ជាតិ
លោក សាយ ឈុំ​ ស្នើ​វៀតណាម​ឲ្យ​ជួយ​បណ្តុះបណ្តាលយុវជន​កម្ពុជា
20, Jun 2015 , 4:46 pm        
រូបភាព
ជំនួប​រវាងលោក សាយ ឈុំ និងលោក Le Thanh Hai នៅវិមានព្រឹទ្ធសភា។ រូបថត cpp.org.kh
ជំនួប​រវាងលោក សាយ ឈុំ និងលោក Le Thanh Hai នៅវិមានព្រឹទ្ធសភា។ រូបថត cpp.org.kh
ដោយ: ថ្មីៗ
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​បានស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​បណ្តុះបណ្តាល យុវជន​កម្ពុជា​លើ​ជំនាញ​គ្រប់គ្រង​សេដ្ឋកិច្ច និង​នយោបាយ ខណៈ​កម្ពុជា​កំពុង​ត្រូវ​ការបង្កើន​ធនធានមនុស្ស ។ ការស្នើ​របស់លោក សាយ ឈុំ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឡេ ថា​ញ់​ហាយ (Le Thanh Hai) អគ្គលេខា​បក្សកុម្មុយនិស្ត ប្រទេស​វៀតណាម កាល​ពេល​ថ្មី​នេះ​នៅ​វិមាន​ព្រឹទ្ធសភា ។



យោងតាម​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បញ្ជាក់ថា លោក សាយ ឈុំ ជំរុញ​ឲ្យ​ភាគី​វៀតណាម បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ការងារ​បណ្តុះបណ្តាល​នេះ​ដល់​យុវជន កម្ពុជា​បន្ថែមទៀត ព្រោះ​ប្រទេស​វៀតណាម​ជា​ប្រទេស​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច បច្ចេកវិទ្យា ក្នុង​តំបន់​អាស៊ាន ។ យុវជន​កម្ពុជា​កំពុង​ត្រូវការ​បណ្តុះបណ្តាល​លើ​ជំនាញ​គ្រប់គ្រង​សេដ្ឋកិច្ច ពាណិជ្ជកម្ម  និង​នយោបាយ​ពី​គ្រប់​បណ្តា​ប្រទេស ដើម្បី​មក​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន។

ជាការ​ឆ្លើយតប​លោក ឡេ ថា​ញ់​ហាយ អគ្គលេខា​បក្សកុម្មុយនិស្ត​វៀតណាម បញ្ជាក់ថា​លោក​នឹង​ខិតខំ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​នឹង​ផ្តល់ អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម ដូចដែល​ប្រទេស​ទាំងពីរ​ធ្លាប់​អនុវត្តន៍​កន្លងមក ៕



© រក្សាសិទ្ធិដោយ thmeythmey.com