សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី​ចិន Jack Ma ៖ អាថ៌កំបាំង​នៃ​ភាពជោគជ័យ​របស់ Alibaba គឺ​ស្ត្រី
23, May 2015 , 8:51 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន លោក Jack Ma បាន​ប្រាប់​ពី​អាថ៌កំបាំង​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​គាត់​ទទួលបាន​ភាពជោគជ័យ ដូច​ថ្ងៃនេះ​គឺ​ដោយសារតែ«ស្ត្រី » ។ នេះ​បើ​យោងតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV ។



ថ្លែង​នៅក្នុង​សន្និសីទ​ជាស​កល​ស្ដីពី​ស្ត្រី​និង​ភាពជា​សហគ្រិន​លើកដំបូង មួយ​ដែល​ធ្វើឡើង​នៅក្នុង​ខេត្ត Hangzhou ប្រទេស​ចិន លោក Ma បាន​អះអាងថា​ស្ត្រី​គឺជា​កម្លាំង​ដ៏​សំខាន់ ដែល​ជំរុញ​ឱ្យ​តម្រូវ​ការប្រើ ប្រាស់ នេះ​គឺ​មានន័យថា​ដើម្បី​ប្រកួត​ឈ្នះ​នៅក្នុង​ទីផ្សារ ក្រុមហ៊ុន​មួយ​ត្រូវតែ​តក​ឈ្នះ​ចិត្ត​របស់​មនុស្ស​ស្ត្រី​ឲ្យ​បាន។

«ភាគច្រើន​នៃ​អ្នកប្រើប្រាស់ e-commerce របស់​ក្រុមហ៊ុន Alibaba គឺជា​ស្ត្រី។ ដូច្នេះ​នេះហើយ​គឺជា​មូលហេតុ ដែល​យើង​បានរៀបចំ​សន្និសីទ​នេះ​ឡើង ដើម្បី​ផ្តល់​ការ​អរគុណ​របស់​យើង​ចំពោះ​អតិថិជន និង​បុគ្គលិក​ជា​ស្ត្រី​របស់​យើង»។ នេះ​បើតាម​ការបញ្ជាក់​របស់​មហាសេដ្ឋី​ចិន  លោក Jack Ma។

យោងតាម​ស្ថិតិ​បាន​បង្ហាញថា មាន​ស្ត្រី​ជាង ៥០ ភាគរយ​អតិថិជន​ដែល​ប្រើប្រាស់​ទំនិញ តាម​អន​ឡាញ​របស់​ក្រុមហ៊ុន Alibaba ។ លើសពីនេះ​ទៀត លោក Ma ក៏បាន​គូសបញ្ជាក់ថា​បុគ្គលិក​ស្ត្រី​ក៏​ជា​កម្លាំង​ពល​ដ៏​កម្ម​សំខាន់ នៅក្នុង​ក្រុមហ៊ុន​របស់លោក​ផងដែរ ដោយ​ក្រុមហ៊ុន​លោក​មាន​បុគ្គលិក​ជា​ស្ត្រី​សរុប​ចំនួន ៤៩ ភាគរយ ។

សូមបញ្ជាក់ថា ក្នុងចំណោម​បុគ្គលិក​មានមុខ​តំណែង​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ គឺមាន​ស្ត្រី ៣៤ ភាគរយ ដោយ​រួមបញ្ចូល​ទាំង​នាយក​ប្រតិបត្តិ​កម្រិត C មួយចំនួនធំ​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com