ជាតិ
អំណាច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ
12, May 2015 , 12:18 pm        
រូបភាព
មាត្រា២៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​ចែង​អំពី«អំណាច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ» មាន​ដូចតទៅ៖



មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បានទទួល​នីតិវិធីសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ធ្វើការ​ស៊ើបអង្កេត​បទ​ល្មើស​ពុករលួយ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បទ​ប្បញ្ញត្តិ​នៅក្នុង​នេះ។

មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បានទទួល​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌​មាន​ភារកិច្ច​ស៊ើបអង្កេត​បទល្មើស​ពុករ​លួ​យ។ ក្នុងករណី​ស៊ើបអង្កេត​បទល្មើស​ពុករ​លួ​យ ហើយ​រកឃើញ​បទល្មើស​ផ្សេងទៀត​ដែលមាន អង្គហេតុ​ទាក់ទិន​នឹង​បទល្មើស​ដែល​កំពុង​ស៊ើបអង្កេត មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាចធ្វើ​ការស៊ើបអង្កេត​ប​ទ​ល្មើស​ទាំងនោះ​រហូត​ចប់​នីតិវិធី។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនអាច​ចាប់ផ្តើម​ការស៊ើបអង្កេត​បទល្មើស​អ្វី​ក្រៅពី​បទល្មើស​ពុករលួយ​បានទេ លើកលែង​តែមាន​បញ្ជា​ពី​អាជ្ញាធរ​តុលាការ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​បទ​ល​ល្មើស​អ្វី​ក្រៅពី​បទល្មើស​ពុករលួយ។ តុលាការ​អាច​បញ្ជា​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើ​កោសល​វិច័យ​នានា​ដើម្បី​ជួយ​ដល់​ការវិនិច្ឆ័យ​របស់​តុលាការ។

នៅក្នុង​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​ទាំងនេះ និង​ដោយ​ប​ដិ​ប្បញ្ញត្តិ​ទៅនឹង​មាត្រា៨៥  (អំណាច​របស់​មន្ត្រីនគរបាល​យុត្តិធម៌​នៅក្នុង​ករណី​ស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង) មាត្រា៩១ (ការឆែកឆេរ) មាត្រា ៩៤ (បទបញ្ជា​ឲ្យ​ចូលខ្លួន​ក្នុងករណី​ការស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង) និង​មាត្រា ១១៤ (ការបញ្ជា​ឲ្យ​ចូលខ្លួន ការស៊ើបអង្កេត​បឋម) នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​តំណាង​ដែល​ខ្លួន​បាន​ចាត់តាំង​យ៉ាង​ត្រឹមត្រូវ មាន​តួនាទី​ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​បេសកកម្ម​របស់​មន្ត្រី​ទាំងនេះ ជំនួស​តួនាទី​របស់​ព្រះរាជអាជ្ញា​រហូតដល់​មានការ​ឃាត់ខ្លួន​ជនសង្ស័យ។

បន្ទាប់ពី​មានការ​ឃាត់ខ្លួន ព្រះរាជអាជ្ញា​អនុវត្ត​អំណាច​របស់ខ្លួន​ដូច​បានកំណត់​នៅក្នុង​បទ​ប្បញ្ញត្តិ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ។

នៅ​ចុងបញ្ចប់​នៃ​ការស៊ើបអង្កេតនីមួយៗ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវបញ្ជូន​រាល់​កិច្ច​នីតិវិធី​ទាំងអស់​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់ការ​បន្ត​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ៕



© រក្សាសិទ្ធិដោយ thmeythmey.com