ជាតិ
សង្គមជាតិ
អត្រា​យុវជន​សេព​គ្រឿង​ស្រវឹង​នៅ​កម្ពុជា កាន់តែ​ច្រើនឡើង
24, May 2015 , 10:00 am        
រូបភាព
នាពេល​បច្ចុប្បន្ន គេ​ឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដ៏​ច្រើន​លើសលុប​ជាពិសេស​ពលរដ្ឋ​ពេញវ័យ​រហូតដល់​ច្រើនជាង៥០% ក្នុងនោះ មាន​បុរស ៧០% និង​ស្ត្រី ២៣%ដែល​ទទួលទាន​គ្រឿង​ស្រវឹង ។ នេះ​បើតាម​លទ្ធផល​នៃ​ការស្ទង់មតិ​ប្រជាពលរដ្ឋ​ស្តីពី​គ្រឿង​ស្រវឹង ដែល​ធ្វើឡើង​ក្នុងអំឡុងពេល១២ខែ ក្នុង​ឆ្នាំ២០១៤ ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ការ​ទាំ​គ្រ​របស់​អង្គការ​សុខភាព​ពិភពលោក អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​ដៃគូ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​សាកល ។



ឥទ្ធិពល​នៃ​ការឃោសនា​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា មាន​ទូរទស្សន៍ វិទ្យុ​និង​បណ្តាញ​ទាក់ទង​សង្គមផ្សេងៗ ដូចជា​ហ្វេ​ស​ប៊ុ​ក យូ​ធូប ស្វិត​ធើ ព្រមទាំង​មធ្យោបាយ​ដទៃទៀត​ដូចជា​ការប្រគំ​តន្ត្រី​សាធារណៈ ទស្សនា​វ​ដ្តី កាសែត ផ្ទាំង​ប៉ា​ដូ និង​ផ្ទាំង​បដា​តាម​ដងផ្លូវ គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ ដែល​ជំរុញ​ឲ្យ​មាន​ចំនួន​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​នាពេល​បច្ចុប្បន្ន ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​គ្រឿង​ស្រវឹង និង​វិធានការ​កាត់បន្ថយ​ការប្រើប្រាស់ កញ្ញា ម៉ក់ ទេវិន្ទ ប្រធាន​គម្រោង អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​សង្កត់ធ្ងន់ថា មូលហេតុសំខាន់ៗដែល​បណ្តាល​ឲ្យ​ចំនួន​ប្រជាជន​ច្រើន​ទទួលទាន​គ្រឿង​ស្រវឹង គឺ​បណ្តាលមកពី​ការផ្សព្វផ្សាយ និង​ការ​ដាក់លក់​គ្រឿង​ស្រវឹង​តាម​គ្រប់​មធ្យោបាយ ហើយ​តម្លៃ​គ្រឿង​ស្រវឹង​ក៏​ថោក​ដែលជា​ហេតុ​នាំ​ឲ្យ​ប្រជាជន​អាចមាន​លទ្ធភាព​ច្រើន​ក្នុង​ការទិញ​គ្រឿង​ស្រវឹង។

លើសពីនេះទៅទៀត តំណាង​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត សុខ គង់ អនុប្រធាន​ការិយាល័យ​ជំងឺមិនឆ្លង នៃ​នាយកដ្ឋាន​ការពារ​សុខភាព អះអាងថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន គឺ​ដោយសារតែ ពួកគេ​មានឱកាស​ពិសារ​គ្រឿង​ស្រវឹង​ច្រើន ។ លោក​វេជ្ជបណ្ឌិត​រូបនេះ​បញ្ជាក់ថា៖ «ស្ទើរ​គ្រប់កន្លែង ស្ទើរ​គ្រប់ពេល មាន​លក់​គ្រឿង​ស្រវឹង ហើយ​ប្រជាពលរដ្ឋ​យើង​ស្ទើរ​គ្រប់​វ័យ​អាច​ពិសា​រគ្រឿង​ស្រវឹង» ។ លោក​បន្ថែមទៀតថា វប្បធម៌ និង​ផ្នត់គំនិត​ក្នុងសង្គម​ខ្មែរ​យើង ក៏​ជាហេតុ​បណ្តាល​ឲ្យ​កើនឡើង​នូវ​ចំនួន​អ្នក​ពិសា​គ្រឿង​ស្រវឹង​ដែរ ។ អ្នកខ្លះ​មិនចេះ​ផឹកស្រា ត្រូវបាន​គេ​សើចចំអក​ឡកឡឺយ ថា​មិនមែនជា​កូនប្រុស ឬក៏​ថា​មិន​ចង់​រាប់អាន​គេ​ជា​មិត្ត ជា​សាច់ញាតិ​ទើប​មិន​ញ៉ាំ​ស្រា​ជាមួយ​គេ ហេតុនេះ អ្នក​មិនដែល​ញ៉ាំ​ស្រា ត្រូវ​បង្ខំ​ញ៉ាំ​ទាំង​ខ្លួនឯង​មិនចេះ រហូតដល់​ចេះ។

ទាក់ទង​នឹង​ការកើនឡើង​នូវ​ចំនួន​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ពន្យល់ថា ដើម្បី​កាត់បន្ថយ​នូវ​ការប្រើប្រាស់​គ្រឿង​ស្រវឹង អង្គការ​សុខភាព​ពិភពលោក​បានដាក់​ចេញ​នូវ​វិធាន​ដ៏​មាន​ប្រសិទ្ធភាព៤យ៉ាង ។លោក មុំ គង់ បញ្ជាក់​ពី​វិធានការណ៍​ទាំង ៤ នោះ​យ៉ាងនេះ​ថា៖ « ១. ហាមប្រាម​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូចជា​ទូរទស្សន៍ វិទ្យុ​ជាដើម ។ ២. ដំឡើង​ព័ន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង ដែលជា​ហេតុ​ឲ្យ​កាត់បន្ថយ​ការនាំ​ចូល​នូវ​គ្រឿង​ស្រវឹង ហើយក៏​អាច​កាត់បន្ថយ​ចំនួន​អ្នកប្រើប្រាស់ ម្យ៉ាងទៀត​រដ្ឋ​ក៏​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ផងដែរ៣. កំហិត​ការលក់​គ្រឿង​ស្រវឹង មានន័យថា កន្លែង​ប្រភេទ​ណា និង​ពេលណា ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​លក់ និង​មិន​អនុញ្ញាត​ឲ្យ​លក់៤. កំណត់​អាយុ​ក្នុងការ​ទទួលទាន​គ្រឿង​ស្រវឹង និង​ហាមប្រាម​អ្នកលក់​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​ដល់​កុមារ » ៕




© រក្សាសិទ្ធិដោយ thmeythmey.com