ជាតិ
សង្គមជាតិ
អាមេរិក​ស្នើ​រដ្ឋាភិបាល​កម្ពុជា​បង្ហា​ញ​សេចក្តីព្រាងច្បាប់ NGOs ឲ្យ​បាន​ឆាប់
02, Jun 2015 , 3:56 pm        
រូបភាព
សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ជា​ប្រធានបទ​ក្តៅ​ដ៏​ចម្រូងចម្រាស់​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល។ ខណៈ​សេចក្តីព្រាងច្បាប់​នេះ ត្រូវគេ​រំពឹងថា នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​នៅ​ចុង​សប្តាហ៍​នេះ មន្ត្រីការទូត​អាមេរិក​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​សេចក្តីព្រាងច្បាប់​នេះ  ជា​សាធារណៈ​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន ដើម្បី​អាច​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សា និង​ផ្តល់យោបល់ មុននឹង​បញ្ជូនទៅ​រដ្ឋសភា។



ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក Scott Busby ឧបការី​រង​នៃ​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ជា​សាធារណៈ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ឲ្យ​អង្គការ​សង្គម​ស៊ីវិល បាន​ពិភាក្សា និង​ផ្តល់យោបល់ មុននឹង​បញ្ជូនទៅ​រដ្ឋសភា។

នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី២មិថុនា​នេះ លោក​ឧបការី​រង​នៃ​ក្រសួងការបរទេស​អាមេរិក បាន​ថ្លែងថា៖«រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៅដល់​អ្នកពាក់ព័ន្ធ ដើម្បី​អាច​ឲ្យ​ពួកគេ​បាន​ពិភាក្សា និង​ផ្តល់យោបល់ មុននឹង​បញ្ជូនទៅ​រដ្ឋសភា ដើម្បី​អនុម័ត»។

លោក បន្តថា៖«រាជរដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​ឡើងវិញ អំពី​ខ្លឹម​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ហើយ​ដែល​យើង​ជឿជាក់ថា ច្បាប់​នេះ​ហាក់​មិនចាំបាច់​មាន​នោះទេ នៅ​ខណៈ​ពេលនេះ។ ហើយ​បើ​ចាំបាច់​ត្រូវតែ​អនុម័ត យើង​សង្ឃឹមថា នឹង​ជួយ​អង្គការ​សង្គម​ស៊ីវិល មិនមែន​រឹតត្បិត​នោះទេ»។ សូម​រំ​ឮ​កថា តាម​ការស្នើសុំ​របស់លោក​ស្រី ហីល​ឡា​រី គ្លិន​តុ​ន អតីត​ប្រមុខ​ការទូត​អាមេរិក កម្ពុជា​បាន​ព្យូ​រ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ​ម្តង​រួចហើយ។

សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម កំពុងតែ​ជា​ប្រធានបទ​ក្តៅ​ដ៏​ចម្រូងចម្រាស់​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល។ តំណាង​អង្គការសហប្រជាជាតិ​មួយចំនួន និង​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បានចេញ​មុខ​សំដែង​ការព្រួយបារម្ភ​ជា​ចំហ ទល់នឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា រហូតដល់​រដ្ឋាភិបាល​កម្ពុជា​ចេញ​កំណត់​ទូត​តទល់​នឹង​ការអត្ថាធិប្បាយ​របស់ អង្គការ​អន្តរជាតិ និង​ទូត​អាមេរិក​ទៀតផង។

ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់​រដ្ឋាភិបាល​ថា​កំពុង​តាក់តែង សេចក្តីព្រាងច្បាប់​ដែល​មិនមាន​ការចូលរួម​ពី សង្គម​ស៊ីវិល ហើយ​ដែលមាន​ខ្លឹមសារ​រឹតត្បិត​សិទ្ធិ និង​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែ​ផ្ទុយ​ពី​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល រាជរដ្ឋាភិបាល កម្ពុជា អះអាងថា​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ដែល​គេ​រំពឹងថា នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​នៅ​ចុង​សប្តាហ៍​នេះ បង្កើតឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល  និង​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​វិស័យ៕




© រក្សាសិទ្ធិដោយ thmeythmey.com