ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ៅ ពិសេស៖ខ្ញុំ​ហ៊ាន​បបួល​លោក ហ៊ុន សែន ស្បថ រឿង​អ្វី​ខ្លាច​ក្រុម​ស្បថ​ជំនួស
21, Jun 2015 , 4:30 pm        
រូបភាព
លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា មិន​ចាប់អារម្មណ៍​នឹង​ការ​បបួល​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ​របស់​ក្រុមនិស្សិត​ក្មេង​វត្ត និង​ក្រុម​សម្ព័ន្ធ​សេនា​នាគ ដែលមាន​និន្នាការ​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ លោក​ថា ក្រុមនិស្សិត​ទាំងនេះ គ្រាន់តែ​ចង់បង្ហាញ​ពី​ឆន្ទៈ​គាំទ្រ​រដ្ឋាភិបាល ដើម្បី​តម្លៃ​តួនាទី នៅក្នុង​ក្រុមយុវជន​គណបក្សកាន់អំណាច​ប៉ុណ្ណោះ។ ការឆ្លើយតប​របស់លោក ម៉ៅ ពិសេស បែបនេះ​ធ្វើឡើង​ក្រោយពី​ក្រុមនិស្សិត​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន ថា​រូបលោក​ជា​មនុស្ស​និយាយ​បោកប្រាស់ មិន​ហ៊ាន​ទៅ​ស្បថ​ជាមួយ​ពួកគេ​នៅមុខ​ព្រះអង្គ​ដង​កើ។



«ពួកគាត់​ទាំងនោះ​ដូច​ក្មេង ចរិត​ដូច​ក្មេង​ហ្នឹង។ខ្ញុំ​មិន​ចាប់​អារម្មណ៍នឹង​ការ​បបួល​ខ្ញុំ​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ​នោះទេ។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​កំពុង​ឆ្លើយតប​នឹង​ក្រុមនិស្សិត​បញ្ញវន្ត​ដែល​សុំចូល​ខ្លួន​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ​ជំនួស​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក​លោក ម៉ៅ ពិសេស ។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ដែលមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​រូបនេះ ទទួលស្គាល់ថា រូបលោក​ពិតជា​បានទទួល​លិខិត​បបួល​ស្បថ​ពី​ក្រុមនិស្សិត​សម្ព័ន្ធ​សេនា​នាគ​ពិតមែន។ តែ​លិខិត​នោះ​គឺ​មិន​ត្រឹមត្រូវ​ពោលគឺ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​កំណត់​ស្បថ​នៅ​ព្រះអង្គ​ដង​កើ​ឡើយ ដូច្នេះ​លោក​មិន​បានដឹង​ច្បាស់​ពី​ពេលវេលា​នៃ​ការស្បថ​នោះទេ។

លោក ម៉ៅ ពិសេស អះអាងថា លោក​មិន​ខ្លាច​នឹង​ប្រឈមមុខ​ស្បថ​តទល់​ជាមួយ​ក្រុមនិស្សិត​ទាំង​នោះឡើយ។ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​រូបនេះ បាន​ឆ្លើយតប​នឹង​ក្រុមនិស្សិត​គាំទ្រ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ថា៖«បើ​ពួកគាត់​ដាក់​លិខិត​មក​បបួល​ខ្ញុំ​ស្បថ​ម្ដងទៀត​ឲ្យ​បាន​ត្រឹមត្រូវ ខ្ញុំ​នឹង​ពិចារណា​ស្បថ​ជាមួយ​ពួកគាត់។ខ្ញុំ​មិន​ខ្លាច​ពួកគាត់​នោះទេ។ខ្ញុំ​ហ៊ាន​បបួល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្បថ រឿង​អ្វី​ខ្ញុំ​ទៅ​ខ្លាច​ពួកគាត់ ។ ពួកគាត់​គ្រាន់តែ​សម្ដែង​កេងចំណេញ​ក្រេ​ឌី​ត នៅក្នុង​ជួរ​គណបក្ស​ខ្លួន​ប៉ុណ្ណោះ»។

