ជាតិ
សង្គមជាតិ
កុមារ​ក្លាយជា​ជនរងគ្រោះ នៅពេលដែល​ម្តាយ​ពួកគេ ជាប់ពន្ធនាគារ
26, May 2015 , 1:15 pm        
រូបភាព
អង្គការ​លីកាដូ នៅ​ថ្ងៃទី២៦ឧសភា​នេះបានចេញផ្សាយ​របាយការណ៍មួយដែល​មាន​​ចំណងជើងថា «ម្តាយ​នៅក្នុង​ពន្ធនាគារ៖ផលប៉ះពាល់​នៃ​ការឃុំខ្លួន​ស្ត្រី និង​កូន​របស់​អ្នក​ទាំងនោះ» ។ ការចេញផ្សាយ​របាយការណ៍​នេះ  គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​អាច​ ធ្លាក់​ទៅលើកូនៗ ដោយសារតែ​ការឃុំខ្លួន​ម្តាយ​នៅក្នុង​ពន្ធនាគារ។



«ម្តាយ​នៅក្នុង​ពន្ធនាគារ៖ផលប៉ះពាល់​នៃ​ការឃុំខ្លួន​ស្ត្រី និង​កូន​របស់​អ្នក​ទាំងនោះ» គឺជា​ចំណងជើង នៃ​របាយការណ៍​កម្រាស២៨ទំព័រ របស់​អង្គការ​លីកាដូ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៦ឧសភា​នេះ។

បើ​យោងតាម​របាយការណ៍​​នេះ កុមារ​គឺ​ជនរងគ្រោះ​ខ្លាំងជាងគេ នៅពេលដែល​ម្តាយ​របស់​ពួកគេ ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ និង​ត្រូវ​បំបែក​ចេញពី​ម្តាយ។ ផលវិបាក​ផ្នែក​ចិត្តសាស្ត្រ និង​ការលូតលាស់​កូន​របស់​នាង និងមាន​ភាព​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​វែង។ ការអប់រំ និង​សុខភាព​របស់​កុមារ ស្ទើរតែ​ទទួលរង​ផលប៉ះពាល់​ជា​ដរាប ហើយ​បងប្អូន​បង្កើត​តែងតែ​ត្រូវបាន​បំបែកចេញ​ពីគ្នា។ ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន កង្វះ​ការ​ថែ​រទាំ​សុខភាព ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ ការរស់នៅ​ប្រចាំថ្ងៃ និង​ទំនាក់ទំនង​ជាមួយ​សង្គម​របស់​កុមារ​ជាដើម។

លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ បាន​មានប្រសាសន៍ថា៖«ជា​រៀងរាល់ឆ្នាំ​កុមារ​រាប់រយ​នាក់​ត្រូវបាន​បំបែក​ចេញពី​ម្តាយ​របស់ខ្លួន ដោយ​មិនមាន​មូលហេតុ​សមរម្យ​ទាល់តែសោះ ហើយ​ជា​លទ្ធផល​ជីវិត​របស់ក្មេងៗទាំងនោះ​កាន់តែ​ធ្លាក់​ដុនដាប»។

បើតាម​លីកាដូ អាជ្ញាធរ​នានា ជាពិសេស​ចៅក្រម និង​ព្រះរាជ​អាជ្ញាធរ​មួយចំនួន អាចធ្វើ​ឲ្យ​កុមារ​ជាច្រើន​នាក់​ល្អប្រសើរ ដោយ​គ្រាន់តែ​អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់​ដែលមាន​ស្រាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ចំនួន​ម្តាយ​ដែល​ត្រូវបាន​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ដោយ​មិនមាន​ភាពចាំបាច់។

អង្គការ​លីកាដូ​បាន​រកឃើញថា មាន​ស្ត្រី​ជាច្រើន​ត្រូវបាន​ឃុំខ្លួន​ដោយ​គ្មាន​ភាពចាំបាច់ ខណៈដែល​ការអនុវត្ត​ជម្រើស​ផ្សេង​ក្រៅពី​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន និង​ការដាក់ទោស​នានា​ដែល​ចាំបាច់​ជាប់ពន្ធនាគារ​មាន​ភាពយឺតយ៉ាវ។

