ជាតិ
ក្រសួងការពារជាតិ​វៀតណាម​ផ្ដល់​សម្ភារៈ​បច្ចេក​វិទ្យា​រក្សា​ការសម្ងាត់​ជិត៣០មុខ​ឲ្យ​កម្ពុជា
24, May 2015 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងការពារជាតិ​នៃ​ប្រទេស​វៀតណាម  ផ្តល់​ជំនួយសម្ភារៈ​បច្ចេក​ទេស ព័ត៌មានវិទ្យា បំភ័ន្ត​អក្ខរៈ ប្រមាណ​ជិត៣០មុខ ជូន​ដល់​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ដើម្បី​បង្កើន​ការរក្សា​ភាព​សម្ងាត់​ជូន​រាជរដ្ឋាភិបាល និង​ការធានា​នូវ​ប្រសិទ្ធភាព​ការពារ​សន្តិសុខ​នៅក្នុង​សង្គម ។ ការប្រគល់​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី២២ឧសភា ដោយ​វត្តមាន​លោក ង្វៀន ថា​ញ់​ប៊ិ​ញ ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ក្រសួងការពារជាតិ​វៀតណាម លោក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា។



បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា បច្ចុប្បន្ន​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​បំភ័ន្ត​អក្ខរៈ មានការ​រីកចម្រើន​ខ្លាំង​នៅលើ​ពិភពលោក ប៉ុន្តែ​បញ្ហា​ការងារ​នេះ កងកម្លាំង​នគរបាលជាតិ និង​កងកម្លាំង​កងទ័ព​កម្ពុជា ហាក់​បាន​ឃ្លាតឆ្ងាយ ។ ហើយ​កម្ពុជា​ត្រូវខិតខំ​ជំរុញ​បន្ថែមទៀត​ដើម្បី​បង្កើន​សមត្ថភាព​ការយល់ដឹង​ការងារ​បំភ័ន្ត​អក្ខរៈ​ជូន​កងកម្លាំង​ក្នុង​ជួរ​អគ្គស្នងការដ្ឋាន​នគរ​បាល និង​នាយកដ្ឋានរ​បំភ័ន្ត​អក្ខរៈ ។

លោក ឆាយ គឹម​ខឿន បន្តថា បច្ចុប្បន្ន​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ កំពុង​បាន​ជួប​បញ្ហា​ប្រឈម​ច្រើន លើ​ការងារ​ផ្ញើ​របាយការណ៍​សម្ងាត់រ​បស់​ខេត្ត​ជូន​មក​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​តាម​បណ្តា​ផ្នែក ដោយសារ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន នៅ​មិនទាន់​មានចំណេះដឹង​ជំនាញ​ការងារ​ផ្នែក​បំភ័ន្ត​អក្ខរៈ​នេះ ៕



© រក្សាសិទ្ធិដោយ thmeythmey.com