កីឡាជាតិ
ជាតិ
មុន​ត្រឡប់មកផ្ទះ​វិញ U23 កម្ពុជាបញ្ចប់​​លទ្ធ​ផល​ស្មើ ៣-៣ ជាមួយ​មី​យ៉ាន់​ម៉ារ
10, Jun 2015 , 10:22 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ​កម្ពុជា បានបញ្ចប់​លទ្ធផល​ស្មើ ៣-៣ ជាមួយ​មី​យ៉ាន់​ម៉ា​រនា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី២៨ នៅ​កីឡដ្ឋាន Jalan Besar Stadium ដោយ​កីឡាករ កែវ សុខ​ផេង រកបាន​ពីរ​គ្រាប់ ហើយ ចាន់ វឌ្ឍនាកា ដែល​មិត្ត​រួម​ក្លិប​បឹងកេត​របស់គេ បន្ថែម​បាន​មួយ​គ្រាប់​។



កម្ពុជា​បាន​នាំមុខ ២-០ នៅក្នុង​តង់​ទីមួយ។ ខ្សែបម្រើ ទិ​ត្យ ឌី​ណា ទាត់​បាល់​ចេញពី​ជ្រុង ហើយ​អ្នកចាំទី​មី​យ៉ាន់​ម៉ារ Phyo Aung Wai បាន​ទះ​បាល់​ទៅ​ធ្លាក់ចំ​ពីមុខ កែវ សុខ​ផេង ដែល នាំ​ឲ្យ​ខ្សែប្រយុទ្ធ​បឹងកេត​អង្គរ​រូបនេះ រកបាន​គ្រាប់​បាល់​នាំមុខ​ឲ្យ​កម្ពុជា​នៅ​នាទី ទី២៧ ។

គ្រាប់​បាល់​ទី​ពីរ​របស់​កម្ពុជា បាន​កើតឡើង​នៅក្នុង​នាទី​បន្ថែម​នៃ​តង់​ទីមួយ ជាមួយ​ការសម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​លើក​ទី​ពីរ​របស់ ចាន់ វឌ្ឍនាកា។ វឌ្ឍនាកា ខ្លួនឯង ត្រូវ​ខ្សែការពារ​មី​យ៉ាន់​ម៉ារ Phyo Ko Ko Thein ធ្វើ​ឲ្យ​នៅ​តំបន់​គ្រោះថ្នាក់ ហើយ​ការ​ទាត់​របស់គេ​ត្រូវ​ទះ​ចេញ​ដោយ​អ្នកចាំទី Phyo Aung Wai ប៉ុន្តែ​ដោយសារ​បាល់​នៅ​បន្ត​រមៀល​ក្នុង​ប្រអប់​គ្រោះថ្នាក់ វឌ្ឍនាកា បានរ​ត់ទៅ​ទាត់​បន្ថែម ហើយ​ត្រូវ​អ្នកចាំទី​មី​យ៉ាន់​ម៉ារ​ធ្វើ​ឲ្យ​ដួល​ម្តងទៀត ដែល​នាំ​ឲ្យ​មានការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ម្តងទៀត។

បន្ទាប់ពី​ការប្រកួត​បាន៧នាទី​នៅ​តង់​ទី​ពីរ ខ្សែបម្រើ Aung Ye Win បា​នរក​គ្រាប់​វាយបក​តាម​ពីក្រោយ​សម្រាប់​មី​យ៉ាន់​ម៉ារ ប៉ុន្តែ​ពីរ​នាទី​ក្រោយមក កែវ សុខ​ផេង បានតែ​ត​បញ្ចូល​ទី​គ្រាប់​ទី​ពីរ និង​ជា​គ្រាប់​បាល់​នាំមុខ ៣-១ សម្រាប់​កម្ពុជា ក្រោយ​ការបញ្ជូន​របស់ ចាន់ វឌ្ឍនាកា។

អ្វីដែល​គួរ​សោកស្តាយ​នោះ កំហុស​នៅ​តំបន់​ការពារ បានធ្វើ​ឲ្យ​ខ្សែបម្រើ Naing Kaung Sat និង​ខ្សែការពារ Aung Si Thu រក​គ្រាប់​បាល់​នៅ​ចុង​តង់ ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល A។

មី​យ៉ាន់​ម៉ារ​ដែលមាន១០ពិន្ទុ​ពី​ការប្រកួត៤លើក​ឈរ​លេខ​មួយ​ពូ​ល A ខណៈ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ កម្ពុជា​បាន​ហាលអាវ​ជាមួយនឹង​ការទទួលបាន៤ពិន្ទុ​ត្រឡប់មកផ្ទះ ខណៈ​ហ្វីលីពីន​ចាញ់​ទាំង៤ប្រកួត។

កីឡាករ​កម្ពុជា៖ អ៊ុំ សេរី​រ័ត្ន (អ្នកចាំទី), នេន សុធា​រ័ត្ន, សឿ​យ វិសាល, សុខ សុវណ្ណ, ហួយ ផល្លី​ន, ឈិន ឈឿន (ប្រធាន​ក្រុម), សុះ ស៊ូ​ហា​ណា, ទិ​ត្យ ឌី​ណា (អុល រ៉ាវី ៨៦), ង៉​យ ស្រ៊ី​ន (សំអឿន ពិដោរ ៧៦), កែវ សុខ​ផេង, ចាន់ វឌ្ឍនាកា៕





© រក្សាសិទ្ធិដោយ thmeythmey.com