ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ថា​ឥទ្ធិពល​បទបញ្ជា០១រដ្ឋាភិបាល​នៅមាន​ចន្លោះប្រហោង
09, Jun 2015 , 5:33 pm        
រូបភាព
 
អង្គការ​មិនមែន​រដ្ឋាភិបាល បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ថា ប្រជាពលរដ្ឋ​ដែល​បាន​វាស់វែង​ដី​តាម​បទបញ្ជា០១របស់​រដ្ឋាភិបាល បានទទួល​ប័ណ្ណកម្មសិទ្ធិ​ដី​មួយចំនួន​សម្រាប់​ដី​របស់​ពួកគេ ប៉ុន្ដែ​ដី​ពលរដ្ឋ​ជាច្រើន​ទៀត​នៅ​មិនទាន់​បានផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ពួកគេ​ដែរ។សង្គម​ស៊ីវិល​យល់ថា បទបញ្ជា០១នេះ នៅមាន​ភាព​ចន្លោះប្រហោង ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រឡប់​ទៅ​បង្ហើយ​ការងារ​នៅ​តំបន់​ដែល​បាន​វិនិច្ឆ័យ​រួច តែ​មិនទាន់​បានបញ្ចប់​ការងារ​ចុះបញ្ជី​ចប់សព្វគ្រប់។អង្គការ​មិនមែន​រដ្ឋាភិបាល បានរៀបចំ​សិក្ខ​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី ការអនុវត្ត និង​ឥទ្ធិពល​បទបញ្ជា០១ នៅ​ព្រឹក​ថ្ងៃទី០៩ មិថុនា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់។



លោក តឹក សុវណ្ណារ៉ា នាយក​ប្រតិបត្តិ​អង្គការ​មិនមែន​រដ្ឋាភិបាល មានប្រសាសន៍ថា​បទបញ្ជា០១រដ្ឋាភិបាល​នេះ ផ្ដល់នូវ​លទ្ធផល​ច្របូកច្របល់​នៅ​តំបន់​ដែល​ធ្លាប់មាន​ជម្លោះដីធ្លី។ ការអនុវត្ត​បទបញ្ជា០១នេះ លើដី​ជនជាតិដើម​ភាគតិច​បាន​បង្កើតជា​ក​ង្វ​ល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការវាស់វែង​លើដី​សហគមន៍ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្នើ​ប័ណ្ណកម្មសិទ្ធិ​ចុះកិច្ចសន្យា​យល់ព្រម​ចាកចេញ​ពី​សហ​គម​ន៍ និង​បោះបង់​សិទ្ធិ​លើដី​កេ​រ្ត៍​ពី​ដូនតា​ទាំងអស់។លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា ដី​មាន​ជម្លោះ​ត្រូវបាន​វាស់វែង​ក្នុង​កម្រិត​ខ្ពស់ តែ​លទ្ធផល​នៃ​ដំណើរ​ការសម្រេច​ជោគជ័យ ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ បានតែ​មួយ​ភាគ​បួន​នៃ​ករណី​ទាំងអស់ ប្រហែលជា៥០ភាគរយ​មិន​ត្រូវបាន​ដោះស្រាយ​បន្ទាប់ពី​បញ្ចប់​បទបញ្ជា០១ នៅ​តំបន់​សិក្សា​ទាំងនេះ។

លោក​ថា មូល​ហេតុដែល​នាំអោយមាន​ការស្រាវជ្រាវ​នេះ​ឡើង គឺ​ដើម្បី​បំពេញ​ចន្លោះប្រហោង នៃ​ការខ្វះខាត​ព័ត៌មាន​ទាក់ទង​នឹង​ការអនុវត្ត​បទបញ្ជា​ទី០១របស់​រដ្ឋាភិបាល និង​ការវាយតម្លៃ​ទៅលើ​ការរិះគន់ចម្បងៗ ចំពោះ​យុទ្ធនាការ​នេះ។ ការស្រាវជ្រាវ​នេះ​ប្រើប្រាស់​វិធីសាស្ត្រ​ចម្រុះ ទាំង​បែប​គុណភាព និង​បរិមាណ។

