ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ស្នើ​ឲ្យ​វិទ្យាល័យ​ដំ​ដែក​ចាត់ការ​លើ​សិស្ស​ប្រុស​ម្នាក់​ដែល​វាយ​សិស្សស្រី
24, May 2015 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី២៤ ខែឧសភា នេះ ទាក់ទង​នឹង​រូបភាព​វីដេអូ​ដែល​សិស្ស​ប្រុស​ម្នាក់​វាយ​សិស្សស្រី​ម្នាក់​ក្នុង​ថ្នាក់រៀន។ ក្រសួង​បាន​ស្រាវជ្រាវ​ឃើញថា ឧបទ្ទវ​ហេតុនេះ​កើត​នៅក្នុង​ថ្នាក់​ទី៩ខ នៃ​វិទ្យាល័យ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ។



តាមរយៈ​វីដេអូ ដែល​ថត​ដោយ​ទូរ​សព្ទ​ដៃ​ក្នុង​រយៈពេល​ជាង៣នាទី គេ​បាន​មើលឃើញ​សិស្ស​ប្រុស​ម្នាក់​វាយ​ធ្វើបាប​សិស្សស្រី​ម្នាក់​យ៉ាងដំណំ​នៅក្នុង​ថ្នាក់រៀន ខណៈ​សិស្ស​ផ្សេងទៀត នាំគ្នា​អង្គុយ​មើល​យ៉ាង​ស្ងៀមស្ងាត់​ហាក់ដូចជា​គ្មានអ្វី​កើតឡើង។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួង​អប់រំ បានស្នើ​សុំ​ឲ្យ​វិទ្យាល័យ​ដំ​ដែក​បង្កើត​ក្រុមប្រឹក្សាវិន័យ​ដើម្បី​មាន​វិធានការ​អប់រំ​កម្រិត​នៃ​កំហុស​ដោយ​អបរំ​ណែនាំ​ស្តីបន្ទោស​ដោយ​ចុះ​ក្នុង​សៀវភៅ​សិក្ខាគារិក ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​តម្រូវ​ឲ្យ​សិស្ស​ដែល​ប្រព្រឹត្ត​កំហុស​ធ្វើ​ការងារ​ពលកម្ម​បម្រើ​សហគមន៍​នៅក្នុង​វិទ្យាល័យ​ដំ​ដែក ក្នុង​គោលដៅ​កុំ​ឲ្យ​ទង្វើ​បែបនេះ កើតឡើង​នៅពេល​លើក​ក្រោយ​ទៀត និង​ចៀសវៀង​សិស្ស​ដទៃទៀត​យកតម្រាប់​តាម។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ផងដែរ ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​លោក ហង់ ជួន ណា​រ៉ុ​ន ជា​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​សិស្ស​ទាំងអស់​កុំ​យកតម្រាប់​តាម​ការប្រព្រឹត្ត​អំពើហិង្សា​របស់​សិស្ស​ប្រុស​ដូច​នៅក្នុង​វិ​ដេ​អូ៕



© រក្សាសិទ្ធិដោយ thmeythmey.com