ជាតិ
សង្គមជាតិ
អ្នកជំនាញ​កំពុង​រៀប​អាង​ចម្រោះ​ខ្សាច់​ដើម្បី​ស្រោចស្រង់​កសិណ​អង្គរ
27, May 2015 , 9:15 am        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ កសិណ​អង្គរវត្ត​នឹងមាន​អាង​ចម្រោះ​ទឹក ដើម្បី​ទប់​ល្បាក់​ដីខ្សាច់ ដែល​ហូរ​ចាក់​ទៅក្នុង​កសិណ ហើយ​ដែល​អាច​បង្ក​ឲ្យ​កសិណ​អង្គរ​រាក់ទៅ។ តាម​គម្រោង អាង​ចម្រោះ​នេះ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​មិថុនា​ខាងមុខនេះ។



នាយកដ្ឋាន​គ្រប់​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​រៀបចំ​អាង​ចម្រោះ​ខ្សាច់​ដ៏​ធំ​មួយ ដើម្បី​ការពារ​ភាព​រីក​រាក់ នៃ​កសិណ​អង្គរវត្ត។ អាង​ចម្រោះ​នោះ​មាន​ទំហំ ៩X៣៥ ម៉ែត្រ ហើយ​ដែល​អាច​ផ្ទុក​ដីខ្សាច់​បាន​ដល់​ទៅ ៣៧០ម៉ែត្រ​គីប។

ក្នុងការ​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពន្យល់ថា អាង​ចម្រោះ​ដីខ្សាច់​ខាងលើ​នឹង​អាចជួយ​ទប់​ខ្សាច់ រួម​និង​កករ​ធូលីផ្សេងៗ ដែល​តែង​ហូរ​ចូលក្នុង​កសិណ​អង្គរ​រៀងរាល់ឆ្នាំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កសិណ​ឆាប់​រាក់។ លោក ភឿង សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ជា​រៀងរាល់​ឆ្នាំមាន​ល្បាក់​ដីខ្សាច់ និង​កករ​ធូលី​ប្រហែល​ពី ២០ ទៅ២៥ ម៉ែត្រ​គីប ដែល​ហូរ​ចាក់​ចូលទៅក្នុង​កសិណ​អង្គរវត្ត ដែល​ធ្វើ​ឲ្យ​កសិណ​កាន់តែ​រាក់ និង​ធ្វើ​ឲ្យ​ទឹក​មិន​ស្អាត​ជាដើម។

អាជ្ញាធរ​ជាតិ​អប្សរា ដែល​អះអាងថា ការកសាង​អាង​ចម្រោះ​ខ្សាច់​នេះ ដើម្បី​ស្រោង​ស្រង់​កសិណ​អង្គរវត្ត បាន​បញ្ជាក់ថា នៅ​សម័យ​ដើម​ក៏មាន​អាង​ចម្រោះ​របៀប​នេះដែរ ដែល​អាង​នោះ​ស្ថិតនៅ​ច្រក​បញ្ចូល​ទឹក​បារាយណ៍​ខាងលិច ដែល​សព្វថ្ងៃ​ហៅថា ត្រពាំង​ខ្យង ដែលមាន​តួនាទី​ធ្វើ​ឲ្យ​ទឹកថ្លា​មុននឹង​ចាក់​បញ្ចូល​ក្នុង​បារាយណ៍។ បច្ចុប្បន្ន អាង​ចម្រោះ​ទឹក​នេះ កំពុង​ស្តារឡើងវិញ​ផងដែរ។

គួរ​បញ្ជាក់ថា គម្រោង​អាង​ចម្រោះ​ខ្សាច់​នៅ​កសិណ​អង្គរវត្ត ស្ថិតនៅ​ច្រក​សំពៅ​លូន ត្រង់​ច្រក​បញ្ចូល​ទឹក​ផ្នែក​ខាងជើង ឆៀង​ខាងលិច​កសិណ​អង្គរវត្ត ដែល​បែង​ចែកជា៣ដំណាក់កាល ឫ៣អាង។ អាង​ទី១ នៅខាងមុខ មាន​តួនាទី​ទប់​កាកសំណល់​ដែលធ្ងន់ៗ មាន​មែកឈើ​ជាដើម។ អាង​ទី២ មាន​រាង​ជា​ធ្មេញរណា ដើរតួ​សំខាន់​ជាងគេ ដែល​ធ្វើ​ឲ្យ​ល្បឿន​ទឹក​ស្ទើរតែ​ស្មើ​សូន្យ ដែល​កករ​ខ្សាច់ ឫក​ករ​ភាគល្អិត​ធ្លា​ក់រង ក្នុង​អាង​នេះ ពេល​ទឹក​ហៀរ​ពីលើ​ប្រហែល​ពី០.០៥ម ទៅ០.១ម មុននឹង ធ្លាក់ចូល​អាង​ទី។ ចំណែក​អាង​ទី៣ មាន​កម្ពស់​ទាប​ជាង​អាង​ទី២ បន្ដិច សម្រាប់​រង​កករ​ចុងក្រោយ​មុននឹង​ហូរ​ចូលក្នុង​កសិណ​អង្គរ៕



© រក្សាសិទ្ធិដោយ thmeythmey.com