កីឡាជាតិ
U-23 កម្ពុជា​ប្រកួត​ចុងក្រោយ​ជាមួយ​មី​យ៉ាន់​ម៉ារ​នៅ​ម៉ោង៧ និង៣០នាទី​ល្ងាច​នេះ
10, Jun 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ (U-23) ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​ក្នុង​ពូ​ល A ជាមួយ​មី​យ៉ាន់​ម៉ារ​នៅវេលា​ម៉ោង៧ និង៣០នាទី​ល្ងាច​នេះ នៅ​កីឡដ្ឋាន JalanBesar។ បរាជ័យ២ប្រកួតជាប់ៗគ្នា​បាន​នាំ​ឲ្យ កម្ពុជា​ធ្លាក់​ចេញពី​ការប្រកួត​ដូច​ហ្វីលីពីន ខណៈ​មី​យ៉ាន់​ម៉ារ​ដែល​ឈ្នះ​ទាំងបី​ប្រកួត​កន្លងមក មាន​កៅអី​រួចជាស្រេច​ក្នុង​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​លើក​ទី២៨ ។



នា​ជំនួប​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម មី​យ៉ាន់​ម៉ារ​ដែលជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ២០១៣ បាន​យកឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល ៣-០ ។ សម្រាប់​ពូ​ល A នេះ ម្ចាស់ផ្ទះ​សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី ត្រូវ​តទល់​គ្នា​នៅ ថ្ងៃស្អែក សម្រាប់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ នៅក្នុង​ពូ​ល B វៀតណាម និង​ថៃ មាន​កៅអី​រួចទៅហើយ ដោយ​ម៉ាឡេស៊ី ឡាវ ទី​ម័​រ​ខាងកើត និង​ប្រ៊ុយណេ បាន​ហាលអាវ។

U-23 កម្ពុជា ធ្លាប់​ឈ្នះ​មី​យ៉ាន់​ម៉ារ​ក្នុង​លទ្ធផល ៣-១ កាលពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ១៩៩៧នៅក្នុង​ទីក្រុង​ហ្សា​រ​តា ប្រទេស​ឥណ្ឌូនេស៊ី ដោយនៅ​កាលណោះ កីឡាករ​ហុក សុចិ​ត្រា រកបាន២គ្រាប់ និង​តុ​ន វុទ្ធី ជួយ​បាន១គ្រាប់។ នៅ​ឆ្នាំ​នោះ ផងដែរ កម្ពុជា​បញ្ចប់​យុទ្ធនាការ​នៅ​វគ្គ​ជម្រុះ​ជាមួយនឹង​ការទទួលបាន៦ពិន្ទុ​ជា​លើកដំបូង។

ជាមួយគ្នានេះ​ផងដែរ ជ័យជម្នះ នឹង​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទទួល​ប្រាក់រង្វាន់១ម៉ឺន​ដុល្លារ​អាមេរិក​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង១ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕





© រក្សាសិទ្ធិដោយ thmeythmey.com