កីឡាជាតិ
ស៊ី​ហ្គេម៖ ប៉េតង់​កម្ពុជា​ចូលក្នុង​តំបន់​មេដាយ​ពីរ​វិញ្ញាសា​ទៀតហើយ
11, Jun 2015 , 12:06 pm        
រូបភាព
 ក្រុមកីឡា​ប៉េតង់​កម្ពុជា វាយ​គូ​នារី និង​វាយ​គូ​បុរស បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្ររៀងៗ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​តឹងតែង​នៅលើ​ទីលាន Padang ប្រទេស​សឹង្ហ​បុរី ពីរ​ថ្ងៃ​ចុងក្រោយ​នេះ។


សម្រាប់​វិញ្ញាសា​វាយ​គូ​នារី កីឡាការិនី កែ ឡេង និង​អ៊ុក ស្រីមុំ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ២នៅ​វគ្គ​ជម្រុះ ក្រោយ​ជ័យជម្នះ ១១-៧ លើ​មី​យ៉ាន់​ម៉ា ១៣-៨ លើ​ឡាវ ១៣-០ លើ​ម៉ាឡេស៊ី ១៣-៧លើ​សឹង្ហ​បុរី ១៣-០ លើ​ហ្វីលីពីន និង​ចាញ់​វៀតណាម ១៣-៦ ។

នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កែ ឡេង និង​អ៊ុក ស្រីមុំ ប៉ះ​ជាមួយ​ក្រុម​ថៃ ដែលមាន​កីឡាការិនី ThamakordThongsriនិង WongchuvejPhantipha ខណៈ​កីឡាការិនី វៀតណាម Ngo ThiHuyen Tran និង Nguyen ThiThiជួប​កីឡាការិនី​ឡាវ KeovongsothSiphachanhនិង SisavathChindavone។

ចំពោះ​វិញ្ញាសា​វាយ​គូ​បុរស កីឡាករ ឌី សុ​បញ្ញា និង​យឹម សុ​ភ័​ណ្ឌ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ៤នៅ​វគ្គ​ជម្រុះ ជាមួយនឹង​ជ័យជម្នះ ១៣-០ លើ​មី​យ៉ាន់​ម៉ារ ១៣-១ លើ​ប្រ៊ុយណេ ១៣-២លើ​ឡាវ ១១-៩លើ​ម៉ាឡេស៊ី តែ​ចាញ់​សឹង្ហ​បុរី ១៣-០ ថៃ ១៣-១ វៀតណាម ១៣-០ ។

នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឌី សុ​បញ្ញា និង​យឹម សុ​ភ័​ណ្ឌ ប៉ះ​ជាមួយ​ក្រុម​ថៃ ដែលមាន​កីឡាករ  Phusa-At Thaloengkiatនិង SriboonpengSarawuthខណៈ​កីឡាករ​ម៉ាឡេស៊ី MusminSaifulBahriនិង​TemiziMohamadNuzulAzwanប៉ះ​កីឡាករ​ក្រុម​កីឡាករ​វៀតណាម Ngo Ron និង Tran Thach Lam៕


© រក្សាសិទ្ធិដោយ thmeythmey.com