ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម ស្តាប់ការ​ផ្តល់​សក្ខីកម្ម​ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ទំនប់​
19, May 2015 , 12:41 pm        
រូបភាព
អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង០០២/០២ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក នួន ជា និង លោក ខៀវ សំផន។



អង្គជំនុំជម្រះ​សាលាដំបូង នឹងធ្វើ​សវនាការ​ដែល​ផ្តោតទៅលើ​ការដ្ឋាន​ការងារ​ចំនួន​បី គឺ​ទំនប់១មករា ក្នុង​ខេត្តកំពង់ធំ ការដ្ឋាន​ព្រលានយន្តហោះ​ខេត្តកំពង់ឆ្នាំង និង​ទំនប់​ត្រពាំងថ្ម។

បើតាម​អ្នក​ពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក នេត្រ ភក្ត្រា អង្គជំនុំជម្រះ នឹង​រៀបចំ​ស្តាប់​ការផ្តល់​សក្ខីកម្ម​ពី​ដើម​បណ្តឹងរដ្ឋប្បវេណី និង​សាក្សី​ចំនួន១០រូប សម្រាប់​អង្គហេតុ​ទាក់ទង នឹង​ការដ្ឋាន​ការងារ​ទំនប់១មករា នៅក្នុង​ខេត្តកំពង់ធំ។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ទៀតថា សាក្សី​ទី១ ដែល​ត្រូវបាន​កោះហៅ​មក​ផ្តល់​សាក្សី​កម្ម នៅថ្ងៃនេះ គឺ​លោក ឱ ហូ អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​បានធ្វើការ​នៅ​នៅ​តំបន់​នោះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១៨ឧសភា​ម្សិលមិញ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា ការ​កម្ពុជា ក៏បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​មួយរូប​ដែរ គឺ​អ្នកស្រី វង សារុន។ អ្នកស្រី​ជា​បុគ្គលិក​បម្រើការ នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលមាន​ស្វាមី​ជា​គ្រូពេទ្យ​ផ្នែក វះកាត់​នៅ​មន្ទីរពេទ្យ ម២២ ក្នុងស្រុក​ត្រាំកក់។ អ្នកស្រី និង​ស្វាមី ព្រមទាំង​កូន​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនមក​ឃុំខ្លួន​នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។ មួយ​សបា្តហ៍​ក្រោយមក ប្តី​របស់​អ្នកស្រី​ត្រូវបាន​ក្រុមខ្មែរក្រហម​សម្លាប់ ហើយ​អ្នកស្រី​ត្រូវ​បន្ត​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​ក្រាំង​តា​ចាន់។

សវនាការ​លើ​អង្គហេតុ​ថ្មី​ក្នុង​វគ្គ​ទី២នៃ​សំណុំរឿង០០២/០២នេះ ធ្វើឡើង​បន្ទាប់ពី​អង្គជំនុំជម្រះ​សាលាដំបូង បានបញ្ចប់​សវនាការ​វគ្គ​ទី១ លើ​អង្គហេតុ​សហករណ៍​ត្រាំកក់ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។  អង្គជំនុំជម្រះ​សាលាដំបូង​បាន​​បើក​សវន​ការ​រយៈពេល៥១ថ្ងៃ ពោលគឺ​ចាប់​តាំង​ពី​ថ្ងៃទី​៨ខែ​មករា រហូត​ដល់​ថ្ងៃទី​១៩​ខែឧសភានេះ និង​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី អ្នកជំនាញ និង​ដើម បណ្តឹងរដ្ឋប្បវេណី​ចំនួន៣៧រូប ក្នុងនោះ​សាក្សី ១៨រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន១៨រូប និង​អ្នកជំនាញ១រូប៕





© រក្សាសិទ្ធិដោយ thmeythmey.com