់​ពីអ្វី​ដែល​គេ​និយាយ តែ​លោក​មិនអាច​និយាយ​បានទេ។ « ពេល​គាត់​ស្តាប់​យើង​បាន គាត់​ឲ្យ​សញ្ញា​ញញឹម​បន្តិច ។ គាត់​មិនអាច​និយាយ​បានទេ ។ ជើង​គាត់ ម្ខាង​អាច​កម្រើក​បាន តែ​ក្រៅពីនេះ មិនបាន​ទាំងអស់ ។ គាត់​មិនអាច​ហូប​ថ្នាំ​តាម​មាត់​បានទេ តែ​ខ្ញុំ​ត្រូវ​សុង​ថ្នាំពេទ្យ​ឬ​ថ្នាំ​ជំនួយ​តាម​ច្រមុះ ។ ពេលខ្លះ​ខ្ញុំ​អាចប​ញ្ចុ​ក​អាហារ​តាម​មាត់​គាត់​បាន​តិច​តូច » ។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា ប៉ែន សុទ្ធា ដែល​បាន​ហៅ​លោក ប៉ែន សុវណ្ណ ថា ឪពុក​តាំងពី​នាង​នៅ​ក្មេង​ពោលគឺ​ចាប់ពី​ឆ្នាំ ១៩៩២ មក ។

កូនស្រី​ធម៌​របស់លោក ប៉ែន សុវណ្ណ រូបនេះ បញ្ជាក់ថា សម្រាប់​ការចំណាយ​លើ​ការ​ទំនុក​បម្រុង​ដល់​ការព្យាបាល​ថែទាំ​ង​ជំងឺ​ឪពុក​ខ្លួន ភាគច្រើន​បានទទួល​ជំនួយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ ។ ជា​ងនេះ​ទៀត កញ្ញា បន្ថែមថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជួយ​ជ្រោមជ្រែង​ក្នុងការ​ផ្គត់ផ្គង់​ឪពុកធម៌​របស់ខ្លួន​ផងដែរ។ ប៉ែន សុទ្ធា​បរិយាយ​ដូច្នេះ​ថា ៖« លោក សម រង្ស៊ី និង​លោក កឹម សុខា លោក​ទាំងពីរ​ប្រាប់​ខ្ញុំ​ថា បើ​ខ្វះខាត​អ្វី ត្រូវ​ប្រាប់​ពូក​គាត់ ហើយ​ពួកគាត់​នឹង​ជួយ » ។

យ៉ាងណា​ក៏ដោយចុះ ពាក់ព័ន្ធ​នឹង​តំណែង​របស់ខ្លួន​វិញ ថ្វីដ្បិតតែ​ពេលនេះ​លោក ប៉ែន សុវណ្ណ មិនអាច​ដើរ និង​និយាយបាន​ក្តី ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដក​ឈ្មោះ​រូបលោក​ចេញពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​គណបក្ស​នេះដែរ។ ពីព្រោះ លោក ប៉ែន សុវណ្ណ ជា​មនុស្ស​មាន​គុណូបការៈ​ច្រើន​សម្រាប់​គណបក្ស ហើយ​ម្យ៉ាងទៀត​ពេលនេះ​រូបលោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ​កាលពីពេល​កន្លងទៅ ៕





© រក្សាសិទ្ធិដោយ thmeythmey.com