កីឡាជាតិ
ជាតិ
អ្នកគាំទ្រ​ខ្មែរ​មួយចំនួន ថា អាជ្ញាកណ្តាល​ចិន Ma Ning ជា​កីឡា​ករទី១២របស់​សឹង្ហ​បុរី
09, Jun 2015 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកគាំទ្រ​មួយចំនួន​របស់​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ (U-23) មិនទាន់​ស្ងប់ចិត្ត​នោះឡើយ ចំពោះ​លទ្ធផល​ដែល​កម្ពុជា​ទទួលរង​បរាជ័យ ៣-១ ដោយសារ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី នា​ការប្រកួត​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នៅ​កីឡដ្ឋាន Jalan Besar កាលពី​រាត្រី ថ្ងៃ​ចន្ទ។ ពួកគេ​បាន​សរសេរ​ទាំង​ខឹងសម្បារ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក​អាជ្ញាកណ្តាល Ma Ning មាន​ភាពលំអៀង​ទៅលើ​ម្ចាស់ផ្ទះ។



លោក Ma Ning ជនជាតិ​ចិន អាយុ៣៦ឆ្នាំ គឺជា​អាជ្ញាកណ្តាល​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ចាប់តាំងពី​ឆ្នាំ២០១១ មក ហើយ​លោក​បាន​បម្រើ​តួនាទី​យ៉ាង​ទៀងទាត់​នៅក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​ចិន និង​ការប្រកួត​អន្តរជាតិ​នានា ជាពិសេស​ក្នុង​ទ្វីបអាស៊ី​ទាំងមូល។

អ្នកគាំទ្រ​កម្ពុជា ដែល​ខឹងសម្បារ​យ៉ាងខ្លាំង​បានចាត់ទុក​អាជ្ញាកណ្តាល​រូបនេះ ជា​កីឡា​ករទី១២ របស់​សឹង្ហ​បុរី នា​អំឡុង​នៃ​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ខណៈ​ទាំង​កម្ពុជា និង​ម្ចាស់ផ្ទះ​ត្រូវការ​បី​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​តោង​យក​ឱកាស​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

នៅក្នុង​ការប្រកួត លោក Ma Ning ត្រូវបាន​អ្នកគាំទ្រ​ខ្មែរ​វាយតម្លៃថា ចាប់កំហុស​ខាង​កម្ពុជា​ច្រើនជាង​ខាង​សឹង្ហ​បុរី។ «ខ្មែរ​ធ្វើ​ខុស​តិចតួច​ពិន័យ ខណៈ​សឹង្ហ​បុរី ឈូស​ជើង​ផង ឲ្យ​កែង​ផង អត់​មាន​ពិន័យ​អ្វី​សោះ» នេះ​ជាការ​លើកឡើង​របស់​អ្នកគាំទ្រ​ម្នាក់។

គេហទំព័រ​កីឡា​ដ៏​ល្បី FourFourTwo ក៏បាន​សរសេរ​នៅលើ​ព័ត៌មាន​របស់ខ្លួន​ផងដែរ​ថា​លទ្ធផល​នៃ​ការប្រកួត​អាចមាន​ការប្រែប្រួល​ខ្លាំង ប្រសិន​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​ឲ្យ​កម្ពុជា​នៅ​ដើមតង់​ទីមួយ ខណៈ​រូបភាព​វីដេអូ​ពិតជា​បង្ហាញ​ឲ្យ​ឃើញថា ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវ​ខ្សែការពារ​សឹង្ហ​បុរី Shakir ឈួ​ស​ឲ្យ​ដួល​នៅ​តំបន់​គ្រោះថ្នាក់។

ចំណុច​ផ្សេងទៀត ដែល​គេ​បានកត់សម្គាល់​នោះ គឺ​ការផ្តល់​ឲ្យ​សឹង្ហ​បុរី ទាត់​បាល់​ពិន័យ​ដោយមាន​រនាំង​ការពារ​នៅ​តំបន់​គ្រោះថ្នាក់ បន្ទាប់ពី​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន គ្រាន់តែ​ចាប់​បាល់​ដែល​ផ្លាត​ពី​ជើង​របស់​ខ្សែបម្រើ ឈិន ឈឿន។ ចំណុច​ផ្សេងទៀត​មានដូចជា ការផ្តល់​កាត​លឿង​ឲ្យ ចាន់ វឌ្ឍនាកា និង​ការអនុញ្ញាត​ឲ្យ​សឹង្ហ​បុរី ទាត់​បញ្ចូល​ទី​គ្រាប់​ទី​បី ខណៈ​កីឡាករ​នៅ​តំបន់​អក​ហ្សឺ ជាដើម។

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម U-23 កម្ពុជា បាន​សម្តែង​ការខឹង​សម្បារ​ចំពោះ​លោក អាជ្ញាកណ្តាល Ma Ning នៅពេល​លោក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ផងដែរ។ លោក​បាន​ចោល​ប៊ិច បន្ទាប់ពី​បាន​មើលឃើញ​ការកាត់ក្តី​ដ៏​អយុត្តិធម៌។ លោក​បាន​កាត់​សម្គាល់​ផង​ដែរ​ថា អាជ្ញាកណ្តាលបាន​ធ្វើឲ្យខាតពេល​ជាច្រើន​ក្នុងការប្រកួតតាមរយៈការ​រត់ចុះឡើង​ទៅសួរ​ជំនួយការរបស់ខ្លួន ដោយគ្មាន​ប្រើ​កាសដើម្បីទំនាក់ទំនងគ្នា។


ចុះ​អ្នក​វិញ មើលឃើញ​យ៉ាងដូចម្តេច​ដែរ​ចំពោះ​ការប្រកួត​រវាង​កម្ពុជា និង​សឹង្ហ​បុរី?



© រក្សាសិទ្ធិដោយ thmeythmey.com