ពីនេះ ពីនោះ
ក្រមា
30, May 2015 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រមា​ត្បាញ​ដៃ            អំបោះ​សរសៃ            ច្នៃ​ជា​ក្រមា
កំណួច​ចុង​ជាយ        មិន​ងាយ​រសាត់            ពណ៌​ដូច​គេ​ផាត់
ជ្រលក់​ល័ក​ស្ងោរ។



ចោមពុង​ក្រោម​ក្លៀក        រុំ​ព័ទ្ធ​ត្រគាក            ស្លៀក​ជំនួស​ខោ
វេច​ម្ជូ​ស្លា​ទុំ            រួម​ផ្តុំ​កំបោរ            ថ្ងៃសីល​ថ្ងៃកោរ
                ពានា​សូត្រធម៌។

មូរ​ធ្វើ​ឈ្នួត​ក្បាល        បោក​ទឹក​ពូត​ហាល        ស្រាល​ដូច​ស្នោ​ជ័រ
ដណ្តប់​ការពារ            រងា​ញាប់​ញ័រ            ប្រើ​ជំនួស​វល្លិ
                ចង​អុស​រុំ​ផ្តៅ។

ជួតក្បាល​បង់ក            ទទូរ​លំអ            ប្រឆាំង​កម្តៅ
ក្រវាត់​ចង្កេះ            ផាយ​សេះ​ចេញ​ក្រៅ        សៀត​ដាវ​ពូថៅ
                ធ្វើ​ថ្នក់​សម្ពាយ។

លាត​ក្រាល​សម្រាន្ត        ជូ​កមុខ​ខ្លួនប្រាណ        បាន​ស្ងួត​យ៉ាង​ងាយ
បក់​មូល​រោម​ខាំ            ចូលឆ្នាំ​រីករាយ            មូរ​កួច​ចុង​ជាយ
                ជា​ឈូង​កម្សាន្ត។

ខ្មែរ​ត្បាញ​បន្ត            ស្នាដៃ​បវរ            មរតក​ថ្កើងថ្កាន
ស្រួល​ធ្វើ​ងាយ​ប្រើ        ចេញ​ដើរ​ចាក​ឋាន        យក​ជាប់​នឹង​ប្រាណ
                ប្រើ​បាន​ច្រើនយ៉ាង។

ក្រមា​ន័យ​ពិត            គ្នា​ក្នុង​ជីវិត            មិត្ត​ញាតិ​ជិតខាង
បងប្អូន​កូនក្មួយ            មកជួយ​ច្រូងច្រាង        ចាស់ទុំ​ក្មេងក្មាង
                គ្រា​មានធុរៈ។

ផ្តល់​សិទ្ធិ​ដោយ លោក ចាន់ សំណ​ប់ សាស្ត្រ​ចា​រ្យ​អក្ស​សាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា



© រក្សាសិទ្ធិដោយ thmeythmey.com