កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ គ្រូបង្វឹក​កម្ពុជា និង​សឹង្ហ​បុរី សុទ្ធតែ​អះអាងថា មានការ​ត្រៀមខ្លួន​បានល្អ
11, Jun 2015 , 2:21 pm        
រូបភាព
លោក Kazunori Ohara គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ និង​លោក Bernd Stange គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​របស់​ពួកគេ​មាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ជំនួប​បើកឆាក​ពូ​ល E នៃ​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ កម្ពុជា​បើកទ្វា​ទទួលភ្ញៀវ​សឹង្ហ​បុរី​នា​វេលា​ម៉ោង៦ និង៣០នាទី​ល្ងាច​នេះ​នៅ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។



លោក Kazunori Ohara គ្រូបង្វឹក​ជនជាតិ​ជប៉ុន បាន​លើកឡើងថា កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​នា​ការប្រកួត​មិត្តភាព​ពីរលើក​កន្លងមក​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ និង​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ារ ហើយ​លោក​រំពឹងថា ស្ថានភាព​នឹង​ល្អប្រសើរ​នា​ជំនួប​ផ្លូវការ​ជាមួយ​សឹង្ហ​បុរី។

លោក​បាន​កត់សម្គាល់ថា៖ «កីឡាករ​កម្ពុជា​សុទ្ធតែ​មានការ​តាំងចិត្ត​ខ្ពស់​សម្រាប់​ជំនួប​ដ៏​សំខាន់​នេះ។ ជាមួយនឹង​កម្លាំងចិត្ត​របស់​ក្រុម​អ្នកគាំទ្រ​នៅលើ​ទឹកដី​របស់ខ្លួន ខ្ញុំ​មានជំនឿថា ការប្រកួត​លើកដំបូង​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​របស់​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ»។

ស្របពេល​ជាមួយគ្នានេះ ផងដែរ គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ លោក Bernd Stange ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូ​ម៉​ង់ អ៊ីរ៉ាក់ និង​បេឡា​រុស ទាំង​ក្លិប​មួយចំនួន​នៅ​អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន អូស្ត្រាលី និង​ស៊ី​ប ចាប់ពី​ឆ្នាំ១៩៧០ មក​នោះ មានជំនឿថា សឹង្ហ​បុរី នឹង​ដណ្តើមបាន​បី​ពិន្ទុ​នា​ការប្រកួត​បើកឆាក។

«ការប្រកួត World Cup ជាការ​ប្រកួត​ដ៏​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​នានា​លើ​ពិភពលោក។ ពិតណាស់​នៅក្នុង​ពូ​ល E នេះ ជប៉ុន​គឺជា​ក្រុម​ដែលមាន​កម្រិត​ខ្ពស់​ជាងគេ ប៉ុន្តែ​យើង​នៅតែមាន​ក្តីសង្ឃឹម​ខ្ពស់។ សម្រាប់​ជំនួប​ជាមួយ​កម្ពុជា បើទោះបី​យើង​មានជំនឿថា​ឈ្នះ​ក៏ដោយ ប៉ុន្តែ​យើង​ត្រូវតែ​គោរព​គូប្រកួត»។ នេះ​ជាការ​លើកឡើង​របស់លោក Bernd Stange ដោយ​កត់សម្គាល់​ផងដែរ​ថា កម្ពុ​ជាមាន​ការវិវត្ត​យ៉ាងច្រើន​នា​រយៈពេល​ចុងក្រោយ​នេះ ជាពិសេស​សមត្ថភាព​កីឡាករក្មេងៗនៅ​តំបន់​ប្រយុទ្ធ។

នា​សន្និសីទ​សារព័ត៌មាន​ផងដែរ ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា គួច សុគ​ម្ភៈ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ចូលរួម​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​ទាំងមូល ហើយ​ខ្សែប្រយុទ្ធ​រូបនេះ បាន​អះអាងថា កីឡាករ​ទាំងអស់​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​នាំយក​ជ័យជម្នះ​ជូន​ជាតិ។

មុន​ជំនួប​ល្ងាច​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​មិត្តភាព​ដោយ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ឡាវ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ឈ្នះ​មី​យ៉ាន់​ម៉ារ ១-០ នៅលើ​ទឹកដី​ថៃ ខណៈ​សឹង្ហ​បុរី​ឈ្នះ​ប្រ៊ុយណេ ៥-១ ឈ្នះ​បង់​ក្លា​ដេ​ស ២-១ ស្មើ​ហ្គា​ម ២-២ និង​ចាញ់​ថៃ ២-០ ។

សម្រាប់​ជំនួប​ចុងក្រោយ កាលពី​ឆ្នាំ២០១៤ សឹង្ហ​បុរី បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-២ ខណៈ ឃួន ឡា​បូ​រ៉ាវី គឺជា​ស៊ុត​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​សម្រាប់​ក្រុម​កម្ពុជា៕





© រក្សាសិទ្ធិដោយ thmeythmey.com