ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ព្រំ​ដែ​ន​៖​ ​រ​ដ្ឋា​ភិ​បា​ល​ប​ន្ត​ត​វ៉ា​បែ​ប​កា​រ​ទូ​ត​ ​ខ​ណៈ​អ្ន​ក​វិ​ភា​គ​ជំ​រុ​ញ​ឲ្យ​ប្តឹ​ង​ទៅ​ស្ថា​ប័​ន​អ​ន្ត​រ​ជា​តិ​
18, Jun 2015 , 3:47 pm        
រូបភាព
លោក ជុំ ​ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា អះអាងថា រដ្ឋាភិបាល​នឹងធ្វើ​ការតវ៉ា​ជាមួយ​វៀតណាម​បន្ដទៀត បើសិន​វៀតណាម​មិន​ព្រម​ធ្វើតាម​កំណត់​ទូត​របស់​កម្ពុជា។ កាលពីពេលថ្មីៗនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​កំណត់​ទូត​ជា​បន្តបន្ទាប់​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ពាក់ព័ន្ធ​នឹង​កា​រំលោភបំពាន​បូរណភាព​ទឹកដី​កម្ពុជា។អ្នកនយោបាយ និង​អ្នកវិភាគ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ទៅកាន់​អង្គការសហប្រជាជាតិ ឬ​ទៅ​តុលាការ​យុត្ត​ធម៌​អន្តរជាតិ​ICJ ដើម្បី​បញ្ចប់​ភាព​ចម្រូង​ស​ចម្រាស​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ក្នុងករណី​វៀតណាម​មិន​ឆ្លើយតប​កំណត់​ទូត​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា។



កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ផ្ញើរ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ជា​បន្ដបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក ជុំ ស​ន្ទ​រី អះអាងថា រដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​ការតវ៉ា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​បន្ដទៀត ដោយ​មិន​ទុក​បញ្ហា​ព្រំដែន​នេះ​ចោល​ទេ បើសិនជា​វៀតណាម​នៅតែ​ព្រងើយកន្ដើយ​មិន​ព្រម​ឆ្លើយតប​នឹង​កំណត់​ទូត​កម្ពុជា។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា៖«យើង​បានធ្វើ​កំណត់​ទូត១០ហើយ វាទ​ទួលបាន​លទ្ធផល​ខ្លះ មិន​ទទួលបាន​លទ្ធផល​ខ្លះ។ លទ្ធផល​ទទួលបាន​គឺ​ភាគី​ទាំងពីរ​បា​នស​ម្រ​សម្រួល​ដោះស្រាយ​បញ្ចប់។ ប៉ុន្ដែ​កំណត់​ទូត​យើង​ទើបតែ​ដាក់​ទៅ​នៅពេលថ្មីៗនេះ ដូច្នេះ​គេ​មិនទាន់​ឆ្លើយតប​មកវិញ​ទេ។ យើង​រងចាំ​មើល​សិន បើ​មិនមាន​ការឆ្លើយតប រដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​ការតវ៉ា​បន្ដទៀត ប៉ុន្ដែ​តាម​រូបភាពផ្សេងៗបែបណា​នោះ គឺ​ខ្ញុំ​មិនទាន់​អាច​ផ្ដល់ព័ត៌មាន​បានទេ ដោយ​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ»។
អ្នកនយោបាយ និង​អ្នកវិភាគ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្ដឹងទៅ​កាន់​អង្គការសហប្រជាជាតិ ឬ​ទៅ​តុលាការ​យុត្ត​ធម៌​អន្តរជាតិ​ICJ ដើម្បី​បញ្ចប់​ភាព​ចម្រូង​ស​ចម្រាស​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​បើសិន​វៀតណាម​នៅតែ​មិន​អើពើ​ចំពោះ​កំណត់​ទូត​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា។

