កីឡាជាតិ
ជាតិ
U-23 ជួប​ឥណ្ឌូនេស៊ី​ល្ងាច​នេះ ខណៈ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ឧបត្ថម្ភ១ម៉ឺន​ដុល្លារ​នូវ​រាល់​ជ័យជម្នះ
06, Jun 2015 , 2:51 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ​កម្ពុជា ត្រូវ​ជួប​តទល់​ជាមួយ​ឥណ្ឌូនេស៊ី​នៅវេលា​ម៉ោង៧ និង៣០នាទី​ល្ងាច​នេះ នៅ​កីឡដ្ឋាន Jalan Besar Stadium សម្រាប់​ការប្រកួត​លើក​ទី​ពីរ​ក្នុង​ពូ​ល A ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ។



U-23 កម្ពុជា ដែល​បាន​យកឈ្នះ​ហ្វីលីពីន ៣-១ នៅ​ថ្ងៃ​បើកឆាក នឹងត្រូវ​អវត្តមាន​ខ្សែការពារ​ឆ្នើម ណុប តុលា ដោយសារ​បញ្ហា​របួស។ កម្ពុជា​មិនដែល​មាន​ប្រវត្តិ​ឈ្នះ​ឥណ្ឌូនេស៊ី​ឡើយ​ក្នុងជំនួប​ស៊ី​ហ្គេម ដោយ​ចាញ់ ១០-០ នៅ​ឆ្នាំ១៩៩៥ ចាញ់ ១-០ នៅ​ឆ្នាំ១៩៩៩ ចាញ់ ៣-១ នៅ​ឆ្នាំ២០០៧ ចាញ់ ៦-០ នៅ​ឆ្នាំ២០១១ និង​ចាញ់ ១-០ នៅ​ឆ្នាំ២០១៣ ។

ប្រាក់រង្វាន់​ឧបត្ថម្ភ៖

លោក ឆាំង ពិសិដ្ឋ អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ U-23 បាន​និយាយប្រាប់​សារព័ត៌មានថ្មីៗ តាម​ទូរ​សព្ទ​នៅថ្ងៃនេះ​ថា៖ «ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​និយាយ​មក​ប្រាប់​ក្រុម​យើង ថាស​ម្តេច ហ៊ុន សែន នឹង​ឧបត្ថម្ភ​ប្រាក់១ម៉ឺន​ដុល្លារ​អាមេរិក​នូវ​រាល់​ជ័យជម្នះ​របស់​ក្រុម មានន័យថា គាត់​បាន​ត្រៀម​រួចជាស្រេច​ហើយ​ក្នុង​ទឹកប្រាក់១ម៉ឺន​ដុល្លារ​សម្រាប់​ជ័យជម្នះ​លើ​ហ្វីលីពីន​កន្លងមក»។

លោក​ពិសិដ្ឋ បាន​បន្ថែម​ដែរ​ថា លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឧបត្ថម្ភ​ដល់​ក្រុម U-23 រួចហើយ​នូវ​ទឹកប្រាក់​ចំនួន១០០០ដុល្លារ​អាមេរិក​សម្រាប់​ការ​ការហូបចុក​របស់​ក្រុម​ទាំងមូល។

ក្រៅពី​ការប្រកាស​ឧបត្ថម្ភ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ត្រៀម​ថវិកា១ម៉ឺន​ដុល្លារ​រួចជាស្រេច​សម្រាប់ U-23 ចំពោះ​ជ័យជម្នះ ៣-១ លើ​ហ្វីលីពីន រួមទាំង​ការឧបត្ថម្ភ​បន្ថែម១០០ដុល្លារ​អាមេរិក​ទៀត​ដល់​រាល់​សមាជិក​ក្រុម U-23 ។

លោក ខៀវ សា​ម៉េ​ត អនុប្រធាន FFC បាន​បញ្ជាក់ថា បើ U-23 កម្ពុជា​យកឈ្នះ​ឥណ្ឌូនេស៊ី នៅថ្ងៃនេះ ពួកគេ​នឹង​ទទួលបាន១ម៉ឺន​ដុល្លារ​បន្ថែមទៀត ហើយ​រាល់​សមាជិក​ទាំងអស់​នឹង​បាន​បន្ថែម​ផងដែរ​នូវ​ទឹកប្រាក់ម្នាក់ៗចំនួន២០០ដុល្លារ​អាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com