ជាតិ
បទវិភាគ
សីលធម៌​គ្រូពេទ្យ នៅតែ​ជា​ក្តីកង្វល់​របស់​អ្នកជំងឺ​ក្រីក្រ!
21, Jun 2015 , 9:00 pm        
រូបភាព
ដោយ:

ជា​ញឹកញាប់​គេ​តែងតែ​ឮ​ពាក្យ​ត្អូញត្អែរ​របស់​ប្រជាជន អំពី​ទង្វើ​អសីលធម៌​របស់​ក្រុមគ្រូពេទ្យ​ខ្មែរ​មួយចំនួន នៅពេលដែល​ពួកគេ​ទៅរក​សេវា​ព្យាបាល​សុខភាព​របស់​រដ្ឋ។ ទង្វើ​ទាំងអស់នោះ​មានដូចជា ការនិយាយស្តី​ជាមួយ​អ្នកជំងឺ​ដោយ​ពាក្យសម្តី​មិន​សមរម្យ ការរើសអើង​អ្នកជំងឺ និង​ការ​យកលុយ​ជាធំ ជាដើម ។ សកម្មភាព​ទាំងនេះ សុទ្ធតែ​ផ្ទុយ​នឹង​ក្រមសីលធម៌​របស់​គ្រូពេទ្យ ដែល​គ្រោះថ្នាក់​សម្រាប់​សង្គម និង​ប្រជាជន តម្រូវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​ដោះស្រាយ​ជាបន្ទាន់។


សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ!



សមត្ថភាព​នៅមានកំរិត​របស់​ក្រុមគ្រូពេទ្យ​ខ្មែរ កង្វះ​បច្ចេកទេស និង​សម្ភារ​ព្យាបាល​ជា​រឿង​មួយ ដែល​ប្រជាជន​ខ្មែរ​យល់ថា វា​ជា​ហេតុផល​សមរម្យ អាច​ទទួលយកបាន ។ ក៏ប៉ុន្តែ​ទន្ទឹមនឹង​ខ្វះខាត​នៅ​បញ្ហា​នេះហើយ ក្រុមគ្រូពេទ្យ​ខ្មែរ​មួយចំនួន នៅតែ​បង្កើត​បញ្ហា​ជាន់​លើ​បញ្ហា ដែល​ប្រាសចាក​ពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់ខ្លួន និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស។ ស្ទើរ​រាល់ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​ពលរដ្ឋ​ដែល​ក្រីក្រ ដែលមាន​ជំងឺ ហើយ​ទៅរក​សេវា​ព្យាបាល​របស់​រដ្ឋ តែងតែ​ត្អូញត្អែរ​ពី​ទុក្ខលំបាក និង​រិះគន់​សកម្ម​ភាពមិន​ស​ម​រម្យ​របស់​ក្រុមគ្រូពេទ្យ​មកលើ​ពួកគេ ។

បញ្ហា​ក្នុង​វិស័យ​សុខាភិបាល​របស់​រដ្ឋ ដែលជា​ក្តីកង្វល់​របស់​ពលរដ្ឋ​បច្ចុប្បន្ន​មាន​ជាអាទិ៍ ៖ បញ្ហា ប្រើប្រាស់​ពាក្យសម្តី និង​អាកប្ប​កិរ​យារ​បស់​គ្រូពេទ្យ​មិន​សមរម្យ​ចំពោះ​អ្នកជំងឺ ជាពិសេស​គឺ​អ្នកជំងឺ​ដែល​ក្រីក្រ។ នៅ​ចំពោះមុខ​អ្នកជំងឺ​ដែល​ក្រីក្រ គ្រូពេទ្យ​មួយចំនួន សម្លុត​អ្នកជំងឺ ប្រមាថ​អ្នកជំងឺ ដែល​ធ្វើ​ឲ្យ​ពួកគេ​រងគ្រោះ​ពីរដង ពោលគឺ​រងគ្រោះ​ដោយសារ​ជំងឺ​ផង និង​រងគ្រោះ​ផ្នែក​ផ្លូវចិត្ត​ដោយសារ​សម្តី​របស់​គ្រូពេទ្យ​ផង ។ ជាមួយគ្នានេះ បញ្ហា​យកប្រាក់​ជា​ត្រីមុខ ពោល​នៅក្នុង​ភ្នែក​របស់​គ្រូពេទ្យ​ខ្លះ​ពោរពេញ​ដោយ​ទឹក​លុយ។ភារកិច្ច ក្រមសីលធម៌ និង​វិជ្ជាជីវៈ ពាក្យសម្បថ  ត្រូវ​បំភ្លេចចោល​ទាំងស្រុង ដោយសារតែ​ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ។

