ជាតិ
សង្គមជាតិ
​លោ​ក ថោង ​សារ៉ាត់ ​និង​​ឪ​ពុ​កម្តាយ​​ជាប់​​ព​ន្ធ​នា​គារ​​ជាង​២ឆ្នាំម្នាក់​​ ​ពីបទ​កាន់​​កាប់​​អា​វុធ​​ខុ​ស​ច្បាប់​​
15, Jun 2015 , 3:36 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី១៥ ខែមិថុនា​នេះ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រមសម្រេច​ឃុំខ្លួន​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ក្នុងពន្ធនាគារ​ចំនួន២ឆ្នាំម្នាក់​ និង​​ពិន័យប្រាក់ចំនួន​​ ៦​លាន​​រៀល​​។ ​ចំណែក​​លោក ​ថោង សារ៉ាត់ និង​អង្គរក្ស​ម្នាក់ទៀតជាប់ពន្ធនាគារ ២ ឆ្នាំ ៦ខែ ​​ពិន័យប្រាក់ចំនួនន​ ៦លានរៀល​ចូ​លរដ្ឋ ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់។



ការប្រកាសសាលក្រម នៅរសៀលនេះ ពុំមានវត្តចុងចោទលោក ថោង សារ៉ាត់ លោក ថោង ចំរើន និងអង្គរក្សម្នាក់ទៀតនោះទេ គឺមានតែវត្តមាន អ្នកស្រី កែវ សារី តែប៉ុណ្ណោះ។ បន្ទាប់ពីតុលាការ​​ប្រកាស​សាល​ក្រម​​រួច​ អ្នកស្រី កែវ ​សារី​ មិ​ន​​​បា​​​ន​ឆ្លើយ​​​ត​​​​បអ្វី​ទាំង​​អ​​ស់​ទៅ​​កា​ន់​​សំ​ណួរ​របស់​អ្ន​កសា​​រព័ត៌​​មា​ន ​នៅ​ក្នុង​តុ​លា​ការ​​។​

មេធាវី​ការពារ​ក្តី​ឲ្យ​ឪពុកម្តាយ​លោក ថោង សារ៉ាត់ លោក លីម វណ្ណា បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា តុលាការ​ស​ម្រ​ច​សាលក្រម​ឃុំខ្លួន​កូនក្ដី​របស់លោក ចំនួន២ឆ្នាំ និង​បង់​ជា​ទឹកប្រាក់​ម្នាក់ ចំនួន៦លាន​រៀល។ មេធាវីបានបដិសេ​ធសាលក្រមនេះ​ថា កូនក្ដី​របស់លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ការសម្រេច​នេះ​គឺជា​ភាពអយុត្តិធម៌​សម្រាប់​កូនក្ដី​លោក​។ លោក​ថា៖«ការ​ចោទ​គ្មានធាតុផ្សំបទ​ល្មើសគ្រប់គ្រាន់​ទេ។ យើង​​​នឹង​​បន្ដ​ធ្វើ​បណ្តឹង​ទាស់​​រឿងនេះ​​​ទៅ​កាន់​​សាលា​ឧ​ទ្ធរណ៍​​​ទៀត»​។ តែយ៉ាងណា មេធាវីការពារក្តី មិនទាន់កំណត់ថ្ងៃដាក់បណ្តឹងទៅ ឧទ្ធរណ៍នោះទេ ដោយពួកគេរង់ចាំពិភាក្សាជាមួយកូនក្តីជាមុនសិន។

ដោយឡែក​លោក ថោង សារ៉ាត់ និង​អង្គរក្ស​ម្នាក់ទៀត ឈ្មោះ តាំង សុខ ជាប់ពន្ធនាគារ ២ ឆ្នាំ ៦ខែ ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បង់​ជា​ទឹកប្រាក់​ម្នាក់ ៦លាន​រៀល។

តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ បទ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បាន​ចែងថា គ្រប់​បុគ្គល​ដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន​យកតាម​ខ្លួន​ឬ ដឹកជញ្ជូន​នូវ​អាវុធ​គ្រឿងផ្ទុះ​ឬ​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៦លាន​រៀល។

គួររម្លឹកថា អំឡុង​សវនាការ​អស់​រយៈពេល​ប្រមាណ ៤ម៉ោង កាលពី​រសៀល​ថ្ងៃទី២០ ខែឧសភា ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​ចោទប្រកាន់ថា ជា​អ្នកផ្តើមគំនិត​នៅ​ក្នុងករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ និង​បទចោទប្រកាន់​មួយទៀត ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់។ ជាមួយគ្នានេះ លោក ថោង ចំរើន និង​លោកស្រី កែវ សារី ដែល​ត្រូវជា​ឪពុកម្តាយ​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត ក៏បាន​ចូលរួម​សវនាការ​ផងដែរ។

ចៅក្រម​ជំនុំជម្រះលោក ឃី ឆៃ បាន​ប្រាប់​តុលាការ​ថា នគរបាល​បាន​ចុះទៅ​ផ្ទះ​របស់​អ្នក​ទាំង​បីនាក់​កាលពី​ខែធ្នូ បន្ទាប់ពី​ករណី​ឃាតកម្ម​លើ​ឧ​ញ៉ា អ៊ឹង ម៉េង​ជឺ ដោយ​រកឃើញ​គ្រាប់កាំភ្លើង និង​អាវុធ​ចំនួន ១៥ដើម ក្នុងនោះ កាំភ្លើង AK-47 ចំនួន​បួន​ដើម។ លោក​បញ្ជាក់ថា ក្នុងចំណោម​អាវុធ ទាំងអស់ ពួកគេ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​កាន់កាប់​តែ​ពីរ​ប៉ុណ្ណោះ។

ជាមួ​យគ្នាកា​លនោះ​ ឧត្តម​សេ​នីយ៍​ទោ​ មាស វណ្ណា ​នា​យករង​ខុទ្ទាកាល័​យ​ក្រសួង​ការ​ពារជាតិ ​បានថ្លែង​បញ្ជាក់ប្រាប់តុ​លាកា​រថា​ ក្រសួង​បានចេញអាជ្ញាប័ណ្ណ​​កាំភ្លើង​ចំ​នួន​​ ៩​ដើ​ម​​​​​​​​ដល់​​លោក ថោង សា​​រ៉ាត់​ កា​ល​ពី​ខែមិថុនា ឆ្នាំ​​២០​១៤​ និង ​២ដើមទៅ​​លោក ​ថោង​ ​ចំរើន និង​​លោកស្រី​ កែ​វ សា​រី ស​ម្រាប់បំពេ​ញបេស​កកម្ម។ លោ​កថា៖«​លិ​ខិតអនុ​ញ្ញា​ត​​ប្រើ​ប្រាស់​​​កាំ​ភ្លើង​​​ទាំង ១​​១ ​ដើមនេះ នៅ​មានសុ​​ពលភា​ពនៅឡើ​យ សម្រាប់​​បំពេញ​បេស​កកម្មឲ្យក្រសួង។ ប៉ុន្តែខ្ញុំ​មិ​ន​​អា​ច​​ប​​ញ្ជា​ក់​​​​លើ​ស​​ពីនេះ​​ទេ​​ ព្រោះ​​​​នេះ​ ​ការស​​ម្ងាត់​របស់​​ជាតិ»​៕​​






© រក្សាសិទ្ធិដោយ thmeythmey.com