ជាតិ
បទវិភាគ
អន្តរជាតិ
អាស៊ាន៖ តើ​គួរ​បន្ទោស​អ្នកណា ជុំវិញ​វិបត្តិ​ជនភៀសខ្លួន?
19, May 2015 , 9:19 pm        
រូបភាព
អាស៊ាន​កំពុង​អាម៉ាសមុខ និង​រង​ការរិះគន់​ដោយសារ​មិនអាច​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​បាន​ពេល​បច្ចុប្បន្ននេះ។ សមាជិក​អាស៊ាន​មួយចំនួន​រុញ​ដាក់គ្នា​ឲ្យ​ទទួលយក​ជនភៀសខ្លួន ហើយ​ប្រទេស​មួយចំនួន​រង​ការរិះគន់ខ្លាំងៗពី​សហគមន៍​អន្តរជាតិ​ផង។ យ៉ាងណាក៏ដោយ បញ្ហា​ជនភៀសខ្លួន​នេះ​មិនមែនជា​រឿង​ថ្មី​សម្រាប់​អាស៊ាន​ឡើយ តែ​រដ្ឋ​សមាជិក​អាស៊ាន​ដែល​ដឹង​ពី​រឹសគល់​នៃ​បញ្ហា​នោះ​បន្ត​ខ្ទប់​ទុក​បញ្ហា​នេះ​ដោយ​អាស៊ាន​មាន​ទម្លាប់​ទុក​មុខ​ទុក​មាត់​ឲ្យ​គ្នា។ ម្យ៉ាង​មី​យ៉ាន់​ម៉ា​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ច្រើនជាងគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​អាស៊ាន​ទាំងមូល ព្រោះ​គោលនយោបាយ​រដ្ឋាភិបាល​នេះ​ចំពោះ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាដើម​ហេតុ​នៃ​ការរត់​ភៀសខ្លួន។ ព្រោះ​បញ្ហា​ប្រឈម​ក្នុងសង្គម ការរើសអើង ការបិទ​សិទ្ធិសេរីភាព​រង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត​និង​ផ្លូវកាយ​ផង ជនជាតិ​រ៉ូ​ហ៊ី​យ៉ាប​ង្ខំ​ចិត្ត​រត់​ភៀសខ្លួន​តាម​ទូក​ដើម្បី​ផ្សងព្រេង​មកកាន់​ទឹកដី​ថ្មី ដើម្បី​កសាង​ជីវភាព ប​ន្តែ​ពួកគេ​តែង​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​ឈ្មួញ​ទុច្ចរិត និង​ប្រឈមមុខ​គ្រោះថ្នាក់។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



 ការ​ផ្សងព្រេង​តាម​ទូក​ឬ​កប៉ាល់​ទៅកាន់​ប្រទេស​ផ្សេងទៀត របស់​ប្រជាជន​ដែល​រង​ទុក្ខលំបាក​វេទនា​ដោយ​ភ្លើងសង្គ្រាម ការ​ធ្វើទុក្ខបុកម្នេញ ឬ រងគ្រោះ​ដោយសារ​ភាពក្រីក្រ កំពុង​ក្លាយជា​រឿង​ស្មុ​គ្រ​ស្មាញ និង​ពិបាក​ដោះស្រាយ​បំផុត​សម្រាប់​សហគមន៍​អន្តរជាតិ។  ដោយសារ​ចង់​សាង​ជីវិត​ថ្មី ប្រជាជន​រាប់ពាន់នាក់​បន្ត​ប្តូរជីវិត​តាម​ទូកតូចៗ កាត់​សមុទ្រ កាត់​ព្យុះភ្លៀង គ្មាន​ស្បៀងអាហារ ពេលខ្លះ​លិច​ទូក​ស្លាប់​រាប់រយ​នាក់​ផង​ក៏មាន។ រឿង​ដែល​គេ​ឃើញ​ញឹកញយ ប្រជាជន​ជាច្រើន​បន្ត​ភៀសខ្លួន​ពី​អាហ្វ្រិក មជ្ឈិមបូព៌ា ជាពិសេស​ពី​ប្រទេស​ញាំញី​ដោយ​សង្គ្រាម ជម្លោះ​ប្រដាប់អាវុធ​ទៅ កាន់​អឺរ៉ុប​ផង ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​អឺរ៉ុប​ឈឺក្បាល​មិន​លែង​ឡើយ។ ប៉ុន្តែ​ពេលនេះ​វិបត្តិ​ជនភៀសខ្លួន​បាន​ក្លាយជា​ប្រធានបទ​ក្តៅ និង​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​អាស៊ាន​ម្តង។ នោះ​គឺ​ជនភៀសខ្លួន​ចាកចេញ​ពី​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ាប​ន្ត​ចុះទូក​តាម​ឈ្មួញ ដោយ​កកកុញ​គ្នា​តាម​ទូក​ស្វះ​ស្វែងរក​សិទ្ធិ​ជ្រោក​កោន និង​បន្ត​នៅ​អណ្តែត​តែលតោល​កណ្តាល​សមុទ្ររ​ង់​ចាំ​សេចក្តីស្លាប់។ បើ​គ្មាន​ដំណោះស្រាយ​ទាន់ពេល គ្រោះមហន្តរាយ​មនុស្សជាតិ​នឹង​កើតមានឡើង​ចៀស​មិន​ផុត។ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ ជា​ប្រទេស​ដែល​រង​ការរិះគន់​ខ្លាំងជាងគេ ដោយសារ​ស្ទាក់ស្ទើ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ឥណ្ឌូនេស៊ី មិន​អាចធ្វើ​មិនដឹងមិនលឺ​បានឡើយ បើទោះជា​មិនមែនជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ក៏ដោយ។

