ជាតិ
មន្ត្រីជាន់ខ្ពស់​CPP ជាច្រើន joined Telegram នៅ​ថ្ងៃ​សៅរ៍​នេះ
20, Jun 2015 , 8:23 pm        
រូបភាព
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន នៅតែ​បន្ត​និយាយ​អំពី​វិស័យ​បច្ចេកវិទ្យា​នៅ​ចំពោះមុខ​មន្ត្រី​របស់ខ្លួន។ ក្រៅពី​ផ្តល់​ដំបូន្មាន​ដល់​សមាជិក​អំពី​ការងារ​របស់​បក្ស​នោះ នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​នៅ​ថ្ងៃ​សៅរ៍​ទី២០មិថុនា​នេះ លោក ហ៊ុន សែន ក៏​និយាយ​អំពី​បណ្តាញ​សង្គម telegram  ដែរ។ នេះ​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គណបក្ស​មួយចំនួន។


 
នៅ​ថ្ងៃ​សៅរ៍​នេះ ក្រុមហ៊ុន Telegram បានទទួល​អតិថិជន (user) ថ្មី​ជាច្រើន​នាក់ ដែលជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ប្រទេស​កម្ពុជា។ សមាជិក​ជាច្រើន​ដែល​រួមមាន ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំនគរបាល និង​​កងទ័ព​ផង បាន​ដំឡើង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ឈ្មោះ Telegram នៅក្នុង​ទូរ​សព្ទ​ដៃ​ឆ្លាត (smartphone) របស់ខ្លួន។
 
វត្តមាន​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​មន្ត្រីជាន់ខ្ពស់ បន្ថែមទៀត​នៅក្នុង​បណ្តាញ​សង្គម Telegram បានកើត​ឡើង ភ្លាមៗក្រោយពី​លោក ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​បាន​និយាយ​អំពី​បណ្តាញ​សង្គម​មួយ​នេះនៅក្នុង​សន្និបាត។ នេះ​បើតាម​ការ​បង្ហើប​របស់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដែលមាន​វត្ត​មាននៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី៣៨ នៅ​ថ្ងៃទី២០មិថុនា​នេះ។
 
ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​នាយករដ្ឋមន្ត្រី​ផង​នោះ បានលើកឡើង​ច្រើន​អំពី​សារៈប្រយោជន៍​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា។ តាមរយៈ​ប្រសាសន៍​របស់លោក​នៅតាម​វេទិកាសាធារណៈ​នានា គេ​ដឹងថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​កំពុង​ប្រើ​ប្រព័ន្ធ​បណ្តាញ​សង្គម WatsApp ដែល​ធ្វើ​ឲ្យ​គេ​អាច​យល់បាន​ថា មន្ត្រី​ជាច្រើន​ក៏​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះដែរ ដើម្បី​ទាក់ទងគ្នា និង​ចែករម្លែក​ព័ត៌មាន​រវាងគ្នា និងគ្នា។​
 
គួររម្លឹកថា លោក ហ៊ុន សែន ក៏​ធ្លាប់​និយាយ​ដាស់តឿន​សមាជិក​គណបក្ស និង​មន្ត្រី​រដ្ឋាភិបាល​របស់លោក ឲ្យ​ធ្វើខ្លួន​ឲ្យ​ទំនើប​ទៅតាម​ការវិវត្ត​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ។
 
បើ​ទោះ​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​មួយចំនួន ប៉ុន្តែ​រហូតដល់​ពេលនេះ នៅតែ​មិនមាន​ការអះអាង​ផ្លូវការ​នៅឡើយ​ថា គណនី​ហ្វ៊េ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Samdech Hun Sen, Cambodina Prime Minister» ជា​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ឬក៏​មិនមែន​នោះឡើយ។ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​រូបថតព្រឹត្តិការណ៍​​ជាច្រើន​ស្តីពី​ជំនួប​របស់លោកនាយករដ្ឋមន្ត្រី ​ជាមួយ​ប្រតិភូ​បរទេស នៅក្នុង​ទំព័រ​ហ្វ៊េសប៊ុក​នោះ ហើយថា​ព្រឹត្តិការណ៍​ទាំងនោះ សុទ្ធតែ​ជា​ព័ត៌មាន​បច្ចុប្បន្ន​ភាព​ដែល​សារព័ត៌មាន​ក្នុង​ស្រុកជាច្រើន​បាន​ផ្សព្វផ្សាយ​ដែរ៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com