ពេលខ្លះ​បើទោះបីជា​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ទទួល​ការព្យាបាល​ជាបន្ទាន់ តែ​គ្រូពេទ្យ​មិន​ព្យាបាល​ឡើយ ប្រសិនបើ​អ្នកជំងឺ​មិនបាន​បង់លុយ​មុន​ទេនោះ ។ កន្លងមក​មាន​អ្នកជំងឺ​មិនតិច​ទេ ដែល​ស្លាប់​ដោយសារ​ជួប​ស្ថានការណ៍​បែបនេះ។ លើសពីនេះ កង្វះ​វប្បធម៌​ទទួលខុសត្រូវ​របស់​គ្រូពេទ្យ និង​បញ្ហា​និ​ទណ្ឌ​ភាព​កង្វះ​ចំណាត់ការ​ម៉ឺងម៉ាត់​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៅក្នុង​វិស័យនេះ ក៏​ជា​បញ្ហា​ដ៏​រសើប​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ដែរ  ។

នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងសុខាភិបាល គួរ​ប្រញាប់ប្រញាល​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​បង្កើន​ក្តីសង្ឃឹម​ដល់​ប្រជាជន​ខ្មែរ ពីព្រោះ​បញ្ហា​ទាំងនេះ មិនមែន​ទើបតែ​កើតមាន​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​នោះទេ វា​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​យូរ​មកហើយ ដែល​ប្រជាជន​តែងតែ​ជួបប្រទះ ។ វិធានការក្តៅៗមួយចំនួន ដែល​ក្រសួងសុខាភិបាល គួរ​ធ្វើ​នោះ​មានដូចជា ពង្រឹង​ការដាក់ទណ្ឌកម្ម​ឲ្យ​បានជា​ក់លាក់ នៅពេលដែល​ក្រសួង​រកឃើញថា គ្រូពេទ្យ ឬ​មន្ទីរពេទ្យ​ណា បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​លើ​អ្នកជំងឺ ដែល​មិន​គោរព​ទៅតាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ក្នុងនាម​ជា​គ្រូពេទ្យ ។ ក្រសួងសុខាភិបាល ត្រូវ​តាមដាន​សកម្មភាព​រប​ស់​គ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ ជាពិសេស​គឺ​មន្ទីរពេទ្យ​រដ្ឋ​ឲ្យ​មាន​តម្លាភាព​ពិតប្រាកដ គឺ​មិនមែន​ឃើញ​បញ្ហា​កើតឡើង​ហើយ ក៏​ក្រសួង​នៅតែ​មិនមាន​ចំណាត់ការ ដោយសារ​មន្ត្រី​ខិលខូច​ប្រព្រឹត្ត​អំពើពុករលួយ​ជួយ​លាក់បាំង​កំហុស។ និយាយ​ឲ្យ​ខ្លី​ទៅ បញ្ហា​ទាំងអស់នេះ​អាច​ដោះស្រាយបាន​ឬ​មិនបាន​វា​អាស្រ័យទៅលើ​ឆន្ទៈ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល ម៉ម ប៊ុនហេង ប៉ុណ្ណោះ ។

