ជាតិ
អាដហុក​ប្តឹង​មន្ត្រី​តុលាការខេត្ត​សៀមរាប​លើ​ការឃុំខ្លួន​ពលរដ្ឋ​ដែលមាន​ទំនាស់​ជាមួយ​សហគមន៍​វៀតណាម
20, May 2015 , 12:41 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​ប្តឹង​ព្រះរាជអាជ្ញារង និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​ជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​មាន​សមត្ថកិច្ច នៅ​ថ្ងៃទី២០ ខែឧសភា​នេះ ។ ក្នុង​ពាក្យ​ប្តឹង​នោះ តំណាង​អាដហុក​បាន​ចោទថា ព្រះរាជអាជ្ញារង និង​ចៅក្រម​នោះ ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​ពលរដ្ឋ​ក្នុង​ពន្ធនាគារ​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់។ ស្ថាប័នរដ្ឋធំៗដែល​អាដហុក​ដាក់ ពាក្យបណ្តឹង​នោះ រួមមាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្រសួង​យុ​តិ្ត​ធម៌ តុលាការ​កំពូល អយ្យការ​អម​តុលាការ​កំពូល និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន ជាដើម។



ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា និង​មេធាវី កញ្ញា ពូក យ៉ា​រ៉ា​ន់ បាន​រិះគន់​មន្ត្រី​តុលាការ​សៀមរាប ក្នុងករណី​វិវាទ​ដីធ្លី​ពលរដ្ឋ នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប។ ប្រធាន​ផ្នែក​ស៊ើបអង្កេត ADHOC  និយាយថា ព្រះរាជអាជ្ញារង លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង ខេត្ដ​សៀមរាប លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា ប្រ​ព្រឹ​ត​អំពើពុករលួយ​យក​ដី​ពលរដ្ឋ នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ប្រគល់​ឲ្យ សហគមន៍​វៀតណាម ឈ្មោះ​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ហៅ​កាត់​ថា TCIDA ដឹកនាំ​ដោយ​ឈ្មោះ លី គឹម​ឃុន ។ លើសពីនេះ លោក​បន្តថា៖«មន្ត្រី​តុលាការ​ខាងលើ បានសម្រេច​ឃុំ​ពលរដ្ឋ​ដាក់ពន្ធនាគារ​ដោយ​អនុវត្តន៍​ខុស​នីតិវិធី»។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​ទីស្នាក់ការ​កណ្តាល​សមាគម​អាដហុក នៅ​ថ្ងៃទី២០ ខែឧសភា​នេះ ប្រធាន​ផ្នែក​ស៊ើបអង្កេត  ADHOC លើកឡើងថា រយៈពេល​ជិត ៥ខែ​ហើយ​ដែល​តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​បុរស ២នាក់​ជា​អ្នកភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ឲ្យ​ជាប់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយសារ​តែមាន​ជម្លោះដីធ្លី​ជាមួយ​សហគមន៍​វៀតណាម ឈ្មោះ តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម។

មេធាវី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក កញ្ញា ពូក យ៉ា​រ៉ា​ន់ បាន​ចាត់ទុកថា តុលា​ការដែល​សម្រេច​ឃុំខ្លួន​អ្នកភូមិ​ជប់​រំដេង ទាំង ២នាក់​នោះ គឺជា​ចំណាត់​ការមិន​ត្រឹមត្រូវ ដោយ​រំលោភ​នីតិវិធី​ទាំង​អង្គហេតុ និង​អង្គច្បាប់។ មេធាវី​រូបនេះ​បញ្ជាក់ថា៖«ខ្ញុំ​នឹង​បន្ត​ស្នើសុំ​ឲ្យ​តុលាការ ដោះលែង​អ្នកភូមិ​ទាំងពីរ​នាក់ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ទៀត»។

គួររម្លឹកថា កាលពី​ថ្ងៃទី១២ ខែឧសភា នា​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​ខេត្តសៀមរាប លោក នី ចរិយា ថា សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម កំពុងតែ​ព្យាយាម​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ក្នុងពេលដែល​គេ​កំពុង​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៤១៩ហិច​តា។

លោក​ថា៖«សហគមន៍​តាខ្មៅ​នេះ មិនមែនជា​សហគមន៍​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទេ ពីព្រោះ​តាម​គោលការណ៍ កាលណា​គេ​បង្កើត​សហគមន៍​នៅ​តំបន់​ណា គឺ​គេ​យក​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ធ្វើជា​សមាជិក​ឲ្យ​ទទួលបាន​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ ប៉ុន្តែ​សហគមន៍​នេះ​មាន​ប្រវត្តិ​មកពី​ខេត្តកណ្ដាល បែរជា​មក​បង្កើត​សហគមន៍​នៅ​សៀមរាប ហើយ​យក​ជនជាតិ​វៀតណាម​មក​ធ្វើការ​ទៅវិញ»។

ប្រតិកម្ម​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បានកើត​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​អ្នកភូមិ​ជប់​រំដេង ចំនួន ២នាក់​ឈ្មោះ បឿន សុខ និង វ៉ែន ឡ​ន ដាក់ពន្ធនាគារ​កាលពី​ថ្ងៃទី៣ ខែមករា កន្លងទៅ បន្ទាប់ពី​មាន​ជម្លោះដីធ្លី​ជាមួយ​សហគមន៍​អភិវឌ្ឍន៍​តាខ្មៅ។

ទាក់ទិន​នឹង​ករណីនេះ កាលពី​ថ្ងៃទី១៥ ខែឧសភា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​សេចក្តីថ្លែងការណ៍​មួយចំនួន ៥ទំព័រ ដើម្បី​បំភ្លឺ​សាធារណជន​កុំឱ្យ​យល់ច្រឡំ។ សេចក្តីថ្លែងការណ៍​នោះបាន​ពន្យល់ថា បុរស​អ្នកភូមិ​ជប់​រំដេង ២នាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡ​ន ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​វៀតណាម ឈ្មោះ​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម គឺ​ពិតជា​បាន​ទៅ​បំផ្លាញ​ដំណាំ និង​សង់​ខ្ទម​លើដី​សហគមន៍​មែន ទើប​តុលាការ​សម្រេច​ឃុំខ្លួន។

នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះដែរ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ក៏​ចោទប្រកាន់​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក ថា​បានធ្វើ​សន្និសីទកាសែត​និយាយ​បំផ្លើស​ខុសពី​ការពិត ព្រមទាំង​ញុះញង់​ឱ្យមាន​ការរើសអើង​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ផង។

ទោះយ៉ាងណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ច្រានចោល​សេចក្ដីថ្លែងការណ៍​ចោទប្រកាន់​របស់​តំណាង​អយ្យការ​នេះ ដោយ​ថា តំណាង​អយ្យការ​កាន់​សំណុំ​រឿងក្តី​អ្នកភូមិ​ជប់​រំដេង ដែលមាន​ជម្លោះដីធ្លី​ជាមួយ​សហគមន៍​វៀតណាម នោះ កំពុងតែ​ទាញយក​ស្ថាប័ន​អយ្យការ​ទាំងមូល​មក​ដា​ក់​ភ្ជាប់​ជាមួយនឹង​រឿង របស់​បុគ្គល៕



© រក្សាសិទ្ធិដោយ thmeythmey.com