ជាតិ
ហេតុអ្វី​បានជា​ព្រះមហាក្សត្រ​ទទួល​ព្រះ​បរម​ងារ «ព្រះ​ស្រី​លោក​ធម្មិករាជ» ?
30, May 2015 , 2:39 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា​នឹង​រៀបចំ​ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ​កិត្តិយស​ថ្វាយ​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃទី៣មិថុនា ដែល​ក្នុង​ពិធី​នោះ​នឹងមាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល ព្រមទាំង​ព្រះសង្ឃ១ម៉ឺន​អង្គ។ តើន​រណា​ជា​អ្នក​ថ្វាយព្រះប​រម​ងារ​ដល់​ព្រះអង្គ? ហើយ​ថា​តើ​ព្រះ​បរម​ងារ​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេច?



អ្នក​ដែល​សម្រេច​ថ្វាយព្រះប​រម​ងារ «ព្រះ​ស្រី​លោក​ធម្មិករាជ» ដល់​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី គឺ​អង្គការ​ព្រះពុទ្ធសាសនា​ពិភពលោក។ លោក ជ័យ ចាប ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​បាន​រៀបរាប់​ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃទី៣០មិថុនា​នេះ​ថា អង្គការ​អន្តរជាតិ​ផ្នែក​ព្រះពុទ្ធសាសនា បាន​ស្វែងរក​ព្រះមហាក្សត្រ​នៃ​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ដែល​យកចិត្តទុកដាក់ និង​លើកស្ទួយ​ព្រះពុទ្ធសាសនា ដើម្បី​ថ្វាយព្រះប​រម​ងារ​នេះ។ បើតាម​ការអះអាង​រប​ស់លោក ជ័យ ចាប ដដែល ថ្នាក់ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​ខាង​ព្រះពុទ្ធសាសនា​បាន​រកឃើញ​ព្រះមហាក្សត្រ​ខ្មែរ​ថា​ជា​អ្នកយកព្រះទ័យទុកដាក់ខ្លាំង​លើ​វិស័យ​ព្រះពុទ្ធសាសនា។ ហើយ​ថា​នៅ​ថ្ងៃ​ថ្វាយព្រះប​រម​ងារ​នៅ​ថ្ងៃទី៣មិថុនា​នោះ តំណាង​អង្គការ​អន្តរជាតិ​ផ្នែក​ព្រះពុទ្ធសាសនា​មកពី​ប្រទេស​ចំនួន៣ គឺ ម៉ុង​ហ្គោ​លី នេ​ប៉ាល់ និង ប្រទេស​ជប៉ុន គឺជា​អ្នក​នាំយក ព្រះ​បរម​ងារ ភ្ជាប់​ជាមួយនឹង​បណ្ណ​បញ្ជាក់​ព្រះ​បរម​ងារ​នេះ ថ្វាយ​ព្រះមហាក្សត្រ។

លោក ជ័យ ចាប ដែល​ធ្លាប់បាន​ចូលរួម​ប្រជុំ​ស្តីពី​ការរៀបចំ​ពិធី​ថ្វាយព្រះប​រម​ងារ​ដល់​ព្រះមហាក្សត្រ​ដែរនោះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«គេ​បានសម្រេច​ថ្វាយព្រះប​រម​ងារ​កិត្តិយស​នេះ ដល់​ព្រះមហាក្សត្រ​យើង ពីព្រោះ​គេ​បាន​តាមដាន​ឃើញ​ព្រះអង្គ​គឺជា​អ្នក​បដិបត្តិ​ព្រះពុទ្ធសាសនា​ពិតប្រាកដ និង​បាន​យកព្រះហរទ័យ​ទុកដាក់​លើ​វិស័យ​ព្រះពុទ្ធសាសនា​ខ្លាំង​មែនទែន។ ព្រះអង្គ​យាង​តាំងសីល​រាល់ថ្ងៃ​សីល​ទាំង៤ដង​ក្នុង​មួយខែ។ ក្រៅពី​ព្រះវិហារ​ព្រះ​កែវ​មរកត ​ព្រះអង្គ​ក៏​យាង​ទៅ​វត្តផ្សេងៗដែរ។ ហើយ​ព្រះអង្គ​ឧបត្ថម្ភ​ច្រើនណាស់​ដល់​វិស័យ​ព្រះពុទ្ធសាសនា»។ លោក ជ័យ ចាប ដែលជា​អតីត​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ព្រះ​បរម​ងារ​យ៉ាង​ដូច្នេះ៖«ព្រះ​ស្រី​លោក​ធម្មិករាជ មានន័យថា ក្សត្រ​ដែល​យកចិត្តទុកដាក់ និង​ឧបត្ថម្ភ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ក្នុង​ពិភពលោក»។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​ឲ្យ​ដឹងថា មនុស្ស​ជិត២ម៉ឺន​នាក់​នឹង​អាចមាន​វត្តមាន​នៅក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃទី៣មិថុនា​នោះ ដោយ​ក្នុងនោះ​គ្រាន់តែ​ព្រះសង្ឃ​នឹងមាន​ចំនួន១ម៉ឺន​អង្គ​រួចទៅហើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធានរដ្ឋសភា​លោក ហេង សំរិន តំណាង​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​តាម​ក្រសួង និង​មន្ត្រីរាជការ នឹងមាន​វត្តមាន​នៅក្នុង​ពិធី​នោះដែរដើម្បី​សម្រួល​ដល់ការ​រៀបចំ​ពិធី កំណាត់​ផ្លូវ​ជុំ​វិញ​ព្រះបរមរាជវាំង នឹង​ត្រូវ​បិទ​ចាប់ពីថ្ងៃទី​២​មិថុនា៕



© រក្សាសិទ្ធិដោយ thmeythmey.com