កន្លងមក​លោក ម៉ៅ ពិសេស ដែលជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បានប្រកាស​ចេញមុខ​ស្បថ​តទល់​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅមុខ​ព្រះអង្គ​ដង​កើ កាលពី​ថ្ងៃទី៩មិថុនា។

លិខិត​លោក ម៉ៅ ពិសេស​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ បានសរសេរថា៖«ខ្ញុំ​សូម​ចេញមុខ​ចូលរួម​ស្បថ​តទល់​ជាមួយ​សម្តេច​នៅមុខ​ព្រះអង្គ​ដង​កើ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​សម្តេច និង​គណបក្ស​ប្រជាជន​ចំពោះ​ការចោទប្រកាន់ថា​គណបក្ស​ប្រជាជន បាន​លួច​បន្លំ​លទ្ធផល​បោះឆ្នោត​កាលពីពេល​បោះឆ្នោត​ឆ្នាំ២០១៣កន្លងមក»។ លិខិត​ដដែល​បន្តថា៖«ប្រសិនបើ​សម្តេច​មិន​ហ៊ាន​ចូល​ស្បថ​ជាមួយ​ខ្ញុំ​នោះទេ បញ្ជាក់ថា​សម្តេច​បាន​ចាញ់ឆ្នោត​កាលពី​ឆ្នាំ២០១៣ ពិតប្រាកដ​មែន ហើយ​គណ​ប្រជាជន​ទទួលបាន៦៨អាសនៈ គឺ​បានមកពី​ការលួចបន្លំ»។

នៅ​ព្រឹក​ថ្ងៃទី២១មិថុនា​នេះ ក្រុមនិស្សិត​ក្មេង​វត្ត ក្រុម​សម្ព័ន្ធ​សេនា​នាគ និង​ក្រុម​ឆន្ទៈ​យុវជន​ឆ្លងដែន​ជាច្រើន​នាក់ ដែលមាន​និន្នាការ​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា បាននាំគ្នា​មក​មុខ​ព្រះអង្គ​ដង​កើ ដើម្បី​ស្បថ​ជាមួយ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។ ប៉ុន្ដែ​ការស្បថ​នេះ មិនបាន​ប្រព្រឹត្ត​ដូច​ការគ្រោងទុក​នោះទេ ដោយសារតែ​ភាគី​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក ម៉ៅ ពិសេស មិនមាន​វត្តមាន​នៅមុខ​ព្រះអង្គ​ដង​កើ​នោះឡើយ។

តំណាង​បញ្ញវន្ដ​និស្សិត​ក្មេង​វត្ត​លោក ចៅ សម្បត្តិ ដែល​សុំចូល​ខ្លួន​ស្បថ​តទល់​ជាមួយ​លោក ម៉ៅ ពិសេស ជំនួស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​លោក ម៉ៅ ពិសេស​វិញ​ថា «ជា​មនុស្ស​ប្រជា​ភិ​ថុ​ត​ប្រជាពលរដ្ឋ ចេះតែ​និយាយ​ប្រោក​ប្រាស់ មិន​ពិត។ ចេះតែ​និយាយ​តែ​មិន​ធ្វើ»។

គួរ​បញ្ជាក់ថា ល្បែង​បបួលគ្នា​ស្បថ​រវាង​ក្រុមនិស្សិត​បញ្ញវន្ត ដែលមាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង និង​ម្ខាង​ទៀត​មាន​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច​នាពេលនេះ គឺធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​បបួល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូរ​សន្ទនា​ជាមួយ​លោក ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ តាមរយៈ​វប្បធម៌​សន្ទនា ដែល​លោក សម រង្ស៊ី តែងតែ​ចោទ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា បាន​លួច​សន្លឹកឆ្នោត​កាលពី​ឆ្នាំ២០១៣កន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com