១.ជនភៀសខ្លួន​មិនមែន​រឿង​ថ្មី តែ​អាស៊ាន​ព្យាយាម​ខ្ទប់​រឿង​ទុក រហូត​រឿង​កាន់តែ​ធំ
ជុំវិញ​បញ្ហា​ជនភៀសខ្លួន​នេះ គ្រប់គ្នា​ដឹង​ស្រាប់​ហើយ​ថា វា​មិនមែនជា​រឿង​ថ្មី ជាពិសេស​ការ​ចំណាកស្រុក​របស់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​មី​យ៉ាន់​ម៉ា។ រ៉ូ​ហ៊ីង​យ៉ា​ដែល​គេ​ស្គាល់​ថា​ជា​ប្រជាជន​ដែល​រស់នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​នោះ បន្ត​រត់គេចខ្លួន​ឲ្យ​ផុតពី​គ្រោះថ្នាក់​និង​ការរើសអើង​ពី​សំណាក់​សហគមន៍​អ្នក​កាន់សាសនា​ព្រះពុទ្ធ​នៅ​មី​យ៉ាន់​ម៉ា​ផង។  សូម​រំលឹក​បន្តិច រឿងរ៉ាវ​ជនភៀសខ្លួន​នេះ​ក្លាយជា​រឿង​ធំ ក្រោយ​ពេលដែល​រដ្ឋាភិបាល​យោធា​ថៃ​ចាប់ផ្តើម​បង្ក្រាប​ការជួញដូរ​មនុស្ស​តាម​ទូក​ប៉ុណ្ណោះ ។ ដែល​នេះ​បញ្ជាក់ថា ពីមុនៗ ការជួញដូរ​ជនភៀសខ្លួន​នេះ​ទៅធ្វើជា​ទាសករ ឬ​បម្រើ​កម្លាំង​ពលកម្ម​ផ្សេងទៀត គ្មាន​អ្នក​បង្ក្រាប​ឡើយ ដ្បិត​ភាគី​ពាក់ព័ន្ធ​ក៏បាន​ទទួល​ប្រយោជន៍​ពី​បញ្ហា​នេះដែរ។ ហើយ​ម្យ៉ាងទៀត​សមាជិក​អាស៊ាន​ទាំងអស់​មិនមែន​មិនដឹង​ឯណា​ពី​បញ្ហា​នៅ​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា  ប៉ុន្តែ​កាល​មុន​រាល់​កិច្ចប្រជុំ​ថ្នាក់​តំបន់​សមាជិក​អាស៊ាន​មាន​ទាំង​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ផង​នោះ​មិន​ហ៊ាន​មាត់ក ឬ​លើកយក​បញ្ហា​ជនភៀសខ្លួន​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ឡើយ ដោយសារ​មី​យ៉ាន់​ម៉ា​សំណូមពរ​ឲ្យ​បិទ​រឿងនេះ​ទុក។ ឲ្យ​តែ​និយាយ​ពាក់ព័ន្ធ​រឿង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មី​យ៉ាន់​ម៉ា​ច្រឡោតតោតតូង ហើយ​កុំ​សង្ឃឹមថា មី​យ៉ាន់​ម៉ា​ព្រម​ពិភាក្សា​ជាមួយ​ឲ្យ​សោះ។ ណាមួយ​អាស៊ាន​មាន​ទម្លាប់​ទុក​មុខ​ទុក​មាត់​ឲ្យ​គ្នា និង​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ជា​សមាជិក​ផង ទើបបានជា​សំណុំ​រឿងនេះ​ត្រូវគេ​ខ្ទប់​ទុក​រហូតដល់​វា​ក្លាយជា​វិបត្តិ​បច្ចុប្បន្ន។

