អន្តរជាតិ
ក្រុមហ៊ុន​មួយ​ទារបំណុល១ពាន់​ដុល្លារ​ខុស​មនុស្ស​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​សង​វិញ​ជិត៨៣ លាន​ដុល្លារ
25, May 2015 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ

ទីភ្នាក់ងារ​នាំមុខ​ការប្រមូល​បំណុល​មួយ​នៅ​សហរដ្ឋអាមេរិក ត្រូវ​តុលាការ​បង្គាប់​ឲ្យ​សង​ប្រាក់​គេ​វិញ​ជិត ៨៣លាន​ដុល្លារ​អាមេរិក ដោយសារតែ​ក្រុមហ៊ុន​នេះ​ច្រឡំ​ទៅ​ទារប្រាក់​ពី​ស្ត្រី​ម្នាក់​នៅ​រដ្ឋ Kansas ចំនួន ១០០០ ដុល្លារ​តែ​នាង​មិន​បានដឹង​រឿង​អ្វី​នោះ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត New York Daily News។



ប្រភព​ដដែល​ក៏បាន​ផ្សាយ​ថា អ្នកស្រី MariaGuadalupe Mejia អាយុ ៥១ ឆ្នាំ រស់នៅក្នុង​រដ្ឋ Kansasសហរដ្ឋអាមេរិក​បាន​និយាយថា​នាង​មានការ​ភ័យខ្លាច​ជាខ្លាំង​នៅពេលដែល​ទីភ្នាក់ងារ​ប្រមូល​បំណុល Portfolio Recovery Associates LLC បាន​បង្គាប់​ឲ្យ​នាង​សង​ប្រាក់ ១០០០ដុល្លារ។

អ្នកស្រី Mejia បាន​បញ្ជាក់ថា គាត់​មិនបាន​ខ្ចីលុយ​ពី​ក្រុមហ៊ុន​មួយ​នេះ​ទេ​ទោះបីជា​ស្វាមី​របស់គាត់​និង​គាត់ ជួប​ការលំបាក​ក្នុងការ​ចិញ្ចឹម​កូន​ក៏ដោយ។ អ្នកស្រី​បាន​បន្ថែមថា៖«ខ្ញុំ​ភ័យខ្លាច​ពួកគេ​នឹង​រឹបអូស​យក​ផ្ទះ​របស់ខ្ញុំ​ហើយ​ខ្ញុំ​ក៏​ខ្លាច​ពួកគេ​ចាប់​ខ្ញុំ​យកទៅ​ផងដែរ»។

តុល​ការ​នៅក្នុង​តំបន់ Jackson County បាន​រកឃើញថា​ក្រុមហ៊ុន​ទារបំណុល​មួយ​នេះ បានធ្វើ​សកម្មភាព​ព្យាបាទ អ្នកស្រី​Mejia ជាង​មួយឆ្នាំ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​អះអាងថា ពួកគេ​មានការ​យល់ច្រឡំ​ក្នុងការ​ស្វែងរក​មនុស្ស​ម្នាក់ ដែលមាន​ឈ្មោះ​ស្រដៀង​នឹង​ស្ត្រី​ម្នាក់នេះ។

ក្រោយពី​ស៊ើបអង្កេត​ក្នុង​រឿងក្ដី​នេះ តុលាការ​បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​ប្រមូល​បំណុល​មួយ​នេះ បង់ប្រាក់​សំណង​ការខូចខាត​ចំនួន ៨២ ៩៩០ ០០០ ដុល្លារ​ដល់​ស្ត្រី​រងគ្រោះ សម្រាប់​ជាការ​ព្រមាន ចំពោះ​បទល្មើស​រំលោភ​លើ​ច្បាប់​និង​ការប្រមូល​បំណុល​ដោយ​អយុត្តិធម៌ ។

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ប្រមូល​បំណុល​LLCលោក Michael McKeon បាន​និយាយថា​សាលក្រម​នេះ​គឺ​ចម្លែក​ណាស់​ព្រោះ​លោក​មិនដែល​ជួបប្រទះ​ពីមុនមក​ព្រោះថា​ទំហំ​នៃ​ការសង​ប្រាក់​នេះ​គឺ​មិន​យុត្តិធម៌​សោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com