ជាតិ
សង្គមជាតិ
សង្គមអន្តរជាតិ

អ្នកស្រី Sonora Dodd បានបង្កើតទិវាឪពុក ដើម្បីរំលឹកដល់ឪពុករបស់ខ្លួនដែលជាបុរសពោះម៉ាយ និងជាអតីតយុទ្ធជនក្នុងសង្គ្រាមស៊ីវិល គឺលោក William Smart
×![]()
ទិវាឪពុក (Father's Day) ត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ឪពុកគ្រប់រូប ដូចជាដឹងគុណចំពោះម្តាយនៅក្នុងទិវាម្តាយ (Mother's Day) ផងដែរ។ ទិវានេះ មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរនោះឡើយ ប៉ុន្តែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅបណ្តាប្រទេសជាច្រើន។ មិនមានកាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់នោះឡើយ ប៉ុន្តែនៅសហរដ្ឋអាមេរិក និងប្រទេសជាច្រើន គេនិយមប្រារព្ធនៅចំថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនា។
សារព័ត៌មានថ្មីៗ សូមលើកយកប្រវត្តិខ្លះៗ ទាក់ទងនឹងប្រវត្តិនៃទិវាឪពុក ឬទិវាបិតា ជូនមិត្តអ្នកអាន។ អ្នកស្រី Sonora Dodd ដែលមានដើមកំណើតនៅក្រុងវ៉ាស៊ីនតោន ត្រូវបានចាត់ទុកថា ជាស្ថាបនិកនៃទិវានេះ នាឆ្នាំ១៩០៩ ដោយយកគំរូតាមអ្នកស្រី Anna Jarvis ស្ថាបនិកនៃទិវាម្តាយ។ អ្នកស្រី Dodd បានបង្កើត «ទិវាឪពុក» ដើម្បីរំលឹកដល់ឪពុករបស់ខ្លួនដែលជាបុរសពោះម៉ាយ និងជាអតីតយុទ្ធជនក្នុងសង្គ្រាមស៊ីវិល។ អ្នកស្រីយកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩១០ ដែលចំថ្ងៃកំណើតរបស់លោក William Smart ដែលជាឪពុក។
ដូចជាទិវាម្តាយផងដែរ ទិវាឪពុកបានក្លាយជាថ្ងៃសម្រាកដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក ដោយកាលពីឆ្នាំ១៩៦៦ លោកប្រធានាធិបតី Lyndon Johnson បានប្រកាសរើសថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនា ជាទិវា «Father's Day» ហើយលោកប្រធានាធិបតី Richard Nixon ដាក់ទិវានេះចូលទៅក្នុងច្បាប់ជាធរមាន។
ទិវាឪពុកនេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការធ្វើអាជីវកម្មផងដែរ ដោយពលរដ្ឋអាមេរិក និងពលរដ្ឋផ្សេងៗនៅលើពិភពលោក តែងតែចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ដើម្បីទិញអំណោយគួរជាទីគាប់ចិត្តដល់ឪពុកជាទីស្រឡាញ់របស់ខ្លួន។
ផ្កាកូឡាបត្រូវបានចាត់ទុកជាផ្កាផ្លូវការសម្រាប់ទិវានេះ ដោយកូឡាបពណ៌ក្រហមសម្រាប់ឪពុកដែលនៅរស់រានមានជីវិត រីឯកូឡាបពណ៌សសម្រាប់ឧទ្ទិសដល់ឪពុកដែលបានលាចាកលោកទៅហើយ។
ក្រៅពីការផ្តល់កាដូ ជាសម្ភារៈ ការរៀបចំពិធីជប់លៀងផ្សេងៗ កូនប្រុសស្រីនៅលោកខាងលិច តែងតែនិយមសរសេរពាក្យពេចន៍ល្អៗដែលទាក់ទងនឹងគុណ រួមទាំងអនុស្សាវរីយ៍ផ្សេងៗជាមួយឪពុក។
បើតាមឯកសារមួយចំនួន ទិវានេះមានកំណើតយូរណាស់មកហើយ និង ត្រូវបានប្រារព្ធភាគច្រើននៅបណ្តាប្រទេសដែលកាន់សាសនាគ្រឹស្តកាតូលិក ពោលគឺចំថ្ងៃទី១៩ ខែមិនា នៃការប្រារព្ធទិវា « St Joseph's Day» ។ ប្រទេសមួយចំនួនបានប្រារព្ធតាមប្រវត្តិរបស់សហរដ្ឋអាមេរិក ប៉ុន្តែជាមួយគ្នានេះផងដែរ ប្រទេសមួយចំនួនទៀត ប្រារព្ធទៅតាមប្រវត្តិ និងពេលវេលាដែលបានកំណត់រៀងៗខ្លួន ៕
© រក្សាសិទ្ធិដោយ thmeythmey.com