ជាតិ
EU ៖ការកាប់​ព្រៃឈើ​ជា​បញ្ហា​ចម្បង​ដែល​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់
17, Jun 2015 , 7:59 pm        
រូបភាព
 
សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ការពារ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា។ សហភាព​អឺរ៉ុប​ប្រារព្វ​ពិធី​បើក​យុទ្ធនាការ​ការទូត​ស្ដីពី ការប្រែប្រួល​អាកាសធាតុ «យើង​ត្រូវ​ចាប់ផ្ដើម​ឥឡូវនេះ» នៅ​ព្រឹក​ថ្ងៃទី១៧ មិថុនា នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប។



លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូតា​ន់ មានប្រសាសន៍ថា ក្នុងនាម​ជា​ដៃគូ​ឈានមុខ​របស់​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប​គាំទ្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​កម្ពុជា។ ទន្ទឹមនឹង​ការចូលរួមចំណែក​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​នេះ សហភាព​អឺរ៉ុប និង​បណ្ដា​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ចាប់ផ្ដើម​ចាប់ដៃ​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ការបើក​យុទ្ធនាការ​ការទូត​អំពី​អាកាសធាតុ​ក្រោម​ប្រធានបទ «យើង​ត្រូវ​ចាប់ផ្ដើម​ឥឡូវនេះ»។

ជាមួយគ្នានេះ​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ បាន​បញ្ជាក់ថា ដើម្បី​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​នានា រដ្ឋាភិបាល​កម្ពុជា​គប្បី​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​លើ​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់។ ជាពិសេស​ការសាងសង់​វា​រី​អគ្គិសនី ដែល​តម្រូវ​ឲ្យ​មាន​កាប់​ព្រៃឈើ ដូចនេះ​រដ្ឋាភិបាល​ត្រូវមាន​ការត្រួតពិនិត្យ និង​វិភាគ​ពី​ផលប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ។ហើយ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ត្រូវ​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ«អ្វីដែល​ត្រូវ​ធ្វើជា​ចម្បង​ជាងគេ គឺ​ការប្រយុទ្ធប្រឆាំង​ការកាប់បំផ្លាញ់​ព្រៃឈើ​ខុសច្បាប់ ។ ហើយ​ចំណុច​នេះ​គឺ​ទាក់ទង​និតិរដ្ឋ​នៅក្នុង​ប្រទេស​នីមួយ​ដែរ។នេះ​ជាការ​បញ្ជាក់​របស់លោក​ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូតា​ន់។

លោក​ឯកអគ្គរដ្ឋទូត​បន្ថែមថា គោលដៅ​ចូលរួមចំណែក របស់​សហភាព​អឺរ៉ុប​នេះ​គឺជា​យោបល់​ដើម្បី​ចែករំលែក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់ និង​ពិចារណា​ឲ្យ​បានច្បាស់លាស់ ព្រោះ​អ្វីដែល​សហភាព​អឺរ៉ុប​លើកឡើង​នេះ គឺជា​បទពិសោធន៍​ខុសឆ្គង ដែល​សហគមន៍​អឺរ៉ុប​ធ្លាប់ធ្វើ​កំហុស​ពី​អតីតកាល​កន្លងមក។

លោកស្រី គ្រីស្ទី​ណា ប្រធាន​សហប្រតិបត្តិកា​រ​ស៊ុយអែត​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ក៏មាន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ផងដែរ ដែល​ត្រូវការ​ពេលវេលា​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ។លើសពីនេះ​ការអប់រំ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​នានា ឲ្យ​មានការ​យល់ដឹង ដើម្បី​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយ។

សហភាព​អឺរ៉ុប និង​ដៃគូ​ជា​សមាជិក​ខ្លួន នឹង​រៀបចំ​សន្និសីទ​បើក​យុទ្ធនាការ​ការទូត​ស្ដីពី ការប្រែប្រួល​អាកាសធាតុ «យើង​ត្រូវ​ចាប់ផ្ដើម​ឥឡូវនេះ» នៅតាម​បណ្ដា​ប្រទេស​ទាំងអស់ ដើម្បី​យក​ក្តីបារម្ភ​នៃ​ការប្រែប្រួល​អាកាសធាតុ​តាម​ប្រទេសនីមួយៗ ទៅ​ពិភាក្សា​នៅក្នុង​សន្និសីទ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ COP21 ដែល​នឹង​រៀបចំ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី៣០ វិច្ឆិកា ដល់​ថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៥ខាងមុខ៕


© រក្សាសិទ្ធិដោយ thmeythmey.com