ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​រងគ្រោះ២១៣នាក់​បញ្ជូនមក​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ
18, Jun 2015 , 10:00 am        
រូបភាព
ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅលើ​ទូក​នេសាទ​ចំនួន២១៣នាក់ បាន​ពី​ប្រទេស​ឥណ្ឌូនេស៊ី​បញ្ជូនមក​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពី​ស្ថា​ត​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ជួយសង្គ្រោះ​ពួកគេ​ពី​ការ​ធ្វើបាប​លើ​ទូក​នេសាទ ។



ពលករ​ចំនួន២១៣នាក់ បាន​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិថុនា​នេះ ដោយ​ចេញដំណើរ​ពី​កោះ​អំ​បន់ ប្រទេស​ឥណ្ឌូណេស៊ី តាម​យន្ដហោះ​ប្រភេទ Boeing 737-900 ER ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន PT. Maribu Industries Group ដែលជា​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ​ធ្វើតាម​ការទាមទារ​រប​ស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃ១៧មិថុនា ពលករ​ខ្មែរ​រងគ្រោះ​មួយក្រុម​ទៀត​មាន​ចំនួន១៧នាក់ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង៣និង៥៥នាទី​រសៀល ថ្ងៃទី១៨ ខែមិថុនា ដោយ​ធ្វើដំណើរ​តាម​ជើងយន្តហោះ AK 534 ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ។ ស្ថានទូត​កម្ពុជា​អះអាងថា ការបញ្ជូន​ពលករ​ខ្មែរ​មកវិញ​នេះ គឺ​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ​បាន​ដោះស្រាយ​ប្រាក់បៀវត្ស​រួចរាល់​ជូន​ពលករ​ខ្មែរ​ចំនួន២៣០នាក់​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com