ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ប្រទះឃើញ​ដងខ្លួន​ពុទ្ធ​ដិ​មា​មួយទៀត​បន្ទាប់ពី​កាយ​ឃើញ​ព្រះ​កេស​នៅ​នាគព័ន្ធ
26, May 2015 , 3:58 pm        
រូបភាព
សៀមរាប៖ ក្រុម​ស្រាវជ្រាវ​របស់​អាជ្ញាធរ​អប្សរា ប្រទះឃើញ​ព្រះ​កេស​ពុទ្ធបដិមា​មួយអង្គ​កាលពី​ថ្ងៃទី២៥ ឧសភា​ម្សិលមិញ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​កំណាយ​នៅ​ប្រាសាទនាគព័ន្ធ។ ក្នុង​ទីតាំង​ដដែល នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ការរុករក​ក៏បាន​ប្រទះឃើញ​ដងខ្លួន​ពុទ្ធដិមា​មួយអង្គ​ទៀត តែ​តាម​ការអះអាង ដងខ្លួន និង​ព្រះ​កេស​មិនមែនជា​រូប​តែមួយ​នោះទេ។



មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹងថា ក្រុម​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា បាន​ប្រទះឃើញ​ដងខ្លួន​ពុទ្ធ​ដិ​មា​មួយអង្គ មាន​កម្ពស់ ៦០សម និង​ទទឹង ២២សម។ លោក លឹម ស្រ៊ូ មន្ត្រី​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា បាន​បន្ថែមថា តាម​ការសន្និដ្ឋាន ដងខ្លួន​ពុទ្ធ​ដិ​មា​ដែល​រកឃើញ​នោះ ស្ថិតក្នុង​រចនាបថ​បាយ័ន ចុង​ស.វ​ទី១២ ដើម​ស.វ​ទី១៣ ។

លោក លឹម ស្រ៊ូ បាន​បញ្ជាក់ថា ដងខ្លួន​ពុទ្ធ​ដិ​មា គឺជា​វត្ថុ​ទី២ហើយ ដែល​ក្រុមការងារ​របស់​អាជ្ញាធ​រ​អប្សរា បាន​រុក​រកឃើញ ក្នុងអំឡុង​ពេលដែល​កំ​ពុង​ជីករណ្តៅ​កំណាយ ដើម្បី​ពិនិត្យមើល​រចនាសម្ព័ន្ធ ការសាងសង់​ទឹក​នៅ​ប្រាសាទនាគព័ន្ធ។ រូប​ទី១ គឺ​ព្រះ​កេស ដែលមាន​ទំហំ ១៦សម និង​កម្ពស់ ២៤សម ហើយ​រូប​ទាំង២ខាងលើ ធ្វើឡើង​ពី​ថ្មភក់ ស្ថិតក្នុង​រចនាបថ​បាយ័ន​ដូចគ្នា។ បច្ចុប្បន្ន វត្ថុ​បុរាណ​ទាំង២ ត្រូវ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្រាវជ្រាវ​បន្ត មុននឹង​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ។

បើតាម​ការបញ្ជាក់​ពី​លោក លឹម ស្រ៊ូ ដងខ្លួន​ពុទ្ធ​ដិ​មា ដែល​រកឃើញ​នៅ​ទីតាំង​តែមួយ​នឹង​ព្រះ​កេស មិនមែនជា​រូប​តែមួយ​ទេ។ លោក លឹម ស្រ៊ូ ពន្យល់ថា៖« គេ​ឃើញថា ដងខ្លួន​ពុទ្ធ​ដិ​មា មាន​កាយវិការ​ទ្រ​បាត ហើយ​វា​ជា​ចម្លាក់​ដ៏​គម្រក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរ។ យើង​អាច​បញ្ជាក់ថា វា​មិនមែនជា​រូប​តែមួយ​ទេ»។

គួរ​បញ្ជាក់ថា ក្រុម​ស្រាវជ្រាវ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​រូប​ពុទ្ធិ​មា​ខាងលើ ខណៈដែល​ពួកគេ​កំពុង​ជីករណ្តៅ​ដី​ជម្រៅ ១.៨០ម នៅ​ជ្រុង​ស្រះ​ទឹក​ខាងត្បូង​នៃ​ប្រាសាទនាគព័ន្ធ។ រូប​ព្រះ​កេស រកឃើញ​នៅ​ព្រឹក​ថ្ងៃទី២៥ និង​ដងខ្លួន​ពុទ្ធ​ដិ​មា ប្រទះឃើញ​នៅ​ម៉ោង៩ព្រឹក ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៥ ៕





© រក្សាសិទ្ធិដោយ thmeythmey.com