អង្គការ​លីកាដូ បាន​ជួប​សម្ភាសន៍​ជាមួយ​​ម្តាយ​ដែល​កំពុង​ជាប់ពន្ធនាគារ និង​ទើប​លើកលែងទោសថ្មីៗ ចំនួន៩៦នាក់ ហើយ​លីកាដូ​បាន​រកឃើញថា ១០០ភាគរយ​នៃ​ស្ត្រី​ទាំងនោះ​ត្រូវ គេ​ដាក់​ឲ្យ​ជាប់ឃុំ​ជា​បណ្តោះអាសន្ន​មុន​សវន​ការ។ លីកាដូ​បាន​រកឃើញ​ទៀតថា ៩៧ភាគរយ​មិនដែល​ជាប់​ពន្ធនាការ​ពីមុនមក​ទាល់តែសោះ ៩៤ភាគរយ​នៃ​គ្រួសារ​ត្រូវ​បង់ប្រាក់​សម្រាប់​ការសួរសុខទុក្ខ​ក្នុង​ពន្ធនាគារ ៧០ភាគរយ​គ្នាន​មេធាវី​ការពារ ៥៦ភាគរយ​ត្រូវបាន​ចោទប្រកាន់ ឬ​កាត់ទោស​ទាក់ទង​នឹង​គ្រឿងញៀន និង៣២ភាគរយ មិនដែល​មានកូន​មក​សុខទុក្ខ​ទាល់តែសោះ។

សូម​រំលឹកថា កាលពី​ខែមីនា និង​ខែមេសា កន្លងទៅ ព្រះរាជទាន​លើកលែងទោស​ដល់​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូនតូច​ជាច្រើន​នាក់​ដែល​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ដែល​អនុញាត​ឲ្យ​កុមារ​ជាច្រើន​នាក់​បានរស់នៅ​ក្រៅ​ពន្ធនាគារ។

ប៉ុន្តែ​បើទោះបីជា​មានការ​លើកលែង​ទោស​កាលពីពេលថ្មីៗនេះ​ក៏ដោយ អ្នកស្រី នូ សំអន អ្នកគ្រប់គ្រង​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​លីកាដូ មានប្រសាសន៍ថា ៖« ការលើក​លែង​ទោស​ជា​រៀងរាល់​ឆ្នាំនេះ មិនមែនជា​ដំណោះស្រាយ​រយៈពេល​វែង​និង​ស្ថិតស្ថេរ​នោះទេ។ ជំនួស​ឲ្យ​ការលើកលែងទោស គឺ​ត្រូវ​ផ្លាស់ប្តូរ​ប្រព័ន្ធ​មួយចំនួន ជាពិសេស​នៅក្នុង​ប្រព័ន្ធ​នីតិវិធីតុលាការ»។

អង្គការ​លីកាដូ បាន​លើកឡើងថា ប្រព័ន្ធ​នៃ​ការអនុញាត​ឲ្យ​សួរសុខទុក្ខ​អ្នក​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ត្រូវតែ​ផ្លាស់ប្តូរ​ជាបន្ទាន់ ដើម្បី​អនុញាត​ឲ្យ​កុមារ​បាន​ទៅសួរសុខទុក្ខ​ម្តាយ​បាន​ទៀងទាត់ និង​មាន​ឯកជន​ភាព​ឲ្យ​បាន​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន ដោយ​មិនចាំបាច់​ឲ្យ​មានការ​រឹតត្បិត​លើ​ការប៉ះពាល់​រាងកាយ​រវាង​អ្នក​ទាំងពីរ​នោះទេ។ លីកាដូ ក៏​ស្នើសុំ​ដោយ​ទទូច​ទៅដល់​អាជ្ញាធរ ឲ្យ​ពិចារណា​លើ​ផលប៉ះពាល់​នៃ​ការដាក់​ម្តាយ​ក្នុង​ពន្ធនាគារ ដែល​មានកូន​រស់នៅ​ក្រៅ​ពន្ធនាគារ និង​ពិចារណា​លើ​ជំរើស​ផ្សេង​ក្រៅពី​ការឃុំខ្លួន​ក្រុម​អាទិភាព​ទាំងនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com