ជាតិ
សង្គមជាតិ
ប្រទេស​ចំនួន៣៧ ជួបគ្នា​ក្នុង​កិច្ចប្រជុំ ICC-Angkor លើក​ទី២៤
04, Jun 2015 , 9:41 am        
រូបភាព
សៀមរាប៖ កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា ICC-Angkor បានចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ កិច្ចប្រជុំ​មាន​រយៈពេល ២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៥ ឧសភា នៅ​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​សមាជិក​មក​ពី ៣៧ប្រទេស ក្នុង​ទ្វីប​ចំនួន៥ ។



ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ឲ្យ​ដឹងថា ខ្លឹមសារ​សំខាន់​សម្រាប់​កិច្ចប្រជុំ ICC-Angkor នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ​ការងារ​របស់​ក្រុមបច្ចេកទេស ក្នុងការ​ជួសជុល និង​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ។ លោក​បន្តថា ក្រៅពីនេះ​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​វប្បធម៌ បុរាណវិទ្យា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក៏​នឹង​ត្រួតពិនិត្យ​លើ​ការអនុវត្ត អនុសាសន៍​នានា ដែល​គណៈកម្មាធិការ​នេះ​បានអនុម័ត កាលពី​កិច្ចប្រជុំពេញអង្គរ​កាល​ពី​ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ​ផងដែរ។

បើតាម​លោក ឡុង កុសល ដដែល កិច្ចប្រជុំ​នេះ​ក៏​នឹង​និយាយ​ពី​កិច្ចការ​ស្រាវជ្រាវថ្មីៗ ផ្នែក​បុរាណវិទ្យា និង​គម្រោង​ត​អភិរក្ស​ជា​បន្តបន្ទាប់​ទៀតផង​ដែរ។ លោក​បញ្ជាក់ថា ជា​ចុងបញ្ចប់​រយៈពេល​ពេញ២ថ្ងៃ គណៈកម្មាធិការ​គ្រប់​ជំនាញ​ទាំងអស់ នឹង​អនុម័ត​អនុសាសន៍​រួម សម្រាប់​ក្រុមបច្ចេកទេស ដើម្បី​យកទៅអនុវត្ត​ជា​បន្ត។

អ្នកចូលរួម​មាន​ប្រមាណ៣០០នាក់ ដែល​អ្នក​ទាំងនោះ មកពី៣៧ប្រទេស ក្នុង​ទ្វីប​ចំនួន៥ និង​ស្ថាប័ន​អង្គការ​អន្តរជាតិ​ចំនួន ១៣ ជា​សមាជិក។ ហើយ​កិច្ចប្រជុំ ICC-Angkor លើក​ទី២៤នេះ មានការ​ចូលរួម​ពី លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ ICC-Angkor លោក តា​កា​ហ៊ី​សា ហ្សូ​ហ្គា​វា (Takahisa Tsugawa) អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន និង​លោក រ៉ូ​មុំ​ា​ង លូ​វ៉េ (Romain Louvet) ទីប្រឹក្សា​ផ្នែក​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​បារាំង។

គួររម្លឹកថា គណៈកម្មាធិការ ICC-Angkor បង្កើតឡើង នៅ​ឆ្នាំ១៩៩៣ ក្រោយ​ស​និ្ន​សីទ អន្តរជាតិ​លើក​ទី១ ស្តីពី អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ពេល​ទទួល​ចុះឈ្មោះ​ប្រាសាទអង្គរវត្ត ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com