ជាតិ
សង្គមជាតិ
ប្រធាន និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួល​ប្រាក់ខែ​ថ្មី ពី៣៥ម៉ឺន ដល់៥៧ម៉ឺន​រៀល
25, May 2015 , 9:59 pm        
រូបភាព
ដោយ:

ភ្នំពេញ៖រដ្ឋាភិបាល​បានសម្រេច​ចេញ​អនុក្រឹត្យ​ថ្មី​ស្តីពី​ការកំណត់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំពោះ​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពី ៣៥ម៉ឺន ដល់៥៧ម៉ឺន​រៀល ក្នុង​មួយខែ ដោយ​ផ្តើម​អនុវត្ត​ចាប់ពី​ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។



រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កំណត់​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ជាថ្មី​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​មន្ត្រី​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា។បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៥ ប្រធាន​ក្រុមប្រឹក្សា​និង​ជា​មេឃុំ ចៅសង្កាត់​ក្នុង​មួយ​នាក់ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន៥៧ម៉ឺន​រៀល​ក្នុង​មួយខែ។ ដោយឡែក ចំពោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែលជា​ជំទប់ និង​ចៅសង្កាត់​ក្នុង​មួយ​នាក់ ទទួលបាន ៤០ម៉ឺន​រៀល​ក្នុង​មួយខែ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៣៥ម៉ឺន​រៀល។
បើ​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ថ្មី​នេះ ត្រូវ​អនុវត្តន៍​ចំពោះតែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​ស្ថិតក្នុង​មុខតំណែង​ប៉ុណ្ណោះ។

គួររម្លឹកថា កាលពី​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៤ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ កំណត់​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​មន្ត្រី​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា។យោងតាម​អនុក្រឹត្យ​កាលនោះ ប្រធាន​ក្រុមប្រឹក្សា​និង​ជា​មេឃុំ ចៅសង្កាត់ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន៤០ម៉ឺន​រៀល​ក្នុង​មួយខែ ហើយ​សម្រាប់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែលជា​ជំទប់ និង​ចៅសង្កាត់ ទទួលបាន ៣៥ម៉ឺន​រៀល​ក្នុង​មួយខែ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៣០ម៉ឺន​រៀល។ដោយឡែក មេភូមិ ទទួលបាន​ប្រាក់ឧបត្ថម្ភ ១៦ ម៉ឺន​រៀល អនុប្រធាន​ភូមិ ១៤ ម៉ឺន​រៀល និង​សមាជិក​ភូមិ​ទទួលបាន ១២ ម៉ឺន​រៀល​ផងដែរ។

កាលពីមុន​ឆ្នាំ២០១៤ ចំពោះ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ ចៅសង្កាត់​ទទួលបាន ៣០ម៉ឺន​រៀល ហើយ​ជំទប់​និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​ជំទប់ និង​ចៅសង្កាត់ ទទួលបាន២៤ម៉ឺន​រៀល រីឯ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ២០ម៉ឺន​រៀល​ក្នុង​មួយខែ៕


© រក្សាសិទ្ធិដោយ thmeythmey.com