ជាតិ
ពីនេះ ពីនោះ
ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច តើ​ពិតជាអ៊ី​ចឹ​ង​ឬ?
28, Sep 2021 , 7:59 am        
រូបភាព
ពាក្យ​ថា «បុណ្យ» មាន​តែមួយ​ម៉ាត់ និង​មួយ​ព្យាង្គ​តែប៉ុណ្ណោះ តែ​មនុស្ស​មិនតិច​ទេ ដែល​មិនទាន់​យល់ច្បាស់ ឬក៏​អាច​យល់​ខុស​ទៀតផង​ពីស​ភាវ​បុណ្យ​នេះ។ មនុស្ស​ភាគច្រើន​គិតថា ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច។ ការធ្វើ​បុណ្យ​ច្រើន ឬ​តិច​នេះ ពួកគេ​សំដៅ​ដល់​សកម្មភាព​ខាងក្រៅ​នៃ​ការលះបង់​ទ្រព្យសម្បត្តិ​ក្នុងការ​ធ្វើបុណ្យផ្សេងៗ ។ ត្រង់ចំណុច​នេះ ពួកគេ​ក៏​សន្មត​ថា ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច ដែល​ក្លាយទៅជា​វប្បធម៌​នៃ​ការគិត​ក្នុងសង្គម​ខ្មែរ​ទៅហើយ។ តើ​រឿងនេះ​ពិតជាអ៊ី​ចឹ​ង​ឬ ដែលថា​ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច?



បុណ្យ គឺជា​ធម្មជាតិ​ដែល​ញ៉ាំង​ចិត្ត និង​បេះដូង​របស់​អ្នក​ឲ្យ​សប្បាយរីករាយ ឲ្យ​ស្អាត​ផូរផង់ និង​ជ្រះស្រឡះ​ក្នុង​ការលះបង់​អ្វីមួយ​ដើម្បី​ជា​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​អ្នកដទៃ។ បុណ្យ សំដៅ​ដល់​ទឹកចិត្ត ដែល​ស្អាត​បរិសុទ្ធ សោមនស្ស​រីករាយ មិន​ក្តៅ​ក្រហល់ក្រហាយ មិន​រវើរវាយ​ចិត្ត មិន​សោកស្តាយ​ពេល​ខ្លួន​បាន​បរិច្ចាគ​សេចក្តីសុខ និង​ទ្រព្យ​របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ និង​ជ្រោមជ្រែង​អ្នកផង​ទាំងពួង។ 

ការធ្វើ​បុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ឬ​ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​កា​របះ​បង់ទ្រព្យ​សម្បត្តិ​ខាងក្រៅ​ច្រើន​ឬ​តិច​ប៉ុនណា​នោះទេ តែ​អាស្រ័យ​លើ​ចេតនា និង​ទឹក​ចិ​ន្ត​ដ៏​បរិសុទ្ធ​របស់​អ្នក។

ការពិត! បុណ្យ​មិនអាច​វាស់​ស្ទង់​ទៅលើ​សកម្មភាព​ខាងក្រៅ​បានទេ ព្រោះ​វា​ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​យើង​មើលមិនឃើញ។ ការធ្វើ​បុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច អ្នកដទៃ​មិនអាច​ដឹង​បានទេ មានតែ​យើង​ខ្លួនឯង​ទេ ដែល​អាច​ដឹង​ពិតប្រាកដ។ អ្នក​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យធំៗ អស់​លុយ​រាប់ម៉ឺន​ដុល្លារ តែ​ការលះបង់​នោះ​គ្រាន់តែ​ដើម្បី​ឲ្យ​គេ​សរសើរ ចង់បាន​កិត្តិយស​មុខ​ម៉ាត់ បុណ្យ​ប្រាកដជា​រលាយ​ហើយ។ តែ​ផ្ទុយទៅវិញ  បាយ​មួយ​វែក ទឹក​មួយ​កែវ លះបង់​ធ្វើជា​ទាន ប្រកបដោយ​ចិត្តសប្បុរស ពោរពេញ​ទៅដោយ​មេត្តា ចង់​ឲ្យ​អ្នកដទៃ​បាន​ឆ្អែត នោះ​ហើយ​គឺជា​បុណ្យ ជា​បុណ្យ​មិនអាច​រាប់​អស់​ទៀតផង។

