កីឡាជាតិ
លើកដំបូង​ក្នុង​ស៊ី​ហ្គេម​ដែល​បាល់ទាត់​កម្ពុ​ជាមាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​រាល់​ការប្រកួត
11, Jun 2015 , 10:13 am        
រូបភាព
អ្នក​ចាំទីមីយ៉ាន់ម៉ារ Aung Wai Phyo ធ្វើ​ឲ្យ​ចាន់ វឌ្ឍនាកា ដួលនៅ​តំបន់គ្រោះ​ថ្នាក់។  Photo: Andrew Ho/SINGSOC
អ្នក​ចាំទីមីយ៉ាន់ម៉ារ Aung Wai Phyo ធ្វើ​ឲ្យ​ចាន់ វឌ្ឍនាកា ដួលនៅ​តំបន់គ្រោះ​ថ្នាក់។ Photo: Andrew Ho/SINGSOC
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ(U23) មិនអាច​ឈានទៅ​កាន់​វ​គ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ទៅតាម​ទិសដៅ​ដែល​បាន​កំណត់ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឡើង​បន្ទាប់ពី​ចំណាត់ថ្នាក់​ត្រឹម​លេខ៤ក្នុង​ពូ​ល​របស់ខ្លួន។ទោះបីជា​យ៉ាងណាក៏ដោយ​កំណត់ត្រា​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​កម្ពុជា​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​រាល់​ការប្រកួត​ជា​លើកដំបូង​បំផុត​បើ​គិត​ចាប់តាំងពី​ការបង្ហាញ​ខ្លួន១៣លើក​កន្លងមក​ក្នុង​ស៊ី​ហ្គេម។



កម្ពុជា​បាន​បើក​ការប្រកួត​របស់ខ្លួន​នៅក្នុង​ពូ​ល​A ជាមួយនឹង​ជ័យជម្នះ៣-១លើ​ហ្វីលីពីន​ប៉ុន្តែ​បាន​ចាញ់​ឥណ្ឌូនេស៊ី៦-១ចាញ់​ម្ចាស់ផ្ទះ​សឹង្ហ​បុរី៣-១មុននឹង​បញ្ចប់​ការប្រកួត​ជាមួយនឹង​លទ្ធផល​ស្មើ៣-៣ជាមួយ​មី​យ៉ាន់​ម៉ារ។

សម្រាប់​ការប្រកួត​ទាំង៤លើក​នៅក្នុង​ពូ​ល​របស់ខ្លួន​ក្រុម​U-23 កម្ពុជា​ទទួលបាន​នូវ​ការកោតសរសើរ​ផង​និង​ការស្តីបន្ទោស​ផង។ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប៨គ្រាប់​ដែល៣គ្រាប់​សម្រេច​ដោយ​ចាន់​វឌ្ឍនាកា៣គ្រាប់​រកបាន​ដោយ​កែវ​សុខ​ផេង​និង២គ្រាប់​របស់​ប្រាក់​មុន្នី​ឧ​ត្ត​ម​បានបង្ហាញ​ឲ្យ​ឃើញថា​តំបន់​ប្រយុទ្ធ​របស់​កម្ពុជា​មានការ​វិ​វត្ត​ទៅមុខ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​កីឡាករ​នៅ​តំបន់​ការពារ​ទទួលរង​នូវ​ការរិះគន់​បន្ទាប់ពី​បណ្តោយ​ឲ្យ​គូប្រកួត​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទីចុងក្រោយ​និង​នាទី​បន្ថែម​ដែលមាន​រហូតដល់​ទៅ៦គ្រាប់​ក្នុងការ​ប្រកួត៤លើក។

ក្នុង​ជ័យជម្នះ៦-១លើ​កម្ពុជា​ក្រុម​ឥណ្ឌូនេស៊ី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៩០+៣ហើយ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​រកបាន​ទាំងបី​គ្រាប់​នៅ​ចុង​តង់ (នាទី៤៥+១,៤៥+២និង៩០ ) នាពេល​បំបាក់​កម្ពុជា៣-១ហើយ​ការប្រកួត​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ៣-៣មី​យ៉ាន់​ម៉ារ​វាយបក​បាន២គ្រាប់​នៅ​នាទី​ទី៨៩និង៩០+។

បើ​យោងតាម​កំណត់ត្រា​ប្រកួត​កន្លងមកនេះ​ជា​លើក​ទី២ដែល​កម្ពុជា​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ចំនួន៨គ្រាប់​ពី​ការប្រកួត​ក្នុង​ពូ​ល​និង​ជា​ចំនួន​ដែល​ច្រើន​បំផុត​ខណៈ​ការសម្រេច​លើក​ទី១បាន​កើតឡើង​កាលពី​ឆ្នាំ១៩៩៧នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុមបាល់ទាត់​កម្ពុជា​មិន​ដែលមាន​ប្រវត្តិ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើយ។កំណត់ត្រា​ដែល​ល្អ​បំផុត​គឺ​នៅក្នុង​ឆ្នាំ១៩៧១នៅ​ម៉ាឡេស៊ី​ដោយ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​បី​ដោយមាន៣ពិន្ទុ​ស្មើ​ក្រុម​លេខ២ថៃ​ប៉ុន្តែ​ចាញ់​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី។នៅ​ឆ្នាំ១៩៩៧កម្ពុជា​បញ្ចប់​ចំណាត់ថ្នាក់​លេខ​បី​ផងដែរ​ហើយ​ទទួលបាន៦ពិន្ទុ​ដែលជា​ពិន្ទុ​ដ៏​ខ្ពស់បំផុត​របស់​ក្រុម​កម្ពុជា​នៅក្នុង​ស៊ី​ហ្គេម។

ចំពោះ​កំណត់ត្រា​ដែល​អាក្រក់​បំផុត​កម្ពុជា​បញ្ច​ប់​ចំណាត់ថ្នាក់​ចុង​គេ​បំផុត​ក្នុង​ពូ​ល​រហូតដល់៨លើក​ដោយ៥លើក​គ្មាន​ពិន្ទុ​រាប់​ហើយ២លើក​ទទួលបាន១ពិន្ទុ​ត្រឡប់មកផ្ទះ​វិញ។ការបង្ហាញ​ខ្លួន​ឡើងវិញ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នា​ឆ្នាំ១៩៩៥នៅ​ប្រទេស​ថៃ​ក្រុមបាល់ទាត់​កម្ពុជា​ទទួល​បាន​មេរៀន​ដ៏​ខកចិត្ត​បំផុត​ដោយ​ការប្រកួត​ចំនួន៤លើក​ត្រូវបាន​គូប្រជែង​ស៊ុត​បញ្ចូល​ទី​លើ​ខ្លួន​រហូតដល់៣២គ្រាប់​និង​គ្មាន​ការ​វាយបក​ទៅវិញ​សូម្បីតែ១គ្រាប់៕






© រក្សាសិទ្ធិដោយ thmeythmey.com