ជាតិ
សង្គមជាតិ
ក្លឹប​អ្នកជិះ​កង់​ប្រមូល​ថវិកា​បាន​ជាង៦ពាន់​ដុល្លារ​អាមេរិក​ជួយ​ពេទ្យ​គន្ធបុប្ផា
25, May 2015 , 2:23 pm        
រូបភាព
សៀមរាប៖ បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​ជិះ​កង់ ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ថ្ងៃទី២៤ ឧសភា​ម្សិលមិញ តួលេខ​ចុងក្រោយ​បាន​បង្ហាញថា ថវិកា​ជាង៦ពាន់​ដុល្លារ ដែល​បាន​ពី​ការ​ជិះ​កង់​របស់​ក្រុមយុវជន។ ព្រឹត្តិការណ៍​ជិះ​កង់ រក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា រៀបចំឡើង​ដោយ​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ហៅ​កាត់​ថា (CCC)។



ព្រឹត្តិការណ៍​ជិះ​កង់​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​លើក​ទី២ បានបញ្ចប់​ហើយ​កាលពី​ម្សិលមិញ។ តួរ​លេខ​បឋម ទឹកប្រាក់​ជាង៦ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ប្រមូលបាន​ពី​ការ​ជិះ​កង់​របស់​ក្រុមហ៊ុន​ចំនួន ៣៣០នាក់។

លោក គិ​ម ប៊ុន​ថា​ន់ ប្រធាន​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ចំនួន​ទឹកប្រាក់​ពិតប្រាកដ​មិនទាន់​អាច​កំណត់​បានទេ ដោយ​រង់ចាំ​ការ​កាត់កង​ចំណាយផ្សេងៗ ។ យ៉ាងណា ប្រធាន​ក្លឹប​រូបនេះ​បាន​បូក​តួរ​លេខត្រួសៗ ដោយ​ក្នុងនោះ​ឃើញថា មាន​ទឹកប្រាក់​មិនតិចជាង៦ពាន់​ដុល្លារ​ទេ ដែល​ប្រមូលបាន​ពី​ការ​ជិះ​កង់។ លោក ប៊ុន​ថា​ន់ បញ្ជាក់ថា ចំនួន​នេះ​លើសពី​ការគ្រោងទុក ដែល​ដំបូង​ឡើយ​លោក​រំពឹងថា​នឹងមាន​ថវិកា​តែ​ជាង៥ពាន់​ប៉ុណ្ណោះ ចំពោះ​ព្រឹត្តិការណ៍​ជិះ​កង់​នៅ​ឆ្នាំនេះ។

គួររម្លឹកថា នេះ​ជា​ឆ្នាំ​ទី២ហើយ ដែល​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​ជួយ​ពេទ្យ​គន្ធបុប្ផា។ កាលពី​ឆ្នាំ២០១៤កន្លងទៅ ព្រឹត្តិការណ៍​នេះ​បា​នរក​ថវិកា​ចំនួន ២៥៤៣ដុល្លារ​អាមេរិក ជួយ​ដល់​ពេទ្យ​គន្ធបុប្ផា។ ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី៣នៅ​ឆ្នាំក្រោយ ហើយ​រំពឹងថា នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com