ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​ថា រដ្ឋសភា​គួរតែ​ពន្យា​ពេល​អនុម័ត​ច្បាប់​NGOសិន
17, Jun 2015 , 9:19 pm        
រូបភាព
 
លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី១រដ្ឋសភា មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នេះ គួរតែ​ពន្យា​ពេល​សិន​ព្រោះថា​ប្រទេស​កម្ពុជា​នាពេល​មិនទាន់​ចាំបាច់​ត្រូវការ​ច្បាប់​នេះ​នៅឡើយ​ទេ។ ការលើកឡើង​របស់លោក កឹម សុខា នេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១០ ពិភាក្សា​អំពី​ក្ដីកង្វល់​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី១៧ មិថុនា នា​វិមាន​រដ្ឋសភា។



ក្នុងជំនួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១០ទាំងនោះ លោក កឹម សុខា មិន​ហ៊ាន​បញ្ចេញមតិ ឬ​យោបល់​ប្រតិកម្មខ្លាំងៗលើ​សេចក្ដីព្រាងច្បាប់​នេះឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា រូបលោក​ផ្ទាល់ និង​អ្នកតំណាងរាស្ត្រ​ដទៃទៀត មិនទាន់​ដឹង​និង​បានទទួល​សេចក្ដីព្រាងច្បាប់​នេះ ជា​ផ្លូវការ​ច្បាស់លាស់​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ។ តែ​យ៉ាងណា​អនុប្រធាន​ទី១រដ្ឋសភា​រូបនេះ បន្ថែមថា ប្រទេស​កម្ពុជា​នៅមាន​ច្បាប់​ជាច្រើន​ទៀត ដែល​ចាំបាច់​ពិភាក្សា និង​អនុម័ត​មុន​សេចក្ដីព្រាងច្បាប់ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នេះ។

ថ្លែង​ចំពោះមុខ​អ្នកកាសែត លោក កឹម សុខា បានបញ្ជាក់​គោលជំហរ​យ៉ាង​ដូច្នេះ​ថា៖«យើង​គិតថា ប្រទេស​កម្ពុជា​នៅមាន​ច្បាប់​ច្រើនណាស់​ដែល​ចាំបាច់​ជាង ត្រូវការ​បន្ទាន់​ជាង​ច្បាប់​សមាគម និង​អង្គការ​ទៀត ដែល​យើង​ត្រូវ​ការយកមក​ពិភាក្សា​អនុម័ត​មុន…ដូចជា៣ដែល​បានអនុម័ត​នៅពេលដែល​សភា​យើង​មិនទាន់​ជុំគ្នា គួរតែ​យកមក​វិសោធនកម្ម ដើម្បី​ជជែក​គ្នា​ចូលរួម​ទាំង២បក្ស។ឥឡូវនេះ​ខ្ញុំ​បញ្ជាក់ជូន​ថា ទី១យើង​គិតថា​មិនទាន់​ចាំបាច់​ទេ បើ​អាច​ពន្យា​ពេល​បាន គួរតែ​ពន្យា​ពេល​សិន យក​ច្បាប់​ចាំបាច់​មក​ធ្វើ​មុន។ ជំហ​ទី២ បើសិនជា​រដ្ឋាភិបាល​យ​ល់​ថា​ចាំបាច់ បង្ហាញ​ពី​ហេតុផល​ច្បាស់លាស់ យើង​គួរ​មានការ​ពិភាក្សា​បើក​ឲ្យ​ទូលំទូលាយ ហើយ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជា​គំនិត មិនមែន​បើក​ម្ដង បញ្ចូល​សិក្ខាសាលា​មួយ​ភ្លេ​ត ឬមួយ​ថ្ងៃ​ទេ…»។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស ត្រូវបាន​រាជរដ្ឋាភិបាល អះអាងថា បង្កើតឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល  និង​លើកកម្ពស់​កិច្ចប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​វិស័យ។ តែ​យ៉ាងណា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មានការ​ព្រួយបារម្ភ​ថា ច្បាប់​នេះ​អាច​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពួកគេ។ កន្លងមក​សង្គម​ស៊ីវិល​ទាំងនោះ ក៏​ស្នើ​ឲ្យ​រដ្ឋសភា បើក​កិច្ច​ពិគ្រោះ​យោបល់​ដោយ​ចំហរ​ជាមុនសិន​ទៅលើ​សេចក្ដីព្រាងច្បាប់​នេះ មុននឹង​សភា​អនុម័ត។

សេចក្ដីព្រាងច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​អនុម័ត​នេះ​គឺមាន០៩ជំពូក និង៣៩មាត្រា ក្រោយពី​រដ្ឋាភិបាល​បាន​ពិនិត្យ​កែសម្រួល​និង​លុបចោល​ចំនួន២មាត្រា​កាលពី​ថ្ងៃទី៥មិថុនា​កន្លងមក៕




© រក្សាសិទ្ធិដោយ thmeythmey.com