អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាអំណាច​រុស្ស៊ី​មិន​ប្រណាំងប្រជែង​សព្វាវុធ​ជាមួយ​អ្នកណា​ឡើយ
18, Jun 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​រុស្ស៊ី​បានប្រកាស​ជាថ្មី​ថា ខ្លួន​មិនដែល​មានបំណង​ប្រណាំងប្រជែង​សព្វាវុធ​ជាមួយ​អ្នកណា​ឡើយ។ រដ្ឋាភិបាល​រុស្ស៊ី​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​មិនបាន​លើកទ័ព​ដាក់​ក្បែរ​ព្រំដែន​អ្នកណា​ឡើយ ហើយ​បើ​គ្មាន​ការបង្ក​រឿង​ពី​ខាងក្រៅ រុស្ស៊ី​ក៏​មិនចាំបាច់​ត្រូវ​បង្កើន​ទ័ព​ការពារ​ខ្លួន​ដែរ។ ការលើកឡើង​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់លោក​ខាងលិច​ដែល​បញ្ជាក់ថា​រុស្ស៊ី​កំពុង​ទាញ​ពិភពលោក​ឲ្យ​ចូលក្នុង​សង្គ្រាមត្រជាក់​ជាថ្មី។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ



ការប្រកាស​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​កាំជ្រួច​អន្តរទ្វីប​បន្ថែម និង​អនុវត្ត​ទំនើបកម្ម​យោធា​រុស្ស៊ី បានធ្វើ​ឲ្យ​លោកខាងលិច​ជាពិសេស​ណា​តូ និង​សហរដ្ឋអាមេរិក​ខឹង​ផង​ភ័យ​ផង។ អាមេរិក និង​ណា​តូ បាន​ហៅ​ទង្វើ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​ថា​ជា ការបង្ក​គ្រោះថ្នាក់ និង​ព្យាយាម​អូសទាញ​ពិភពលោក​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាមត្រជាក់​ជាថ្មី និង​ប្រើប្រាស់​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ផង។

យ៉ាងណាក៏ដោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បានប្រកាស​ជាថ្មី​ទៀតថា រុស្ស៊ី​គ្មាន​ចេតនា​ប្រណាំងប្រជែង​អាវុធ​ជាមួយ​រដ្ឋ​ណាមួយ​ឡើយ។ សម្រាប់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ការ​ប្រឡូក​ក្នុង​សកម្មភាព​ប្រជែង​សព្វាវុធ នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ទន់ខ្សោយ ប៉ុន្តែ​រុស្ស៊ី​នៅតែ​រក្សា​សិទ្ធិ​ប្រើប្រាស់​អំណាច​ស្វ័យការពារ ទប់ទល់​រាល់​សត្រូវ​ខាងក្រៅ។

រុស្ស៊ី​ពង្រឹង​កម្លាំងយោធា ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ប្រឆាំង​រាល់​ការគំរាមកំហែង​សន្តិសុខ​ពី​ខាងក្រៅ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង Dmitry Peskov បាន​លើកឡើងថា រុស្ស៊ី​មិនបាន​ដឹក​ទ័ព​ទៅ​ដាក់​ព្រំដែន​អ្នកណា​មួយ​ទេ ក្នុង​គោលបំណង​បង្កបញ្ហា​ឡើយ។ ប៉ុន្តែ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ឯណោះ​ទេ ដែល​បង្កើន​ចំនួន​ទ័ព​ឥត​ឈប់ និង​ចេះតែ​បញ្ជូន​ទ័ព​មក​កៀក​ជិត​រុស្ស៊ី​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ដូច្នេះ​បើ​និយាយថា រុស្ស៊ី​ចង់​ប្រណាំង​សព្វាវុធ​និង​ទាញ​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាមត្រជាក់​ជាថ្មី​នោះ នោះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​សោះ។

សម្រាប់​រុស្ស៊ី ការតបត​វិញ​ដោយ​អាវុធ ជា​សិទ្ធិ និង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ប៉ុណ្ណោះ ព្រោះ​រុស្ស៊ី​មិនអាច​នៅ​ស្ងៀម​រង់ចាំ​ឲ្យ​គេ​ជាន់​ឡើយ។ បើ​មានការ​ពង្រាយ​សព្វាវុធ​តាម​ព្រំដែន​រុស្ស៊ី​ដូច​អាមេរិក​ចង់បាន​មែន​នោះ ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​នឹង​ចៀស​មិន​រួច​ឡើយ។

 ដោយសារ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​និង​ការ​លេប​យក​ទឹកដី Crimea សហរដ្ឋអាមេរិក និង សមាជិក​ណា​តូ បាន​លេស​ដើម្បី​ដាក់​កងទ័ព ធ្វើ​សមយុទ្ធ​យោធា​បន្តបន្ទាប់​គ្នា ហើយ​អ្វីដែល​រុស្ស៊ី​ចាត់ទុកជា​គ្រោះថ្នាក់​នោះ គឺ​គម្រោង​ដាក់អាវុធ​ធុន​ធ្ងន់ និង​ការតំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត និង​បាល់​ទិ​ក។ រដ្ឋបាល់​ទិ​ក​មួយចំនួន​កំពុងតែ​ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ការពារ​ខ្លួន ដោយ​ពង្រាយ​ទ័ព និង​អាវុធ ព្រោះ​ពួកគេ​ភ័យ​ថា មិនយូរ​មិនឆាប់​រុស្ស៊ី​នឹង​វាតទី​ដល់​ដី​ពួកគេ​ដូចគ្នា។

ជុំវិញ​រឿង​ពង្រាយ​ទ័ព​និង​អាវុធ​ទៅ​អឺរ៉ុប​របស់​អាមេរិក ប្រហែលជា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ កន្លងមក​អ្នកនយោបាយ​អាមេរិក​នៅ​បន្ត​ខ្វែងគំនិត​គ្នា​ជុំវិញ​វិធាន​ការដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​ដាក់​គំនៀប​លើ​រុស្ស៊ី​ដែល​លូកដៃ​ក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន។ វិធានការ​ក្តៅ ប្រហែលជា​មិនមែនជា​វិធានការ​ចាំបាច់ និង​ត្រឹមត្រូវ​ដែល​អាមេរិក​ត្រូវ​រើស​យកមកប្រើ​ជាមួយ​រុស្ស៊ី​ឡើយ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ដ៏​គ្រោះថ្នាក់​មួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com