អ្នកវិភាគ​សង្គម​លោក កែម ឡី មានប្រសាសន៍ថា សកម្មភាពភ្លាមៗរបស់​រដ្ឋាភិបាល​កម្ពុ​ជា​ដាក់​កំណត់​ទូត​ទៅកាន់​រដ្ឋាភិបាល​វៀ​ត​ណា​ម គឺ​រឿង​ល្អ​ដែល​គួរ​ឲ្យ​គាំទ្រ​និង​លើកទឹកចិត្ត។ ប៉ុន្ដែ​ការធ្វើ​កំណត់​ទូត​នេះ មិនអាច​ឲ្យ​ភាពចម្រូងចម្រាស​ព្រំដែន​កម្ពុជា​បញ្ចប់​នោះទេ។ អ្នកវិភាគ​រូបនេះ​បន្ថែមថា រដ្ឋាភិបាល​គួរតែ​សិក្សា​ពី​ទឹកដី​នៅតាម​ព្រំដែន​ដែល​បាត់បង់ និង​ដី​ដែល​នៅសល់​ឲ្យ​បាន​ច្បាស់ ដើម្បី​ធ្វើ​បទ​បង្ហាញ​តទល់​ជាមួយ​វៀតណាម ឬ​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន«បើទោះជា​វៀតណាម​ឆ្លើយតប​មួយករណីៗ រឿង​ព្រំដែន​ខ្មែរ និង​វៀតណាម​នេះ​គឺ​អត់​ចប់​ទេ។ កំណត់​ទូត​ហើយ​មិន​ឆ្លើយតប ធ្វើលិខិត​កោះអញ្ជើញ​ប្រមុខ​ទូត​វៀតណាម​នៅ​កម្ពុជា​មក​ជជែក​គ្នា ហើយ​ធ្វើ​បទ​បង្ហាញ​ពី​ព្រំដែន​គ្នា ម្នាក់​ម្ដង​វៀតណាម​បង្ហាញ​ពី​ព្រំដែន​ខ្លួន ហើយ​កម្ពុជា​បង្ហាញ​ព្រំដែន​ខ្លួន។ហើយ​បើ​ចង់​ឲ្យ​បញ្ចប់​ប្ដឹងទៅ​ICJ ។ ហើយ​រដ្ឋាភិបាល​ត្រូវ​អភិវឌ្ឍន៍ ធ្វើ​ផ្លូវ តំបន់​ទេសចរណ៍​នៅតាម​ព្រំដែន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ការពារ ព្រោះ​រដ្ឋាភិបាល​ម្នាក់ឯង​មិនអាច​ការពារ​ព្រំដែន​បានទេ»។នេះ​ជាការ​បញ្ជាក់​របស់លោក កែម ឡី។

លោក រស់ រ៉ាវុធ អ្នកវិភាគ​សង្គម​យល់ថា ការកំណត់​ទូត​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជានា​ពេលនេះ គឺ​គ្រាន់តែ​ចង់​បង្ហាញថា រដ្ឋាភិបាល​មិនបាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ព្រំដែន​ប៉ុណ្ណោះ។លោក​ថា រដ្ឋាភិបាល​មិនត្រូវ​បណ្ដែតបណ្ដោយ​រឿង​បញ្ហា​រំលោភបំពាន​ទឹកដី​ពី​វៀតណាម​នេះ​ទៀត​ទេ។ រដ្ឋាភិបាល​គួរ​ជូនដំណឹង​ទៅ​សមាគមន៍​អាស៊ាន​ឲ្យ​បានដឹង​ពី​បញ្ហា​ឈ្លានពាន​ពី​សំណាក់​វៀតណាម ហើយ​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ។ អ្នកវិភាគ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«កុំថាឡើយ​កំណត់​ទូត១០ ទោះបី​កំណត់​ទូត២០ទៀត ក៏​គ្មាន​ប្រយោជន៍​ដែរ។ ក្នុង​ទិដ្ឋភាព២ បើ​ភាគី​វៀតណាម​មិន​ឆ្លើយតប​កំណត់​ទូត រដ្ឋាភិបាល​កម្ពុជា​ធ្វើលិខិត​កោះអញ្ជើញ​ទូត​វៀតណាម មក​បង្ហាញ​ពី​ការរំលោភបំពាន​ទឹកដី​កម្ពុជា។ ចំណុច​មួយទៀត​ជូនដំណឹង​ទៅ​អាស៊ាន រួច​ប្ដឹងទៅ​អង្គការសហប្រជាជាតិ។