បើ​មិនមាន​ចេតនា មិន​សប្បាយរីករាយ មិន​ពេញចិត្ត​ក្នុង​អ្វីដែល​ខ្លួន​លះបង់​ទេ ទោះបីជា​យើង​កំពុងតែ​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​បុណ្យផ្សេងៗទៀត​ក្តី ដោយ​ចំណាយ​ថវិកា​អស់​រាប់ម៉ឺន​ដុល្លារ​ក៏ដោយ ក៏​មិនមាន​ឈ្មោះថា ជា​អ្នក​ធ្វើបុណ្យ​ដែរ។ ពេលនោះ​ការធ្វើ​បុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន នឹង​ក្លាយ​ជាការ​បះ​បង់​ច្រើន ខាតបង់​ច្រើន​ជាមិនខាន។

ហេតុ​ដូច្នេះហើយ គ្រប់​ពេលដែល​អ្នកធ្វើ​បុណ្យ​សាង​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏ដោយ ត្រូវតែ​ធ្វើ​ចិត្ត​អោយបាន​សប្បាយ រីករាយ​ជ្រះថ្លា និង​ប្រកបដោយ​បញ្ញា។ ប្រសិនបើ​អ្នកមាន​សេចក្តី​ជ្រះថ្លា រីករាយ ពេញចិត្ត​ហើយ សូម្បីតែ​ធ្វើបុណ្យ ដោយ​ការលះបង់​ទ្រព្យ​តិចតួច​ក៏ដោយ ក៏បាន​អានិសង្ស​ច្រើន​ដែរ ទៅតាម​ចិត្ត​ចេតនា ដែល​ជ្រះថ្លា​ពេញចិត្ត​នោះឯង។
ចេតនា គឺ​សំដៅ​ដល់ សេចក្តី​ជ្រះថ្លា សេចក្តី​សប្បាយរីករាយ ពេញចិត្ត​ក្នុង​ទង្វើ​ល្អ និង​អំពើ​បុណ្យ​ដែល​ធ្វើ​ដោយ​ឥត​សៅហ្មង។ ចេតនា​ដែលនាំឱ្យ​សម្រេច បាន​បុណ្យ​កុសល​មាន​បី​គឺ៖

• ចេតនា​មុន​ធ្វើ    : ការតាំង​ចិត្ត និង​រៀបចំ​ទុកជាមុន ដោយ​ចិត្ត​ជ្រះថ្លា និង
                                      សប្បាយរីករាយ​ក្នុងការ​ធ្វើបុណ្យ។

• ចេតនា​កំពុង​ធ្វើ        : សេចក្តីសោមនស្ស នឹង​សកម្មភាព​របស់ខ្លួន ដែល​កំពុង
  ខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែង​ដោយ​ចិត្ត​ជ្រះថ្លា​ក្នុងការ​បំពេញ 
  បុណ្យ​កុសល។

• ចេតនា​ក្រោយ​ពេលធ្វើ    : ពេលដែល​បាន​បំពេញ​កុសល​រួច ខ្លួន​ក៏មាន​សេចក្តីសុខ
      និង​រីករាយ ពេញចិត្ត​ចំពោះ​ការលះបង់​របស់ខ្លួន​ក្នុង​ការជួយ
      អ្នកដទៃ ដោយ​មិនមាន​ការក្តៅក្រហាយ ស្តាយក្រោយ​អ្វី   
         ឡើយ។

ដូច្នេះ ធ្វើបុណ្យ​ច្រើន ពិតជា​បាន​បុណ្យ​ច្រើន ប្រសិនបើ​ការលះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​ទាន រក្សាសីល ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ គ្មាន​សេចក្តី​សៅហ្មង​ក្នុង​ការលះបង់​នោះ។ តែ​ផ្ទុយទៅវិញ ធ្វើបុណ្យ​ច្រើន មិន​ប្រក​ដ​ថា​បាន​បុណ្យ​ច្រើន​ទេ ប្រសិនបើ​ការលះបង់​របស់​អ្នក មិន​ប្រកបដោយ​បញ្ញា ការលះបង់​មិនមាន​សទ្ធា លះបង់​ដើម្បី​ស​ម្ងែ​ង បង្អួត​ញាតិ ចង់បាន​កិត្តិយស ខ្លាច​គេ​ថា​អន់។

ពេល​អ្នក​ញញឹម ដោយ​គ្រាន់តែ​គិតថា​ជួយ​អ្នកដទៃ ពេល​អ្នក​ញញឹម ពេល​កំពុង​ជួយ​អ្នកដទៃ ពេល​អ្នក​ញញឹម ពេល​បាន​ជួយ​អ្នកដទៃ នោះ​ហើយ​គឺជា​បុណ្យ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com