ជាតិ
សង្គមជាតិ
ក្រសួង​ការងារ៖ ច្បាប់​សហជីព​បង្កើតឡើង​ដើម្បី​ការពារ​ប្រយោជន៍​អ្នកពាក់ព័ន្ធ
31, May 2015 , 10:04 am        
រូបភាព
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី ២៩ខែឧសភា​កន្លងទៅ បានចេញ  សេចក្តីប្រកាស​ព័ត៌មាន​មួយ បំភ្លឺ​ទៅដល់​សាធារណៈជន​ជុំវិញ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​គ្រោង​អនុម័ត​នាពេលឆាប់ៗខាងមុខ។ កា​រប​ភ្លឺ​នេះ ក៏​ស្រប​ពេលដែល​អង្គកា​រវិ​ជ្ជា​ជីវៈ​មួយចំនួន​បាន​ជំទាស់​ទៅនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​ក្រសួង​បានរៀបចំ​តាក់តែង​ជាង៧ឆ្នាំនេះ​ផងដែរ។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ច្បាប់​សហជីព​នេះ​បង្កើតឡើង​ក្នុង​គោលដៅ​ចំនួន៥ រួមមាន​ទី១. ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​បងប្អូន​កម្មករនិយោជិត​ទី២.ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ របស់​និយោជិត និង​និយោជក ទី៣. ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ទី៤.រួមចំណែក​ក្នុងការ​បង្កើត​ការងារ​សមរម្យ និង​ទី៥. បង្កើន​ផលិតភាព​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ​និយោជិត។

ក្រៅ​តែ​ចំណុចសំខាន់ៗទាំង៥នេះ ក្រសួង​ការងារ​ក៏បាន​គូសបញ្ជាក់ថា ច្បាប់​នេះ​ក៏មាន​គោលដៅ​ទប់ស្កាត់​មជ្ឈដ្ឋាន​មួយចំនួន​តូច​ដែលមាន​ចេតនា​អាក្រក់​ចង់​បន្ត​ប្រើប្រាស់​កម្មករ និយោជិត ឬ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា បម្រើ​ដល់​ផលប្រយោជន៍​របស់​ខ្លូន និង​បក្ខពួក​ផងដែរ។

តែ​យ៉ាងណាក៏ដោយ ក្រសួង​ការងារ​បាន​អះអាងថា ខ្លឹមសារ​នៃ​ច្បាប់​នេះ គឺ​ឈរលើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុសញ្ញា​លេខ៨៧ និង​លេខ៩៨របស់​ILO បទពិសោធន៍​របស់​ប​ណ្តា​ប្រទេស​នានា​លើ​ពិភពលោក ព្រមទាំង​មាន​ទម្រង់ និង​លក្ខណៈ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ស្របតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា។ ជាមួយគ្នា​នោះ ក្នុង​ដំណើរការ​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ចាប់​តាំង​ខែវិច្ឆិកា ឆ្នាំ២០០៨មក ក្រសួង​បាន​បាន​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ(ILO) និង​បាន​ដាក់ជូន​ភាគី​ពាក់ព័ន្ធ​ជាពិសេស​សហជីព និង​និយោជក​ពិនិត្យ និង​ពិភាក្សា​ជា​បន្តបន្ទាប់ ព្រមទាំង​បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន៧លើក ហើយ​មតិយោបល់​របស់​ភាគីនីមួយៗ ត្រូវបាន​យកមក​បញ្ចូល​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ ក្នុងនោះ​ក្រុម​សហជីព ដែល​កំពុង​ជំទាស់​នឹង​ច្បាប់​នេះ​ក៏បាន​ចូលរួម​ពិភាក្សា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com