ជាតិ
សង្គមជាតិ
ពលរដ្ឋ​ច្រើន​សហគមន៍​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​សាលា​ខេត្តសៀមរាប
22, May 2015 , 3:58 pm        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋ​មកពី​សហគមន៍​ចំនួន​ជាង១០ ក្នុង​ខេត្តសៀមរាប បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​សៀមរាប ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​រឿង​ដីធ្លី​ដ៏​រុំ​ា​រ៉ៃ​របស់​ពួកគេ។ សហគមន៍​ទាំងនោះ មកពី​ស្រុក ក្រុង​ចំនួន៧ ដែល​គេ​ដឹងថា ខ្លះ​មាន​ជម្លោះ​ទឹក​ទាហាន ក្រុមហ៊ុន​អភិវឌ្ឍ និង​អាជ្ញាធរ​អប្សរា​ជាដើម។



ប្រជាពលរដ្ឋ​ប្រមាណ៥០០នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​សៀមរាប ដើម្បី​ឲ្យ​អភិបាលខេត្ត ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគេ។ ពលរដ្ឋ​ទាំងនោះ មកពី​ស្រុក​និង​ក្រុង​ចំនួន៧ នៃ​ខេត្តសៀមរាប ដែល​រួមមាន​ស្រុក​ស្វាយ​លើ ស្រុក​វ៉ារិន ស្រុក​បន្ទាយស្រី ស្រុក​អង្គរធំ ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ក្រុង​សៀមរាប។ មានទំនាស់​ដីធ្លី​នៅ​តំបន់ផ្សេងៗគ្នា​ក៏ពិតមែន ប៉ុន្តែ​ពលរដ្ឋ​ដែល​ឡើង​តវ៉ា​នៅពេលនេះ គឺមាន​ឆ​ន្ទះ និង​គោលបំណងដូចៗគ្នា។ គោលបំណង គឺ​ស្នើ​ឲ្យ​ខេត្ត​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហាដីធ្លី​ឲ្យ​ពួកគេ ដែល​ខ្លះ​ពាក់ព័ន្ធ​នឹង​ទាហាន ក្រុមហ៊ុន អាជ្ញាធរ​អប្សរា និង​មេព្រៃ​ជាដើម។

តំណាង​សហគមន៍​ភូមិ​សាលា​ក្រ​វ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី អ្នកស្រី តេះ ជឿន បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី​ចំនួន ៤៧គ្រួសារ មាន​ជម្លោះដីធ្លី​នឹង​ក្រុមហ៊ុន លី អ៊ុំ​អេង និង​លី អ៊ុំ​ឆាយ​ចាប់ពី​ឆ្នាំ២០០២មក។ អ្នកស្រី​បន្តថា ក្រោយពី​មានការ​តវ៉ា​ជា​បន្តបន្ទាប់ ជម្លោះដីធ្លី​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ចេញមុខ​អន្តរាគមន៍​កាលពី​ឆ្នាំ២០១៣ ដោយ​សម្រេច​ឲ្យ​ក្រុមហ៊ុន ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​ទាំង៤៧គ្រួសារ​វិញ។ យ៉ាងណាមិញ ការសម្រេច​របស់លោក​នាយករដ្ឋមន្ត្រី ហាក់​មិន​បានឮ​ដល់​ត្រចៀក​មន្ត្រី​ថ្នាក់ស្រុក​នោះទេ ជារួម​អភិបាលស្រុក​បន្ទាយស្រី មិនបាន​ចុះ​វាស់វែង​ដី​ឲ្យ​ពលរដ្ឋ​ទាំង​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​តំណាង​សហគមន៍ អ្នកស្រី តេះ ជឿន។

