ជាតិ
សង្គមជាតិ
សាលាក្រុងបិទចរាចរណ៍មួយចំហៀងផ្លូវសហព័ន្ធរុស្ស៊ីរយៈពេល៤៥ថ្ងៃ
× សាលារាជធានីភ្នំពេញ នឹងបិទចរាចរណ៍មួយចំហៀងផ្លូវ នៃមហាវិថីសហព័ន្ធរុស្ស៊ី រយៈពេល៤៥ថ្ងៃ ដើម្បីសម្រួលដល់ដំណើរការនៃការស្ថាបនាផ្លូវក្រោមដីតិចណូ អាចបញ្ចប់ទៅតាមគម្រោងពោលគឺក្នុងរយៈពេល៤៥ថ្ងៃទៀត។ ការបិទចរាចរណ៍នៃមហាវិថីសហព័ន្ធរុស្ស៊ី នឹងចាប់ផ្តើមនៅថ្ងៃទី២៣ខែឧសភា ស្អែកនេះ។
សាលារាជធានីភ្នំពេញ ជំរុញឲ្យមានដំណើរការនៃការស្ថាបនាផ្លូវក្រោមដីតិចណូ ឲ្យបញ្ចប់ក្នុងរយៈពេល៤៥ថ្ងៃទៀត បន្ទាប់មកនឹងដាក់ឲ្យចរាចរណ៍ជាបណ្តោះអាសន្ន ខណៈការដ្ឋាននេះសម្រចបាន៧៥ភាគរយនៃគម្រោងសរុប។ ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវក្រោមដីតិចណូ បញ្ចប់ទៅតាមគម្រោង សាលារាជធានីភ្នំពេញ នឹងបិទចរាចរណ៍មួយចំហៀងផ្លូវ នៃមហាវិថីសហព័ន្ធរុស្ស៊ី រយៈពេល៤៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ខែឧសភា ស្អែកនេះ។
បើតាមសេចក្តីជូនដំណឹង ចរាចរណ៍មួយចំហៀងផ្លូវ នៃមហាវិថីសហព័ន្ធរុស្ស៊ីនឹងត្រូវបិទត្រង់កំណាត់ទី២ចំណុចប្រសព្វស្តុបប្រវែង២០ម៉ែត្រ ដើម្បីជីកស្ថាបនាផ្លូវក្រោមដីភ្ជាប់កំណាត់ទី១ និងកំណាត់ទី២សងខាង ដែលសាងសង់ជិតរួចរាល់ហើយនោះ។ សាលារាជធានីភ្នំពេញ ក៏បានបង្ហាញពីការធ្វើចរាចរណ៍នៅលើមហាវិថីមួយចំនួននៅជុំវិញការដ្ឋានសាងសង់ខាងលើផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
បើតាមសេចក្តីជូនដំណឹង ការធ្វើចរាចរណ៍នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ពីស្ពានអាកាស៧មករា ឆ្ពោះមកស្តុបបេកាសេ ដល់ត្រង់ចំណុចការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ត្រូវបត់ស្តាំតាមវិថីមហាវិថីម៉ៅសេទុង ឆ្ពោះទៅវិថីកម្ពុជាក្រោម។ ចំណែកការធ្វើចរាចរណ៍ ពីស្តុបបេកាសេ មកស្ពានអាកាស៧មករា ត្រូវធ្វើចរាចរណ៍ឆ្លងកាត់ តាមមហាវិថីសហព័ន្ធរុស្ស៊ីជាធម្មតា។ ចំពោះការធ្វើចរាចរណ៍ទៅមហាវិថីគីម អ៊ីលសុង ត្រូវបត់ស្តាំតាមផ្លូវថ្មីទើបស្ថាបនារួច ដែលមានទីតាំងច្រកចូលខាងលិចក្ខោងទ្វារវត្តនាគវ័ន្តចម្ងាយ១៥០ម៉ែត្រ។
សាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ការធ្វើដំណើរលើមហាវិថីម៉ៅសេទុង និងមហាវិថីគីម អ៊ីលសុង ត្រូវធ្វើចរាចរណ៍ទ្វេរទិសតាមធម្មតា ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ និងកុំធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋានខាងលើ ក្នុងករណីមិនចាំបាច់។ សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ បានបើកការដ្ឋានសាងសង់ជាង៨ខែមកហើយ។ គិតត្រឹមថ្ងៃទី២០ឧសភា ឆ្នាំ២០១៥ ការងារជារួមសម្រេចបាន៤០ភាគរយនៃគម្រោងសរុប៕
© រក្សាសិទ្ធិដោយ thmeythmey.com