ក្រៅពី​វិធានការ​របស់​ក្រសួង គ្រូពេទ្យ​ខ្លួនឯង ដែល​បំពេញភារកិច្ច​ក្នុង​វិជ្ជាជីវៈ​នេះ គួរតែមាន​មនសិការ និង​គុណធម៌​ក្នុង​ខ្លួន ស្របតាម​ក្រមសីលធម៌​របស់​គ្រូពេទ្យ ។ ពីព្រោះ គ្រូពេទ្យ ក៏​ជា​ជនជាតិខ្មែរ ហើយ​អ្នកជំងឺ​ក៏​ខ្មែរ​ដូចគ្នា។ លើសពីនេះ​ទៀត យុវជន​ជំនាន់​ក្រោយ ដែលមាន​ក្តី​ប្រាថ្នា​ចង់​ក្លាយជា​គ្រូពេទ្យ  គួរ​លុបចោល​ផ្ត​ត់​គំនិត​ដែល​គិតថា មូលហេតុ​ដែល​ខ្លួន ចង់​ក្លាយជា​គ្រូពេទ្យ ព្រោះ​ធ្វើជា​គ្រូពេទ្យ​ងាយស្រួល​រកលុយ ដែល​ភ្លេច​ពី​ចេតនា​ជួយសង្គ្រោះ​ជីវិត​មនុស្សជាតិ​ជាធំ និង​ក្រមសីលធម៌​គ្រូពេទ្យ។

តាមពិត​ពាក្យសម្បថ ក្រមសីលធម៌​របស់​គ្រូពេទ្យ ល្មម​អាច​មានន័យ​គ្រប់គ្រាន់ ដាស់​ស្មារតី​គ្រូពេទ្យ​ឲ្យ​មាន​បេះដូង​គុណធម៌​ចំពោះ​អ្នកជំងឺ ។ អនុក្រឹត្យ​ស្តីពី​ក្រមសីលធម៌​របស់​គ្រូពេទ្យ​បានចែង​ចំណុចសំខាន់ៗដូចជា ក្នុង​ការប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ទោះ​ក្នុង​លក្ខណៈ​ជា​ឯកជន​ក្តី ជា​សាធារណៈ​ក្តី គ្រូពេទ្យ​ត្រូវគោរព​ជីវិត រាងកាយ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ។ ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ គ្រូពេទ្យ​ត្រូវតែ​គោរព​គោលការណ៍​សីលធម៌ មាន​ជាអាទិ៍ ភាព​សុចរិត ភក្តីភាព​ចាំបាច់ ក្នុង​ការប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ។

គ្រូពេទ្យ​មិនត្រូវ​បោះបង់ អាកប្បកិរិយា សុភាពរាបសា ត្រឹមត្រូវ និង​យកចិត្តទុកដាក់​ជួយ​ទំនុកបម្រុង​ចំពោះ​មនុស្ស​ដែល​ខ្លួន​ពិនិត្យ ។គ្រូពេទ្យ​ត្រូវ​ស្តាប់ ពិនិត្យ ឲ្យ​ដំបូន្មាន ឬ​ព្យាបាល ដោយ​សម្បជញ្ញៈ ចំពោះ​មនុស្ស​ទូទៅស្មើៗគ្នា ដោយ​មិន​ប្រកាន់​អំពី​ប្រភព ប្រពៃណី ស្ថានភាព​គ្រួសារ ជាតិ សាសនា កេរ្តិ៍ឈ្មោះ ឬ​មនោសញ្ចេតនា​អ្វី​នោះឡើយ ។ គ្រូពេទ្យ​មិនត្រូវ​លះបង់​ឥស្សរភាព​វិជ្ជាជីវៈ​របស់ខ្លួន​ដាច់ខាត ទោះ​ស្ថិតនៅ​ក្រោមរូបភាព​ណាក៏ដោយ ។ គ្រូពេទ្យ​គ្មាន​សិទ្ធិ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ចេតនា​នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com