ជាតិ
សង្គមជាតិ
លោក ហោ ណាំហុង ថា UNHCR កំពុង​រក​ប្រទេស​ទី៣ សម្រាប់​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា
02, Jun 2015 , 2:48 pm        
រូបភាព
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ប្រា​ប់លោក Scott Busby ឧបការី​រង​ក្រសួងការបរទេស អាមេរិក ថា កម្ពុជា​បានផ្ដល់​លក្ខខណ្ឌ​ជា​ជនភៀសខ្លួន ដល់​ជនជាតិ​ម៉ុង​តា​ញ៉ា ចំនួន ១៣ រួចហើយ ហើយ​នៅពេលនេះ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​កម្ពុជា (UNHCR) កំពុង​ស្វែងរក​ប្រទេស​ទី៣ ដើម្បី​បញ្ជូន​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ​ឲ្យ​ទៅ​រស់នៅ​បន្ត ។ការបញ្ជាក់​របស់លោក ហោ ណាំហុង បែបនេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​ជាមួយ​លោក Scott Busby ឧបការី​រង​ក្រសួងការបរទេស​អាមេរិក​នៅ ព្រឹក​ថ្ងៃទី២ ខែមិថុនា នា​ទីស្តីការ ក្រសួង។



ឆ្លើយ​នឹង​សំនួរ​របស់លោក Scott Busby ដែល​បាន​សួរនាំ​ពី​ករណី​ជនជាតិ ម៉ុង​តា​ញ៉ា​ទាំង១៣នាក់ ដែល​បានមក​កម្ពុជា​នោះ លោក ហោ ណាំហុង បាន​បញ្ជាក់ថា កម្ពុជា​បាន​អនុវត្ត និង​គោរព​អនុសញ្ញា​អន្តរជាតិ ស្តីពី​ការទទួល យក​ជនភៀសខ្លួន ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី។ ថ្លែងប្រាប់​ចំពោះមុខ​អ្នកកាសែត លោក​ប្រមុខ​ការបរទេស​កម្ពុជា បាន​បន្ថែមថា៖«ហើយ​ឥឡូវនេះ​យើង​បាន​ឲ្យ​លក្ខខណ្ឌ ជា​ជនភៀសខ្លួន១៣នាក់ ទៅ​ជនជាតិ​ម៉ុង​តា​ញ៉ា ហើយ ដូច្នេះ​តំណាង​UNHCR នៅ​ភ្នំពេញ កំពុង​រក​ប្រទេស​ទី៣ ដើម្បី​បញ្ជូន​ពួកគេ​ទៅទៀត គឺ​អត់​បញ្ហា។ ហើយ​ខ្ញុំ​ថា យើង​បានទទួល​អស់​ច្រើនណាស់»។

ជាមួយគ្នានេះ​លោក ហោ ណាំហុង ក៏បាន​ប្រាប់​ទៅកាន់​លោក Scott Busby ឧបការី​រង​ក្រសួងការបរទេស​អាមេរិក​ទៀតថា មុននឹង​ផ្ដល់​លក្ខខណ្ឌ​ជូន​ជនភៀសខ្លួន​ទាំងនោះ កម្ពុជា​ត្រូវ​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ជាមុនសិន ពោល​បានន័យថា​មិនមែន​ចេះតែ​ផ្ដល់​លក្ខខណ្ឌ​ជូន​នោះទេ។ «បើ​ធ្វើតាម​ឯកឧត្តម(លោក Scott Busby) ប្រហែល​ជាមាន៥០ម៉ឺន ១លាន​វៀតណាម​មក​ធ្វើ​ម៉ុង​តា​ញ៉ា​ហើយ យើង​ចេះតែ​ឲ្យ​វៀតណាម​មក ឲ្យ​តែ​វៀតណាម​ចូលមក​ប្រទេស​ខ្មែរ ឲ្យ​លក្ខខណ្ឌ​ជា​ម៉ុង​តា​ញ៉ាជ​ន​ភៀសខ្លួន អ៊ីចឹង​វៀតណាម​មក​អាច៥០០ពាន់ ១លាន​នាក់​ហើយ»។នេះ​ជាការ​បញ្ជាក់​របស់លោក​ប្រមុខ​ការបរទេស​កម្ពុជា។

កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក សខេង​បាន​បញ្ជាក់ថា មូលហេតុ​ដែល​កម្ពុ​ជាទ​ទួល​យក​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ទាំង១៣នាក់​នោះ គឺ​ដោយសារ​កម្ពុជា​អនុវត្តតាម អនុសញ្ញា​អន្តរជាតិ ស្តីពី​ការទទួល យក​ជនភៀសខ្លួន​និង​ច្បាប់​អន្តោ​ស​ប្រវេសន៍​របស់​កម្ពុជា ។

គួរ​បញ្ជាក់ថា ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំង ១៣ នាក់​នោះបានរ​ត់ម​កពួន​រស់​នៅ​ក្នុងព្រៃ​ខេត្តរតនគិរី កាលពី​ចុងឆ្នាំ២០១៤ ដោយ​ពូកគេ​ទាំងនោះ​រត់គេច​ពី​ការធ្វើ​បាប រង​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម ៕


© រក្សាសិទ្ធិដោយ thmeythmey.com