ចំណែក​លោក អ៊ំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​សកម្ម​នឹង​ប​ញ្ហ​ព្រំដែន​នេះ យល់ថា ការកំណត់​ទូត​នេះ​គឺ​រដ្ឋាភិបាល​គ្រាន់តែ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​ប៉ុណ្ណោះ។ លោក​បន្ថែមថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ជំហរ​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន ប្រសិនបើ​វៀតណាម​នៅតែ​មិន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​កំណត់​ទូត​ដែល​កម្ពុជា​បានដាក់​ទៅនោះ ។ ជាមួយគ្នានេះ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណកម្មាការ​ព្រំដែន​ដោយមាន​ការចូលរួម​គ​ណ​បក្សនយោបាយ​ទាំងពីរ​នៅក្នុង​រដ្ឋសភា សង្គម​ស៊ីវិល អង្គការសហប្រជាជាតិ និង​តំណាង​មកពី​ប្រទេស​បារាំង ដើម្បី​កំណត់ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ឲ្យ​បាន​ច្បាស់«រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់​នោះទេ ខ្ញុំ​ចង់​រដ្ឋាភិបាល​បង្ហាញ​ជំហរ​ឲ្យ​បាន​ច្បា​ស់នឹង​ការតវ៉ា​បន្ថែមទៀត បើសិនជា​វៀតណាម​មិន​ឆ្លើយតប​ហើយ​នៅ​កន្លែង​ដដែល​នោះ ដូច្នេះ​រដ្ឋាភិបាល​ត្រូវដាក់​ពាក្យ​ប្ដឹង​ទៅកាន់​តុលាការអន្តរជាតិ​ICJ រួច​ឆ្លើយ​តទល់​ជាមួយគ្នា​នៅ​ទីនោះ»។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ំ សំអាន។

កាលពីពេលថ្មីៗនេះ​ក្រសួងការបរទេស​កម្ពុ​ជា បានដាក់​កំណត់​ទូត​ចំនួន២លើក​ទៅកាន់​ស្ថានទូត​វៀតណាម ក្រោយពី​ភាគី​កម្ពុជា បាន​រកឃើញ​ស្រះ​ទឹក​ចំនួន៨ ជីក​ខុសច្បាប់​ដោយ​ភាគី​វៀតណាម​នៅ​តំបន់ស ដោយ​ខុស​ការកំណត់​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ។ ការអះអាង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​នេះ គឺធ្វើឡើង​ដោយយោង​លើ​ផែនទី​ខ្នាត ១/១០០.០០០ ។ ចំណែក​ថ្ងៃទី១៧មិថុនា ក្រសួងការបរទេស ដាក់​កំណត់​ទូត​ថ្មី​មួយទៀត ទៅកាន់​រដ្ឋាភិបាល​វៀត​ណា​ម ឲ្យ​បញ្ឈប់​ការ​ជីកដី​ធ្វើ​គ្រឹះ​សម្រាប់​ការសាងសង់​ប៉ុស្តិ៍​យោធា នៅត្រង់ចំណុច​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

លិខិត​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ប្រាប់​ទៅ​ប្រធានរដ្ឋសភា លោក ហេង សំរិន ដោយបាន​បញ្ជាក់ថា រូបលោក​បានដាក់​កំណត់​ទូត​ចំនួន៨ច្បាប់ ទៅកាន់​រដ្ឋាភិបាល​វៀត​ណា​ម អំពី​ការរំលោភបំពាន​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់ផ្សេងៗ ចាប់ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៥ ។លោក ហោ ណាំហុង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ពី​ការរំលោភបំពាន​ទឹកដី​កម្ពុជា​នេះ ទៅកាន់​រដ្ឋាភិបាល​វៀត​ណា​ម​ជា​ច្រើនដង​មកហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com