នាយក​ប្រតិបត្តិ​អង្គការ​មិនមែន​រដ្ឋាភិបាល​រូបនេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​លទ្ធផល​លម្អិត​អំពី​ការអនុវត្ត​បទបញ្ជា០១ ។ ផ្សព្វផ្សាយ​នូវ​តារាង​សម្បទាន​ដី​សេដ្ឋកិច្ច​ច្បាសលាស់​ដែល​បាន​កាត់ចេញ ឬ​លុបចោល​តាម​ការអនុវត្ត​តាម​បទបញ្ជា០។ បញ្ជាក់​ពី​ស្ថានភាព និង​ទិន្នន័យ​ដី​សម្បទាន​ដែល​លុបចោល និង​ដី​សម្បទាន​ដែល​បន្ដ​មាន​សកម្មភាព។ បន្ដ​ស៊ើបអង្កេត និង​លុបចោល​នូវ​សម្បទាន​ណា ដែល​មិន​គោរព​តាម​ក្រម​ខណ្ឌ​ច្បាប់ ឬ​កិច្ចសន្យា។ ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ការងារ​របស់​អន្តរក្រសួង ដែល​ធ្វើការ​លើដី​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​បង្កើន​តម្លាភាព និង​គណនេយ្យភាព ក៏ដូចជា​ផ្សព្វផ្សាយ​បញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ស៊ើបអង្កេត​ជាដើម។

យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​មកដល់​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ យុទ្ធនាការ​អនុវត្ត​បទ​បញ្ជា ០១ បាន​វាស់វែង​ក្បាលដី​ច្រើនជាង ៧១ម៉ឺន​ប្លង់ ក្នុង​ឃុំ​ចំនួន ៣៥៧ និង​បានផ្តល់​ប័ណ្ណកម្មសិទ្ធិ​ចំនួន ៦១ម៉ឺន​ប្លង់​ជូន​ប្រជាពលរដ្ឋ ក្នុង​ចន្លោះពេល​នៃ​ការចាប់ផ្តើម​យុទ្ធនាការ នៅ​ខែមិថុនា ឆ្នាំ២០១២ និង​ខែធ្នូ​ឆ្នាំ២០១៤ ។ រហូតដល់​ខែធ្នូ​ឆ្នាំ២០១៤ ដី​សរុប​ប្រមាណ ១,២ លាន​ហិកតា ត្រូវបាន​រៀបចំ​ឡើងវិញ​តាមរយៈ​បទបញ្ជា០១ ដោយ​ក្នុងនោះ​មាន ដី​សម្បទាន​សេដ្ឋកិច្ច៣២ភាគរយ ព្រៃ​សម្បទាន២៣ ភាគរយ និង​តំបន់​ដី​រដ្ឋ និង​ដីព្រៃ​ផ្សេងទៀត៥៥ភាគរយ។ ចាប់ពី​ខែសីហា ឆ្នាំ២០១៤ ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន ត្រូវបាន​លុបចោល​ទាំងស្រុង។

កាលពី​ខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាល​កម្ពុជា បានចេញ​នូវ​បទបញ្ជា០១ ស្ដីពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​ប្រកាស​ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​គោលនយោបាយ​និង​លក្ខខណ្ឌ​ទាំងឡាយ​របស់​រដ្ឋាភិបាល​ស្ដីពី​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ចំពោះ​ក្រុមហ៊ុន​ដែល​មិនបាន​អនុវត្តតាម​គោលការណ៍​និតិ​វិធី​ច្បាប់ និង​កិច្ចសន្យា រាជរដ្ឋាភិបាល​និង​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​វិញ ៕


© រក្សាសិទ្ធិដោយ thmeythmey.com