សំឡេង




មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ច្រើន ដែល​ឡើងមក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ តំណាង​សហ​គនន៍​ទួល​គ្រួស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី អ្នកស្រី ឈិ​ត ផៃ បាន​រៀបរាប់​ពី​ការរំលោភ​ដីធ្លី​អ្នកស្រី ដោយ​មេព្រៃ​ដ៏​មាន​ឥទ្ធិពល​ថា បាន​ឈួ​ស​ឆាយដី​ចំការ​អ្នកភូមិ ៤០គ្រួសារ យកទៅ​កាន់កាប់​ផ្ទាល់ខ្លួន។ អ្នកស្រី ឈិ​ត ផៃ ពន្យល់ថា អស់​រយៈពេល៤ឆ្នាំ​មកហើយ ដែល​មេព្រៃ​ឈ្មោះ តា​លីម​តា​ឡ​ន (ឈ្មោះ​អ្នកភូមិ​ហៅ) ឈួ​សដី​អ្នកភូមិ យកទៅ​ដាំដំឡូង ដោយ​ទុក​ឲ្យ​ពលរដ្ឋ៤០គ្រួសារ ដែល​ចូលទៅ​រស់នៅ​តំបន់​នោះ​ប្រមាណ៨ឆ្នាំ​មកនេះ រងទុក្ខវេទនា រកស៊ី​ឈ្នួល​គេ​ទាំង​គ្រួសារ។

នៅ​ព្រឹក​មិញ​នេះ តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំងអស់ បាន​ជំនះ​ចង់​ជួប​អភិបាលខេត្ត ដោយមាន​ការរារាំង​ពី​កងកំលាំង​ជាច្រើន​នាក់ ព្រោះថា សំណើរ​សុំ​ហែ​ក្បួន​នៅថ្ងៃនេះ មិនបាន​អនុញ្ញាត​ទេ ដោយ​អភិបាលរង​ខេត្ត លោក ប៊ុន ថា​ឫទ្ធិ ក្នុង​ចំណារ​របស់ខ្លួន យោង​លើ​ហេតុផល ខ្លាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ សន្តិសុខ និង​សុវត្ថិភាព​សង្គម ដល់​ភ្ញៀវទេសចរ​ជាដើម។

មន្ត្រី​ផ្នែក​ច្បាប់​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) លោក វង្ស កុសល ដែល​បាន​តាមដាន​ការតវ៉ា​របស់​ពលរដ្ឋ​នៅ​ព្រឹក​មិញ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​មានការ​ខិតខំ និង​ប្រឹងប្រែង​ខ្លាំង លើ​ការរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី ដោយ​ក្នុងនោះ​មានការ​បង្កើត​ក្រុមការងារ​ដោះស្រាយ​ជាដើម។ តួយ៉ាង​កាលពីពេលថ្មីៗនេះ នៅក្នុង​ខេត្តសៀមរាប​លោក​បានប្រកាស​កាត់​ដី​ពី​អាជ្ញាធរ​អប្សរា ប្រគល់​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជាច្រើន​គ្រួសារ​ផងដែរ។ យ៉ាងណាមិញ លោក កុសល កត់សម្គាល់​ឃើញថា ការអនុវត្ត មិនទាន់​ដូច​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​នៅឡើយ​ទេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ គួរ​ព​ន្លឿ​ន​ដោះស្រាយ និង​អនុវត្តតាម​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល​បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ ជៀសវាង​ការកើតមាន​បញ្ហាផ្សេង។

រហូតមកដល់​ម៉ោង៣រសៀល​នេះ កិច្ចប្រជុំ​រក​ដំណោះ កំពុងដំណើរការ​ក្នុង​សាលាខេត្ត ខណៈដែល​អ្នកភូមិ​ឯទៀត ដែល​ភាគច្រើន​ធ្វើដំណើរ​តាម​គោយន្ត និង​នាំ​កូនចៅ​តាម​ដែរនោះ កំពុង​រង់ចាំ​ក្រោយ​កំដៅថ្ងៃ​ហួតហែង៕


© រក្សាសិទ្ធិដោយ thmeythmey.com