២.អាស៊ាន​ត្រូវ​ទប់ស្កាត់​គ្រោះមហន្តរាយ​មនុស្សជាតិ​សិន មុន​រក​ដំណោះស្រាយ​ផ្សេងទៀត
តាមពិតទៅ​វា​ជា​រឿង​មិនអាច​ប្រកែក​បានឡើយ ដែល​ការទទួល​ឲ្យ​ជនភៀសខ្លួន​ស្នាក់នៅ​ជា​បន្ទុក​ធ្ងន់ធ្ងរ។ បន្ទុក​ធ្ងន់​មាន​តាំងពី​បញ្ហា​សន្តិសុខ បញ្ហា​ហិរញ្ញវត្ថុ និង​បញ្ហា​ប្រឈម​ផ្សេងទៀត​ផ្នែក​សង្គម។ បើ​និយាយ​ពី​លុយកាក់​ត្រូវ​ប្រើប្រាស់​ជួយ​គាំទ្រ​ក្រុម​ជនភៀសខ្លួន វា​ប្រាក​ជា​បញ្ហា​ធំ​ដែល​សមាជិក​អាស៊ាន​នី​យមួយៗ មិន​មាត់​មិន​ក​ជុំវិញ​បញ្ហា​នេះ។ ដូច​ឥណ្ឌូនេស៊ី​ចិញ្ចឹម​រាស្ត្រ​ច្រើនរហូតដល់ជាង២០០លាន​នាក់មិនចង់រស់ផង ហើយ​បើ​មើ​ម៉ាឡេស៊ី​ទទួល​ជនភៀសខ្លួន​ជាង១២ម៉ឺន​នាក់​ពី​មី​យ៉ាន់​ម៉ា​រួចហើយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ជីវិត​ក្រុម​ជនភៀសខ្លួន​ដែល​រង​ការគំរាមកំហែង​នោះ​ជា​រឿង​ដែល​អាស៊ាន​ត្រូវ​យកចិត្តទុកដាក់​ចម្ប​ង មុននឹង​នាំគ្នា​រក​ដំណោះស្រាយ​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​ចំនួន​នៃ​ជនភៀសខ្លួន និង​កំណត់​ពី​វិធានការ​ផ្សេងទៀត​ដែល​ជួយ​ឲ្យ​ការរត់​ភៀសខ្លួន​ថយចុះ ។ រហូតមកទល់​បច្ចុប្បន្ន​នេះ ក្រុម​ជនភៀសខ្លួន​ប្រឈម​កង្វះ​ស្បៀង កាប់​ចាក់​គ្នា ដើម្បី​រស់ និង​បន្ត​តែលតោល​រសាត់​អ​ណ្តែ​តគ្មា​ន​ទិសដៅ​កណ្តាល​មហាសមុទ្រ​នោះ។ បើ​គ្មាន​ដោះស្រាយ​ជាបឋម​ទេ ប្រាកដ​ណាស់​ថា​សោកនាដកម្ម​នឹង​កើតឡើង។

៣. វិបត្តិ​ជនភៀសខ្លួន​ត្រូវ​ដោះស្រាយ​រួមគ្នា​តែ​មី​យ៉ាន់​ម៉ា​ជា​តួអង្គ​សំខាន់
ជា​រឿង​មិនអាច​ចៀសផុត​ឡើយ ដែល​មី​យ៉ាន់​ម៉ា ត្រូវ​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​តំបន់​នេះ ព្រោះ​រឹសគល់​នៃ​បញ្ហា​គឺ​គោលនយោបាយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ប្រើប្រាស់​ចំពោះ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះ។ បញ្ហា​ចម្បង​ដែល​ជំរុញ​ចលនា​ភៀសខ្លួន​នេះ ព្រោះ​គោលនយោបាយ​រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​ដើរហើរ មិន​ឲ្យ​ជនជាតិ​នេះ​មាន​សិទ្ធិ​ធ្វើ​ការងារ ហើយ​ពួកគេ​រង​ការរើសអើង​ផ្នែក​សាសនា គ្មាន​សិទ្ធិ​មានកូន​លើសពី១ រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ សហគមន៍​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ជាដើម។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​មិនមែនជា​ជន​ចំណូលស្រុក​ថ្មី​ឡើយ តែ​បានរស់នៅ​ទឹក​មី​យ៉ាន់​ម៉ា​រដ្ឋ​រ៉ា​ក់​ឃី​ន​តាំងពី​សតវត្ស​ទី១៤មកម្ល៉េះ។

ប៉ុន្តែ​បញ្ហា​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា វា​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ក្នុងសង្គម​មី​យ៉ាន់​ម៉ា ដោយ​ប្រជាជន​ភាគច្រើន​ចាត់ទុក​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នេះ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​បង់​ក្លេ​ដែ​ស ហើយ​ប្រជាជន​មី​យ៉ាន់​ម៉ា​អះអាងថា ក្រុម​នេះ​បង្កបញ្ហា​ដល់​សង្គម​មី​យ៉ាន់​ម៉ា ព្យាយាម​គ្រប់គ្រង​ទឹកដី​រដ្ឋ​រ៉ា​ក់​ឃី​ន និង​ធ្វើ​ឥស្លាម​នីយកម្ម​នៅពេល​ខាងមុខ។ ផ្នត់គំនិត​នេះហើយ​ជំរុញ​ឲ្យ​ភាព​រើសអើង ជម្លោះសាសនា និង​ការ​ធ្វើទុក្ខបុកម្នេញ​ក្រុម​ប្រជា​ជននេះ​កើតឡើង៕





© រក្សាសិទ្ធិដោយ thmeythmey.com