ជាតិ
សង្គមជាតិ
បុគ្គលិក​ខ្លះ​នៅ​សៀមរាបគ្មានការងារធ្វើ​ព្រោះរងឥទ្ធិពល​ខែ​ខ្សត់​ភ្ញៀវ
07, Jun 2015 , 2:51 pm        
រូបភាព
សៀមរាប៖ មាន​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ខ្លះ​នៅ​ខេត្តសៀមរាប ត្រូវបាន​ថៅកែ​ទម្លាក់​ថ្លៃ​ប្រាក់ខែ។ បញ្ហា​នេះ​ដោយសារ​ថៅកែ​បាន​យោង​លើ​ហេតុផល ពុំមាន​អតិថិជន ដែល​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់ចុះ និង​ខ្លះទៀត​រកលុយ​ពី​ក្រៅ​ដើម្បី​ទប់​មុខរបរ​របស់ខ្លួន​ជាដើម។ បញ្ហា​ដដែល​នេះ បាន​បង្ខំ​ឲ្យ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ខ្លះ ចុះ​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ប្រាក់ខែ​ដើម​វិញ ហើយ​មាន​ហាង ភោជនីយដ្ឋាន​ខ្លះ ក៏ត្រូវ​បិទទ្វា​ផង ព្រោះ​មិនអាច​ធ្វើតាម​សំណូមពរ​របស់​បុគ្គលិក​ខ្លួន។



ចំនួន​ភ្ញៀវទេសចរ ចាប់ផ្តើម​ស្ងាត់​ចាប់ពី​ខែឧសភា និង​បន្ត​អួ​ស​បន្លាយ​រហូតដល់​ខែតុលា។ នេះ​ជា​រដូវ​កាលដែល​គេ​ហៅថា ឡូ​សេ​សិន (Low season) ដែល​ខ្មែរ​យើង​ហៅថា ខែ​ស្ងាត់​ភ្ញៀវ​នោះ។ មួយទៀត អំឡុង​ពេលនេះ ជា​រដូវប្រាំង ដែល​ក្តៅ​ហួតហែង ហើយ​ដែល​ភ្ញៀវទេសចរ​មិន​ចង់​ដើរ​ផង។

ខែ​ឡូ​សេ​សិន បានធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា។ ក្រៅពី​ចំណូល​ទេសចរណ៍​ធ្លាក់​ហើយ​នោះ ក្នុងនោះ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក កម្មករ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ភោជនីយដ្ឋាន និង​ហាង​អាហារ​ផង។ ជាក់ស្តែង​នៅ​ខេត្តសៀមរាប មាន​បុគ្គលិក​ខ្លះ គ្មាន​ការងារ​ធ្វើ ដោយសារ​ឥទ្ធិពល​ខែ​ស្ងាត់​ភ្ញៀវ​នេះ។ បុគ្គលិក​ហាង ហ្វេ​សសិន កាហ្វេ យូ​រី ដ៏​ធំ​មួយ​នៅ​សៀមរាប បាន​បញ្ចុះតម្លៃ​ប្រាក់​ឈ្នួល ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ផ្ទុះ​កូដកម្ម មិន​ចូលធ្វើការ។ លោក ម៉ម រិទ្ធី ដែលជា​ប្រធាន​សហជីព​កម្មករ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ បុគ្គលិក ហាង​យូ​រី នឹង​រៀបចំ​ពាក្យបណ្តឹង​តាមផ្លូវ​ច្បាប់ ប្តឹង​ម្ចាស់​ក្រុមហ៊ុន។

ក្រៅពី​ក្រុមហ៊ុន យូ​រី ហើយ គេ​ក៏​ឃើញ​មាន​ហាង​អាហារ​ប៊ូ​ហ្វេ ដែលមាន​បុគ្គលិក​ជាច្រើន​មួយទៀត បង្ខំចិត្ត​បិទទ្វារ​ដែរ ដោយ​ផ្តើម​ហេតុ​ដំបូង គឺ​ការទម្លាក់​ថ្លៃ​ប្រាក់ខែ​បុគ្គលិក​នេះឯង។ ហាង​ប៊ូ​ហ្វេ ស្មា​យ បាន​បិទទ្វារ​មួយរយៈ ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​ថៅកែ។ ប្រភពពី​មគ្គុទ្ទេសក៍​ខ្លះ​បាន​និយាយថា ដោយសារ​ហាង​នេះ​គ្មាន​អ​ថិ​តិ​ជន​អំឡុង​ខែ​គ្មាន​ភ្ញៀវទេសចរ​ដើរ​នេះ។ យ៉ាងណា ក្រោយ​បិទទ្វារ​មួយរយៈ​ខ្លី ហាង​អាហារ ប៊ូ​ហ្វេ ស្មា​យ បាន​បើក​ដំណើរការ​ជាធម្មតា​វិញ​ហើយ។

នៅតាម​សណ្ឋាគារ ​ក្នុង​ខេត្តសៀមរាប​វិញ ក៏​មិន​ខុសគ្នា​ដែរ បន្ទប់​ជាច្រើន​នៅ​ទំនេរ គ្មាន​អ្នក​ដេក។ ហាងលក់វត្ថុអនុស្សាវរីយ៍ ក៏គ្មានអ្នកទិញ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ដូចជា​ភាសា​កូរ៉េ ជប៉ុន អង់គ្លេស រុស្សី និង​ឥណ្ឌូនេស៊ី​ជាដើម​នោះ ក៏មាន​ពេល​សម្រាក​នៅផ្ទះ​ច្រើន ក្នុង​មួយខែ​ពួកគេ​ដើរ​ភ្ញៀវ​តែមួយ​ក្រុម​ទៅ​ពីរ​ក្រុម និង​ខែ​ខ្លះ ក៏​គ្មាន​ផង។

គេ​មិនអាច​ដឹង​ពិតប្រាកដ នៃ​ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ខេត្តសៀមរាប អំឡុង​ខែ​ស្ងាត់​ភ្ញៀវ​នេះ​បានឡើយ​ទេ។ មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​លើក​ហេតុផល​ថា ខ្លួន​មាន​ភាពយឺតយ៉ាវ​ចំពោះ​ការ​បូកសរុប​របាយការណ៍​ទេសចរ​នេះ ចាប់ពី​ខែមេសា​មក៕
 


© រក្សាសិទ្ធិដោយ thmeythmey.com